ដោយ វុត្ថា
ភ្នំពេញ៖ សំណង់អគារពាណិជ្ជកម្មរបស់ចិនចំនួន១៤គម្រោង នៅក្នុងក្រុងព្រះសីហនុ នឹងត្រូវាយកម្ទេចចោល ដើម្បីបង្ការនិងការពារហានិភ័យ ដែលកើតឡើងជាយថាហេតុ ក្រោយពីគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់របស់ រដ្ឋាភិបាលកម្ពុជាបានរកឃើញថា គ្មានច្បាប់ត្រឹមត្រូវ និងខុសលក្ខណៈបច្ចេកទេស។
លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្ដព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ នេះថា ជាផ្លូវការមកដល់ពេលនេះ មានសំណង់អគារពាណិជ្ជកម្មចំនួន១៤ត្រូវបានផ្អាកការសាងសង់ និង ត្រូវវាយកម្ទេចចោលដោយសារតែសំណង់អគារនេះ គឺខុសលក្ខណៈបច្ចេកទេស និងមិនអាចកែសម្រួលបាន។
-->
លោកបន្តថា “កន្លងមកនេះអាជ្ញាធរពាក់ព័ន្ធ បានជូនដំណឹងទៅដល់ម្ចាស់សំណង់អគារទាំងនេះ រួចហើយ និងបានហៅពួកគាត់មកជួបពិភាក្សា២ដងរួចមហើយដែរ ដើម្បីឱ្យវាយកម្ទេចចោល ក្នុងការបញ្ជៀសហានីភ័យដែលកើតឡើងជាយថាហេតុណាមួយ”។
លោកបន្ថែមថា ក្រុមការងាររបស់ក្រសួងរៀបចំដែនដី បាននឹងកំពុងធ្វើការសិក្សាលើអគារផ្សេងៗទៀត ដើម្បីស្វែងរកឱ្យឃើញនូវអគារដែលមានបញ្ហា និងមិនស្របតាមស្តង់ដារ និងបច្ចេកទេសតម្រូវ ហើយមដល់ពេលនេះ ក្រុមការងាររបស់ក្រសួងបានពិនិត្យចំពោះអាគារបានជាង៥០០សំណង់អគារ នៅក្នុងក្រុងព្រះសីនុនេះ។
លោកឃាង ភារម្យបានបញ្ជាក់ទៀតថា ចំពោះអគារដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងគោរពបាននូវស្តងដារបច្ចេកទេស ដែលកំណង់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺនៅតែដំណើរការសាងសង់ជាធម្មតា។ រីឯសំណង់អគារណាមួយមិនទាន់មានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ ក្រុមការងារបានផ្អាកជាបណ្តោះអាសន្ន ដើម្បីឱ្យម្ចាស់សំណង់អគារទាំងនោះ ទៅសុំច្បាប់សាងសង់ឱ្យបានត្រឹមត្រូវ។
អ្នកនាំពាក្យរូបនេះបន្ថែមថា នៅពេលម្ចាស់សំណង់អគារទាំង១៤នេះ វាយកម្ទេចចោយរួចហើយ អាចស្នើសុំច្បាប់សាងសង់ជាថ្មីឡើងវិញ ដោយក្នុងនោះក្រសួង ក៏ដូចជា រដ្ឋបាលខេត្តនឹងជួយសម្របសម្រួលបន្ថែម ដើម្បីជំរុញឱ្យនិតិវិធីមានការចេញច្បាប់នេះ ឱ្យបានលឿន និងពិនិត្យលើបច្ចេកទេស និងគំរូប្លង់ផ្សេងៗ ដើម្បីធានាឱ្យបាននូវការសាងសង់ជាលើកទី២នេះពុំមានបញ្ហា។
លោកបន្តថា “សំណង់អគារពាណិជ្ជកម្មទាំង១៤នេះ ភាគច្រើនមានម្ចាស់ជាជនជាតិចិន និងម្ចាស់ដីជួលជាជនខ្មែរ ហើយមានសំណង់មួយចំនួនត្រូវបាន នឹងកំពុងវាយកម្ទេច និងមួយចំនួនទៀតត្រៀមនឹងវាយកម្ទេច តាមការសេចក្តីជូនដំណឹងរបស់សាលាខេត្ត ព្រោះជាដាច់ខាតមិនអាចទុកបានទេ ដើម្បីបញ្ជៀសហានីភ័យផ្សេងៗ”។
អភិបាលខេត្តព្រះសីនុ លោកគួច ចំរើននៅក្នុងប្រជុំផ្សព្វផ្សាយស្តីពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់កាលពីកន្លងមកនេះថា ក្រុមការងារបានរកឃើញនូវចំណុចខ្វះខាត ត្រូវរុះរើសំណង់ចេញ ហើយក៏មានការសោកស្តាយផងដែរ ព្រោះនេះជាកំហុសឆ្គងរបស់អ្នកម៉ៅការសាងសង់ខ្វះគុណភាព មានហានិភ័យខ្ពស់ មិនអាចឱ្យសាងសង់បន្តទៀតបាន។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀងចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីកន្លងទៅនេះ បានបង្កើតក្រុមការងារបច្ចេកទេស ដើម្បីចុះត្រួតពិនិតការដ្ឋានសំណង់នៅទូទំាងប្រទេសកម្ពុជា ជាពិសេសសំណង់នៅក្នុងខេត្តព្រះសីហនុដែលជាខេត្តមានសំណង់អគាររីកលូតលាស់ច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នំាកន្លងមកនេះ សំដៅដល់ការគ្រប់គ្រងសំណង់ឱ្យមានគុណភាព សុវត្ថិភាព និងស្តង់ដារអន្តរជាតិ៕