ប្លង់​គោល​អភិវឌ្ឍ​ស្រុក​អង្គស្នួល​ត្រូវ​បាន​រៀបចំ​យ៉ាង​ពិសេស​ ដើម្បី​ឆ្លើយតប​តាម​ល្បឿន​នៃ​ការ​រីកចម្រើន

0

ដោយៈ​ រ៉ា​ណេត

កណ្តា​លៈ​ មន្រ្តី​ជំនាញ​ផ្នែក​ដែនដី​ និង​នគរូបនីយកម្ម​បាន​រៀបចំ​ប្លង់​គោល​យ៉ាង​ពិសេស​ សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ក៏ដូចជា​អភិវឌ្ឍ​នៅ​ទូទាំង​ស្រុក​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​ប្រជាសាស្ត្រ​ ការ​ប្រមូល​ផ្តុំ​ដោយ​វិស័យ​រោងចក្រ​ សហគ្រាស​ និង​វិស័យ​សំណង់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។

ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​លោក​ លី​ វឌ្ឍនា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ ថា​ ដើម្បី​អនុវត្ត​ប្លង់​គោល​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ពេលនេះ​ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ស្រុក​ និង​មូលដ្ឋាន​កំពុងតែ​ធ្វើការ​ផ្ទៀងផ្ទាត់​លម្អិត​ ដើម្បី​កែសម្រួល​ផែនទី​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ សម្រាប់​ពេល​អនាគត​ភ្ជាប់នឹង​ការចុះបញ្ជី​មុន​ពេល​ដាក់​សំ​ណើរ​ទៅ​ថ្នាក់​ខេត្ត​។

លោក​បាន​បន្ត​ទៀត​ថា​ “ការរៀបចំ​ទៅតាម​ប្លង់​គោល​នេះ​ គឺ​មាន​ល្អ​ប្រសើរ​ទាំង​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ប៉ុន្តែ​នៅក្នុង​នោះ​ក៏​មាន​ភាព​ប្រឈម​ នឹង​ការ​តវ៉ា​ពីសំណាក់​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ផង​ដែរ​ ទោះជាយ៉ាងណា​ ក្នុងនាម​រដ្ឋបាល​ និង​ការិយាល័យ​ស្រុក​ ដែល​ជា​សេ​នា​ធិ​កា​ឱ្យ​ថ្នាក់​ខេត្ត​ នឹង​ព្យាយាម​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ច្បាស់លាស់​”។

លោក​បន្ត​ថា​ “នៅក្នុង​គម្រោង​អភិវឌ្ឍ​មូលដ្ឋាន​នៃ​ស្រុក​អង្គស្នួល​ រួមមាន​ដូចជា​ការ​ជួសជុល​ និង​កែ​លម្អ​ផ្លូវជាតិ​ ការស្ថាបនា​ផ្លូវ​នៅក្នុង​ឃុំ​នី​មួយ​ៗឱ្យ​មាន​ភាពល្អ​ប្រសើរ​ ដូចជា​ផ្លូវលំ​ឃុំ​ ផ្លូវលំ​ភូមិ​ជាដើម​ និង​មានការ​រំដោះ​ប្រឡាយ​ជាដើម​”។ លោក​បន្ត​ថា​ មុន​ពេល​អនុវត្ត​ផែនការ​តាម​ប្លង់​មេនេះ​បាន​ ក៏​ត្រូវ​មានការ​បង្ហាញ​ និង​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ ឱ្យ​បាន​យល់ដឹង​ពី​ច្បាប់​ភូមិបាល​ជាមុន​ផង​ដែរ​។

លោក​បណ្ឌិត​ វ៉ាន់​ វ៉ា​ត អនុប្រធាន​មន្ទីរ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្តកណ្តាល​ ដែល​ជា​អ្នកដឹកនាំ​ក្រុមការងារ​រៀបចំ​ប្លង់​គោល​ទូទាំង​ក្រុង​ និង​ស្រុក​នានា​ក្នុង​ខេត្តកណ្តាល​បាន​មានប្រសាសន៍​ ថា​ការអនុវត្ត​តាម​ប្លង់​គោល​ដែល​បាន​ដាក់ចេញ​ដោយ​មន្ទីរ​ ក្រសួង​ គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការបែងចែក​នូវ​ទីតាំង​ តំបន់​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ជាអាទិភាព​។

លោក​បន្ត​ទៀត​ថា​ នៅក្នុង​ប្លង់​គោល​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់លាស់​នូវ​ព្រំប្រទល់​ស្រុក​ ឃុំ​ និង​ភូមិ​ ដែល​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ដីធ្លី​នៅ​ថ្នាក់​មូលដ្ឋាន​ ដើម្បី​ជំរុញ​ដល់​ការ​កាន់កាប់​ដី​ឱ្យ​មានប្រសិទ្ធភាព​ និង​ស្របច្បាប់​។ តាមរយៈ​ប្លង់​គោល​នេះ​ ក៏បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ អាច​គ្រប់គ្រង​បាន​លើ​ស្ថិតិ​ដីធ្លី​ និង​ការ​កាន់កាប់​ដី​តាម​បែប​ប្រជាសាស្ត្រ​ រួម​ជាមួយ​ការកាត់បន្ថយ​ទំនាស់​ព្រំប្រទល់​ដីធ្លី​ ពិសេស​ការធានា​នូវ​តម្លាភាព​កាន់កាប់​ដីធ្លី​កម្មសិទ្ធិ​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រោម​ការដឹកនាំ​ និង​ចង្អុលបង្ហាញ​ពីសំណាក់​ ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រោម​ការ​គាំទ្រ​ពី​ឯកឧត្តម​ ម៉ៅ​ ភា​រុ​ណ អភិបាល​នៃ​គណ​អភិបាលខេត្ត​កណ្តាល​ នៅពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​ ស្រុក​អង្គស្នួល​ នឹង​ប្រែក្លាយ​ពី​តំបន់កសិកម្ម​ទៅជា​តំបន់ឧស្សាហកម្ម​ រោងចក្រ​ សហគ្រាស​ និង​លំនៅ​ដ្ឋាន​យ៉ាង​ប្រាកដ​ ខណៈ​ដែល​ឥទ្ធិពល​វិជ្ជមាន​ពី​រាជធានី​ភ្នំពេញ​ និង​ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​ បាន​រុ​ណច្រាន​មកកាន់​ស្រុក​អង្គស្នួល​ផង​ដែរ​”។

លោក​បន្ត​ទៀត​ថា​ “អ្វី​ដែល​ជំរុញ​ឱ្យ​ស្រុក​អង្គស្នួល​បាន​ភាព​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​ ក្រៅពី​មាន​ភាព​អំណោយផល​ពី​កក្តា​ភូមិសាស្ត្រ​ ថែម​មាន​ទាំង​បណ្តាញ​ផ្លូវ​សេដ្ឋកិច្ច​សំខាន់​របស់​ជាតិ​ជាច្រើន​ឆ្លងកាត់​ ជាពិសេស​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ ដែល​រដ្ឋាភិបាល​កំពុងតែ​ជំរុញ​ល្បឿន​ក្នុង​ការសាងសង់​ដើម្បី​បញ្ចប់​តាម​គម្រោង​ដែល​បាន​កំណត់​”។

បច្ចុប្បន្ន​នេះ​ នៅក្នុង​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មាន​ឃុំ​ចំនួន១០​ និង២០០ភូមិ​ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង៨ម៉ឺន​នាក់​។ នៅក្នុង​ស្រុក​មួយ​នេះ​មាន​រោងចក្រ​ សហគ្រាស​ខ្នាត​ មធ្យម​ និង​ខ្នាត​ធំ​ ដែល​កំពុង​ដំណើរការ​មាន​សរុប​ចំនួន៧៧​ និង​មាន​បុរី​លំនៅ​ដ្ឋាន​ចំនួន២ទីតាំង​ ស្ថិតនៅ​ក្នុង​ឃុំ​បែកចាន​ ហើយ​ក្រៅពី​នេះ​មាន​គម្រោង​អភិវឌ្ឍ​ដោយ​ វិនិយោគ​លើ​ការ​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​ទីតាំង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here