ក្រុម​អ្នកជំនាញ​ថា​ ស្ថានភាព​ដីធ្លី​ និង​ផ្ទះសំបែង​នៅ​បន្ត​មាន​ស្ថេរ​ភាព​រហូត​ពី៣ទៅ៥ឆ្នាំខាងមុខ​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុម​អ្នកជំនាញ​វាយតម្លៃ​អចលនវត្ថុ​បាន​និយាយ​ថា​ ស្ថានភាព​ដីធ្លី​ និង​ផ្ទះសំបែង​នៅ​បន្ត​មាន​ស្ថេរ​ភាព​រហូត​ពី៣ទៅ៥ឆ្នាំខាងមុខ​ ដោយ​ក្នុង​នោះ​ខេត្ត​ក្រុង​ចំនួន៥​ ដែល​ដីធ្លី​នៅតែ​បន្ត​មាន​ចរន្ត​គឺ​ ភ្នំពេញ​ ព្រះសីហនុ​ កំពត​ សៀមរាប​ និង​កោះកុង​។

លោ​កពុយ​ គា​ អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា​ បាន​លើកឡើង​ដោយ​ដក​ស្រង​សំដី​របស់​ក្រុម​អ្នកជំនាញ​នៅក្នុង​កម្មវិធី​ កិច្ចពិភាក្សា​សារព័ត៌មាន​ស្ថានភាព​ អចលនវត្ថុ​នៅ​កម្ពុជា​ ក្នុង​ពេល​បច្ចុប្បន្ន​ និង​នៅ​ថ្ងៃ​អនាគតកាល​ពី​ថ្ងៃទី​ ១៩​ ខែកញ្ញា​ ម្សិលមិញ​នេះ​ថា​ ៥ឆ្នាំទៅ​មុខ​ទៀត​ នៅក្នុង​ក្រុងភ្នំពេញ​នឹង​មិន​មាន​ដី​សម្រាប់​សាងសង់​ជា​បុរី​ទៀត​ឡើយ​ ហើយ​វា​នឹង​ជំនួស​ដោយ​ខុន​ដូ​ខ្ពស់​ៗ។

លោក​បន្ត​ថា​ ដោយឡែក​ក្រុមហ៊ុន​ផ្ទះល្វែង​នឹង​រត់​ទៅ​សាងសង់​ផ្ទះសំបែង​នៅ​ចំងាយ​យ៉ាងតិច​ក៏២០គីឡូម៉ែត្រ​ពី​ចំណុច​កណ្តាល​នៃ​ទីក្រុង​ភ្នំពេញ​។ ដោយឡែក​តំបន់​ស្ពាន​ព្រែកតាមាក់​ (ផ្លូវជាតិ​លេខ៦​) នឹង​មានសន្ទុះ​នៅពេល​ខាងមុខ​។

ដីធ្លី​នៅ​ខេត្តសៀមរាប​ក៏​នឹង​មាន​ភាព​ប្រសើរ​ឡើងវិញ​ជាពិសេស​ភាគ​ខាងកើត​ចន្លោះ​ផ្លូ​វក្យុ​ងយូ​ និង​ផ្លូវជាតិ៦A​ ដោយ​សារតែ​គម្រោង​អភិវឌ្ឍ​និង​ការ​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​ដែល​តម្រូវ​ឱ្យ​មាន​ចរាចរ​មា​មញឹក​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បានឱ្យ​ដឹង​ អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​មាន​ភាព​រឹង​មុំា​ និង​ តម្លៃ​អចលនទ្រព្យ​ជា​រួម​មកដល់ពេលនេះ​ មិនទាន់​មានការ​ធ្លាក់​តម្លៃ​នោះ​ទេ​ ពោល​គឺ​មាន​ស្ថានភាព​នៅតែ​ដដែល​ និង​បន្ត​មានការ​រីក​ចំរើន​មុខ​ថែមទៀត​ ។

លោក​ពន្យល់​ទៀត​ថា​ ដោយសារ​កត្តា​ស្ថេរ​ភាព​នយោបាយ​នៅក្នុង​ប្រទេស​មាន​ស្ថានភាព​ល្អ​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅតែ​រក្សា​បាន​ល្អ​ ព្រមទាំង​មានការ​គាំពារ​ពី​ធនាគារ​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី​ដល់​ពលរដ្ឋ​។លោក​ថា​ “ខ្ញុំ​គិតថា​ រយៈពេល៣​-៥ឆ្នាំខាងមុខ​ទៀត​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នឹង​នៅតែ​បន្ដ​ក្នុង​ភាពរឹងមាំ​ ព្រមទាំង​មានការ​គាំទ្រ​ខ្លាំង​ ពី​វិស័យ​ធនាគារ​ បូករួម​ជាមួយ​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ និង​ការអភិវឌ្ឍន៍​ឥត​ឈប់ឈរ​ កត្តា​សន្ដិ​ភាព​-ស្ថេរ​ភាព​នយោបាយ​ មាន​ភាពល្អ​ប្រសើរ​។

វិនិយោគិន​ជាច្រើន​ជឿជាក់​ លើ​នយោបាយ​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ ព្រោះថា​ បើ​មិន​មាន​ភាព​ជឿជាក់​នោះ​ទេ​ នោះ​វិស័យ​អចលនទ្រព្យ​ នឹង​ដួល​រលំ​ទៅតាម​នេះ​ដែរ​”។

បើ​តាម​លោ​កពុយ​ គា​ ថា​ កម្ពុជា​ព័ត៌មាន​ក្រៅផ្លូវការ​ដែល​មិនទាន់​មាន​តួរ​លេខ​ច្បាស់លាស់​បាន​និយាយ​ថា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​បុរស​បរទេស​ច្រើន​បាន​ចូល​មក​ប្រទេស​កម្ពុ​ជា​ក្មុង​បំណង​ចែចូវ​នារី​ខ្មែរ​ធ្វើជា​ប្រពន្ធ​ដើម្បី​មាន​សិទ្ធិ​ទិញ​ដីធ្លី​ ធ្វើ​ឱ្យ​ហាងឆេង​នារី​ខ្មែរ​កាន់តែ​មានតម្លៃ​ខ្ពស់​ជាង​មុន​។

បុរស​បរទេស​ភាគច្រើន​បាន​និយាយ​ថា​ មិន​សំខាន់​អ្នក​នៅ​លីវ​ឬមេម៉ាយ​ទេ​ ឱ្យ​តែ​ចេះ​ទុកដាក់​ទ្រព្យសម្បត្តិ​ និង​មានគំនិត​នោះ​គ្រប់គ្រាន់​ហើយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here