ដោយ វុត្ថា
ភ្នំពេញ៖ ចាប់តាំងពីដើមឆ្នាំ ២០១៩ រហូតមដល់ពេលនេះ សកម្មភាពនៃការទិញ-លក់អចលនទ្រព្យទាំងនៅកណ្តាលក្រុង និងជាយក្រុងភ្នំពេញនៅតែដំណើរការធម្មតា និងផុសផុលជាងបណ្តាលខេត្ត-ក្រុងនានានៅទូទាំងប្រទេសកម្ពុជា ដោយសារតែកំណើនប្រជាពលរដ្ឋកើនឡើងពីខែទៅមួយខែ។
លោកស្រី តាំងហួរ អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៩ នេះថា ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ គឺមិនមានសកម្មភាពថយចុះនៃការទិញអចលនទ្រព្យទាំងនៅក្នុងកណ្តាលក្រុង និងជាយក្រុង ព្រោះដោយសារតែកំណើនប្រជាពលរដ្ឋកាន់តែច្រើនចូលមករស់នៅក្នុងទីក្រុងភ្នំពេញ។
-->
លោកស្រីពន្យល់ថា ប្រជាពលរដ្ឋដែលមានជីវភាពមធ្យម ឬមានធនធានតិចតួច តែងតែសម្រុកទៅទិញអចលនទ្រព្យ ឬលំនៅឋាននៅតាមជាយក្រុងព្រោះមានតម្លៃទាប ចំណែកអ្នកដែលមានធនធានច្រើន ឬ ជនបរទេសដែលមានលទ្ធភាពតែងតែទិញនៅកណ្តាលក្រុង នេះ គឺជាសត្យានុម័ត។
លោកស្រីបន្ថែមទៀតថា ប្រទេសដែលកំពុងមានការអភិវឌ្ឍតែងតែមានការអភិវឌ្ឍពីកណ្តាលក្រុងចេញទៅក្រៅក្រុង ដូចទៅនឹងបណ្តាប្រទេសផ្សេងៗនៅលើសកលលោក ពោលគឺដូចតែគ្នាទេ។
លោកស្រីបញ្ជាក់ទៀតថា តែសម្រាប់សកម្មភាពនៃការទិញលក់អចលនទ្រព្យនៅក្នុងរដូវភ្លៀងនេះ ហាក់មានសកម្មភាពស្ងាត់បន្តិចតែមិនមានន័យថា ធ្លាក់ចុះនោះទេ ពោលស្ថានភាពអចលនទ្រព្យទាំងនៅក្នុងទីក្រុងភ្នំពេញ និងជាយក្រុងគឺនៅតែមានសក្តានុពលខ្ពស់ដដែលជាងបណ្តាខេត្តក្រុងនានា។
អ្នកជំនាញបានឱ្យដឹងដែរថា ស្ថានភាពអចលនវត្ថុនៅក្នុងប្រទេសកម្ពុជាទាំងនៅក្នុងពេលបច្ចុប្បន្ននេះ និងនាពេលអនាគតនៅតែមានស្ថានភាពល្អប្រសើរ បើទោះបីពិភពលោកមានបញ្ហាសេដ្ឋកិច្ចខ្លះ និងការចាកចេញរបស់ជនជាតិចេញពីប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមកនេះក៏ដោយក្តី។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា ពាក់ព័ន្ធនឹងការទិញដីឡូតិ៍ ទិញបុរី និងទិញអចលនទ្រព្យផ្សេងនៅតែមានសក្តានុពលខ្ពស់ដោយសារមានតម្រូវការកើនឡើង ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជា បើទោះបីមានជនជាតិចិនមួយចំនួនបានចាកចេញពីប្រទេសកម្ពុជា៕