ដោយ វុត្ថា
ភ្នំពេញៈ ក្រុមអ្នកជំនាញបានឱ្យដឹងថា ការរៀបចំប្លង់គោលប្រើប្រាស់ដីរបស់រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា គឺមានភាពងាយស្រួលសម្រាប់អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ។
លោក សន សៀបស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឈ្មោះ Key Real Estate បានឱ្យដឹងតាមរយៈទូរសព្ទនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩ នេះថា កន្លង មានអ្នកវិនិយោគបរទេសទេសជាច្រើន តែងស្វែងរក និងសួររកចំពោះប្លងគោលប្រើប្រាស់ដីរបស់រដ្ឋាភិបាល ពោលគឺនៅពេលដែលពួកគេទិញដី នៅក្នុងទីក្រុងណាមួយអាចយកទៅប្រើប្រាស់អ្វីបាន ឬសាងសង់អគារបានកំពស់ប៉ុន្មានជាន់ជាដើម។
-->
លោកបន្តថា “នៅពេលដែលយើងមិនទាន់មានប្លង់គោលប្រាស់ប្រាស់ដី វាមានផលលំបាករបស់គាត់ក្នុងការទិញដី ឬក៏ត្រូវរៀបចំឯកសារមុនក្នុងការសាងសង់ទៅតាមប្រភេទដែលអាចធ្វើបាន ហើយត្រូវការចំណាយលុយមុន ហើយប្រការនេះ អ្នកវិនិយោគមិនចង់មានការចំណាយច្រើននោះទេ”។
លោកបន្តថា អ្នកវិនិយោគមុននឹងទិញដី តែងតែសួរថាដីនោះអាចធ្វើអ្វីបាន ហើយបានលុយមកវិនិយោគ ហើយអ្វីដែលរដ្ឋាភិបាលកំពុងរៀបចំប្លង់គោលប្រើប្រាស់ដីនេះ គឺជាការល្អប្រើសើបំផុត និងអត្ថប្រយោជន៍ខ្ពស់សម្រាប់អ្នកវិនិយោគ និងអ្នករកស៊ីខាងវិស័យចលនទ្រព្យ ប្រជាពលរដ្ឋធម្មតានិងរដ្ឋាភិបាល ជាពិសេសអាចគ្រប់គ្រងទៅលើតាមតំបន់ ដែលរដ្ឋាភិបាលបានដាក់យុទ្ធសាស្ត្រក្នុងរៀបចំក្រុង និងមានភាពងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផងដែរ។
នាយិការក្រុមហ៊ុន CBRE ប្រចាំនៅក្នុងប្រទេសកម្ពុជា លោកស្រី អាន សុធីតាបានឱ្យបានប្រកាសស្វាគមន៍ចំពោះរដ្ឋាភិបាល ដែលបានរៀបចំឱ្យមានការប្លង់គោលប្រើប្រាស់ដីនៅគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា ព្រោះមានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ក្រុង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលវែងទៅមុខទៀត។
លោកស្រីក៏បានអំពាវផងដែរដល់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិសភាពចំពោះប្លង់គោលប្រើប្រាស់ដីនេះ ដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗ ជាពិសេសលើការរៀបចំនគរូបនីយកម្ម និងសំណង់ក្នុងខេត្តក្រុងនានា។

រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននឹងកំពុងរៀបចំប្លង់គោលប្រើប្រាស់ដី នៅគ្រប់រាជធានីខេត្ត២០៣៥ ក្នុងការទុកជាឯកសារយុទ្ធសាស្ត្រគោល បម្រើឲ្យមហិច្ឆិតារបស់រាជរដ្ឋាភិបាល និងគោលដៅនិងទស្សនវិស័យដល់ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រងតំរង់ទិសការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងព្រំប្រទល់រដ្ឋបាលរាជធានី ខេត្តនិងតំបន់ទីប្រជុំជនពាក់ព័ន្ធទាំងឡាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំណើននៃការវិនិយោគឯកជននិងចំនួនប្រជាជនក្ន តាមរយៈការតម្រង់ទិស និងជម្រុញការវិនិយោគសាធារណៈ ស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី និងការអភិវឌ្ឍន៍តាមបែបប្រជាធិតេយ្យថ្នាក់ក្រោមជាតិ៕