អ្នកជំនាញ​ដីធ្លី​ប្រាប់​អ្នកទិញ​លក់​ ឲ្យ​ប្រើប្រាស់​សេវាកម្ម​ស្របច្បាប់​ដើម្បី​បញ្ចៀស​ហានិភ័យ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ៖​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​និយាយ​ស្រដៀងគ្នា​ថា​ ស្រប​ពេល​ការទិញ​លក់​អចលនទ្រព្យ​ កំពុង​មាន​កំណើន​​លើ​ទីផ្សារ​បច្ចុប្បន្ន​ ដោយមាន​ការទិញ​លក់​ មិន​ឆ្លងកាត់​ក្រុម​អ្នកជំនាញ​ ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​ បាន​ជំរុញ​ឲ្យ​អ្នកទិញ​លក់​ដីធ្លី​ប្រើប្រាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់​ ដើម្បី​បញ្ចៀស​ហា​និ​ភ័យ​ផ្សេង​ៗ។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ថា​ ការ​មិន​ប្រើប្រាស់​ភ្នាក់ងារ​អចលនវត្ថុ​ អាច​នឹង​ធ្វើឲ្យ​ម្ចាស់ទ្រព្យ​ ​បាត់បង់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​។ ​ប៉ុន្ដែ​ក្នុងនាម​អ្នកមាន​បទពិសោធន៍​ លោក​បាន​ស្នើរ​ឲ្យ​ម្ចាស់ទ្រព្យ​ ឬអ្នកទិញ​ប្រើប្រាស់​នូវ​ភ្នាក់ងារ​អចលនវត្ថុ​ណាមួយ​ ដែល​ស្របច្បាប់​ត្រឹមត្រូវ​ ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​ខាងលើ​។

លោក​បាន​ពន្យល់​ថា​ ប្រសិនបើ​យើង​មិន​ទទួល​បាន​សិទ្ធ​លក់ផ្ដាច់មុខ​ ទីភ្នាក់ងារ​អចលនទ្រព្យ​ នឹង​ចំណាយពេល​ឥត​ប្រយោជន៍​ និង​មាន​ភាព​ស្ទាក់ស្ទើរ​ ក្នុង​ការ​ផ្សព្វផ្សាយ​អចលនទ្រព្យ​ ដែល​ធ្វើឲ្យ​ការ​លក់​ចេញ​មាន​ភាពយឺត​យ៉ាវ​។ តែ​ប្រសិនបើ​ក្រុមហ៊ុន​មួយ​ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​ ពួកគាត់​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ក្នុង​ការជំរុញ​ការ​លក់​ឲ្យបាន​លឿន​ ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន​ ។

លោកស្រី​តាំង​ ហួរ ​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ថា​ សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​ ដោយ​មិន​ប្រើប្រាស់​អ្នកជំនាញ​ ពិតជា​មាន​ហានិភ័យ​ដល់​អតិថិជន​ ដោយសារ​បែបបទ​និ​តិ​វិធី​នៃ​ការទិញ​ លក់​ ក៏​ដូច​ប្លង់​កម្ម​សិទ្ឋ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ច្រើន​ប្រភេទ​ ដោយសារ​កម្ពុជា​ឆ្លងកាត់​នូវ​របប​ច្រើន​ ហេតុនេះ​ការយល់​ដឹងពី​បែបបទ​និ​តិ​វិធី​ និង​ទម្រង់​នៃ​ប័ណ្ណ​សម្គាល់​កម្ម​សិទ្ឋ​អចលនទ្រព្យ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ផ្តល់​នូវ​សុវត្ថិភាព​ និង​បញ្ចៀស​បញ្ហា​ដែល​អាច​កើតឡើង​គ្រប់ពេលវេលា​។

លោកស្រី​បន្ត​ថា​ “ហេតុនេះ​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​អ្នកទិញ​លក់​អចលនទ្រព្យ​នានា​ គួរ​ងាក​មក​ប្រើប្រាស់​ក្រុមហ៊ុន​អចល​ទ្រព្យ​ ស្របច្បាប់​ព្រោះ​ពួកគេ​មានបទពិសោធន៍​ និង​ជំនាញ​លើ​ការងារ​នេះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here