ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្តសៀមរាប​កំពុង​ស្រអាប់​ នៅពេល​ចំនួន​ភ្ញៀវ​ទេសចរ​ដាំ​ក្បាល​ចុះ​

0

ដោយៈ​ រ៉ា​ណេត​

សៀម​រា​បៈ​ ​ភាព​ថមថយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប​ បាន​និង​កំ​ពុង​ជះ​ឥទ្ឋ​ពល​ដល់ទី​ផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​ ខណៈ​ការសាងសង់​ ព្រលា​នយន្តហោះ​ថ្មី​ដំណើរ​កា​រយឺត​ៗជាង​ការ​គ្រោងទុក​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Gold​ Property​ Service​ លោក​ ចៅ​ សេង​ថៃ​ ដែល​កំពុងតែ​ប្រតិបត្តិ​ការ​យ៉ាងសកម្ម​ភាព​ នៅក្នុង​ខេត្តសៀមរាប​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ ផ្អែក​តាម​ទិដ្ឋភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ ឥទ្ធិពល​នៃ​ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​ ពិតជា​បាន​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​មែន​ ប៉ុន្តែ​មិន​មាន​ទំហំ​ធំធេង​ពេក​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ “ខ្ញុំ​ទទួលស្គាល់​ថា​ពិតជា​មានផល​ប៉ះពាល់​មែន​ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ចំណែក​មួយ​តូច​តែប៉ុណ្ណោះ​ ជាពិសេស​ប៉ះពាល់​ទៅ​ទៅលើ​វិស័យ​សណ្ឋាគារ​ ផ្ទះសំណាក់​ និង​អាហារដ្ឋាន​មួយចំនួន​”។

លោក​ចៅ​ សេង​ថៃ​បាន​បន្ត​ទៀត​ថា​ សៀមរាប​ គឺជា​ខេត្ត​ដែល​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ទេសចរណ៍​ ដែល​មិនមែន​សម្រាប់​វិស័យ​ឧស្សាហកម្ម​ ឬពាណិជ្ជកម្ម​ចំរុះ​ ដូចជា​នៅ​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗនោះ​ទេ​។ ដោយឡែក​បើ​និយាយ​ពី​ស្ថានភាព​ជាក់ស្ដែង​ នៃ​សកម្មភាព​ទីផ្សារ​អចលនទ្រព្យ​ និង​ការ​អភិវឌ្ឍ​ គឺ​នៅតែ​បន្ត​ភាពល្អ​ប្រសើរ​មិន​ខុសពី​ឆ្នាំ​កន្លងទៅ​នោះ​ទេ​”។

លោក​បាន​បញ្ជាក់​ថា​ “បច្ចុប្បន្ន​នេះ​ ក្រៅពី​សកម្មភាព​នៃ​ការទិញ​-លក់​ ដីធ្លី​ សម្រាប់​សកម្មភាព​សាងសង់​សំណង់​លំនៅ​ដ្ឋាន​ នៅ​តាម​តំបន់​ជាយក្រុង​សៀមរាប​ និង​ស្រុក​មួយចំនួន​ ដូចជា​ស្រុក​សូទ្រនិគម​ និង​ស្រុក​ប្រាសាទបាគង​ គឺ​មាន​មិន​ក្រោម២០គម្រោង​នោះ​ទេ​”។លោក​បន្ត​ថា​ “ដូច្នេះ​ខ្ញុំ​គិតថា​ វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ​ហាក់​មិន​ទទួលរង​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ​”។

ផ្ទុយពី​ការ​លើកឡើង​ខាងលើ​នេះ​ លោក​សាស្ត្រា​ចារ្យ​ទួស​ សា​ភឿន​ ដែល​ជា​អ្នក​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ និង​វិស័យ​សណ្ឋាគារ​បាន​លើកឡើង​ថា​ ពេលនេះ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្តសៀមរាប​ បាន​និង​កំពុងតែ​ជួប​បញ្ហា​។ រាល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ជាផ្នែក​មួយ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ សុទ្ធតែ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​កំណើន​ទេសចរ​នៅក្នុង​ខេត្ត​ទាំងស្រុង​។

​លោក​ថា​ “នៅពេល​មាន​កំណើន​ភ្ញៀវ​ទេសចរ​ គឺ​មាន​តម្រូវការ​ស្នាក់នៅ​ខ្ពស់​។ នៅពេល​មាន​តម្រូវការ​ខ្ពស់​ គឺ​មានការ​អភិវឌ្ឍ​សំណង់​បន្ថែម​។ នៅពេល​មានការ​សាងសង់​បន្ថែម​ ចាំបាច់​ត្រូវ​មានការ​ទិញ​-លក់​ដីធ្លី​ ដែល​កាន់តែ​ជំរុញ​ឱ្យ​តម្លៃ​មាន​ដង្ហើម​។ ប៉ុន្តែ​បើ​កំណើន​ភ្ញៀវ​ទេសចរ​ធ្លាក់ចុះ​ ការ​អភិវឌ្ឍ​ក៏​ត្រូវតែ​ធ្លាក់ចុះ​ដូចគ្នា​”។

លោ​កទួស​ សា​ភឿន​បាន​បញ្ជាក់​ថា​ ក្រសួងទេសចរណ៍​បាន​ធ្វើការ​ព្យាករណ៍​ពី​ការ​រំពឹង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ជាលំដាប់​ រួម​ជាមួយនឹង​គម្រោង​កសាង​ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ រួមមាន​ផ្លូវថ្នល់​ និង​តំបន់​កម្សាន្ត​មួយចំនួន​ទៀត​ជាដើម​។ ប៉ុន្តែ​ជាក់ស្ដែង​ មានតែ​គម្រោង​មិន​មានការ​អនុវត្ត​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​ “ជា​ខេត្ត​មាន​សក្តា​នុ​ពល​លើ​ទេសចរណ៍​ ចាំបាច់​គឺ​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​ ក្នុង​ការ​បង្កើន​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​។ ចុះបើ​ភ្ញៀវ​ទេសចរ​ធ្លាក់ចុះ​ តើ​អាច​ទទួល​បាន​ចំណូល​មក​ពី​ប្រភព​ណា​”។ លោក​បាន​លើកឡើង​ពី​ភាព​ជាក់ស្ដែង​ថា​ “រាល់​ឆ្នាំ​ចាប់ពី​អំឡុង​ខែកញ្ញា​ រហូតដល់​ចុងខែ​ធ្នូ​ សណ្ឋាគារ​របស់ខ្ញុំ​មានការ​ទទួល​កក់​បន្ទប់​ពេញទាំង​អស់​ ប៉ុន្តែ​សព្វថ្ងៃ​នេះ​ក្នុង​មួយ​យប់​សណ្ឋាគារ​របស់ខ្ញុំ​ មាន​ភ្ញៀវ​ចូល​ស្នាក់​ត្រឹម៣​-៥ បន្ទប់​តែប៉ុណ្ណោះ​ ហើយ​សណ្ឋាគារ​ខ្លះទៀត​ ស្ទើរតែ​គ្មាន​អ្នក​ចូល​ស្នាក់នៅ​ក៏មានដែរ​”។

ជាមួយនឹង​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ ដែល​បណ្តាល​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នា​ពេលនេះ​ លោក​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​បង្កើន​ ការ​យកចិត្ត​ទុកដាក់​លើ​វិស័យ​មួយ​នេះ​ឱ្យ​កាន់តែ​ខ្លាំង​ ដើម្បី​បញ្ចៀស​ហា​និ​ភ័យ​ផ្សេង​ៗ ដែល​អាច​នឹង​កើតមាន​ជាបន្តបន្ទាប់​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here