ដោយៈ រ៉ាណេត
សៀមរាបៈ ភាពថមថយនៃចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាប បាននិងកំពុងជះឥទ្ឋពលដល់ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តទេសចរណ៍មួយនេះ ខណៈការសាងសង់ ព្រលានយន្តហោះថ្មីដំណើរការយឺតៗជាងការគ្រោងទុក។
នាយកក្រុមហ៊ុនអចលនទ្រព្យ Gold Property Service លោក ចៅ សេងថៃ ដែលកំពុងតែប្រតិបត្តិការយ៉ាងសកម្មភាព នៅក្នុងខេត្តសៀមរាបបានមានប្រសាសន៍តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១ខែតុលា ឆ្នាំ២០១៩នេះថា ផ្អែកតាមទិដ្ឋភាពជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ ឥទ្ធិពលនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ពិតជាបានប៉ះពាល់ដល់វិស័យអចលនទ្រព្យមែន ប៉ុន្តែមិនមានទំហំធំធេងពេកនោះទេ។
-->
លោកបានបន្តទៀតថា “ខ្ញុំទទួលស្គាល់ថាពិតជាមានផលប៉ះពាល់មែន ប៉ុន្តែវាគ្រាន់តែជាចំណែកមួយតូចតែប៉ុណ្ណោះ ជាពិសេសប៉ះពាល់ទៅទៅលើវិស័យសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានមួយចំនួន”។
លោកចៅ សេងថៃបានបន្តទៀតថា សៀមរាប គឺជាខេត្តដែលផ្តោតសំខាន់ទៅលើវិស័យទេសចរណ៍ ដែលមិនមែនសម្រាប់វិស័យឧស្សាហកម្ម ឬពាណិជ្ជកម្មចំរុះ ដូចជានៅតាមបណ្តាខេត្តផ្សេងៗនោះទេ។ ដោយឡែកបើនិយាយពីស្ថានភាពជាក់ស្ដែង នៃសកម្មភាពទីផ្សារអចលនទ្រព្យ និងការអភិវឌ្ឍ គឺនៅតែបន្តភាពល្អប្រសើរមិនខុសពីឆ្នាំកន្លងទៅនោះទេ”។
លោកបានបញ្ជាក់ថា “បច្ចុប្បន្ននេះ ក្រៅពីសកម្មភាពនៃការទិញ-លក់ ដីធ្លី សម្រាប់សកម្មភាពសាងសង់សំណង់លំនៅដ្ឋាន នៅតាមតំបន់ជាយក្រុងសៀមរាប និងស្រុកមួយចំនួន ដូចជាស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង គឺមានមិនក្រោម២០គម្រោងនោះទេ”។លោកបន្តថា “ដូច្នេះខ្ញុំគិតថា វិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះហាក់មិនទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ”។
ផ្ទុយពីការលើកឡើងខាងលើនេះ លោកសាស្ត្រាចារ្យទួស សាភឿន ដែលជាអ្នកអភិវឌ្ឍវិស័យលំនៅដ្ឋាន និងវិស័យសណ្ឋាគារបានលើកឡើងថា ពេលនេះសម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តសៀមរាប បាននិងកំពុងតែជួបបញ្ហា។ រាល់ហេដ្ឋារចនាសម្ព័ន្ធនានាដែលជាផ្នែកមួយនៅក្នុងវិស័យអចលនទ្រព្យ សុទ្ធតែត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនទេសចរនៅក្នុងខេត្តទាំងស្រុង។
លោកថា “នៅពេលមានកំណើនភ្ញៀវទេសចរ គឺមានតម្រូវការស្នាក់នៅខ្ពស់។ នៅពេលមានតម្រូវការខ្ពស់ គឺមានការអភិវឌ្ឍសំណង់បន្ថែម។ នៅពេលមានការសាងសង់បន្ថែម ចាំបាច់ត្រូវមានការទិញ-លក់ដីធ្លី ដែលកាន់តែជំរុញឱ្យតម្លៃមានដង្ហើម។ ប៉ុន្តែបើកំណើនភ្ញៀវទេសចរធ្លាក់ចុះ ការអភិវឌ្ឍក៏ត្រូវតែធ្លាក់ចុះដូចគ្នា”។
លោកទួស សាភឿនបានបញ្ជាក់ថា ក្រសួងទេសចរណ៍បានធ្វើការព្យាករណ៍ពីការរំពឹងទទួលបានកំណើនភ្ញៀវទេសចរជាលំដាប់ រួមជាមួយនឹងគម្រោងកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា រួមមានផ្លូវថ្នល់ និងតំបន់កម្សាន្តមួយចំនួនទៀតជាដើម។ ប៉ុន្តែជាក់ស្ដែង មានតែគម្រោងមិនមានការអនុវត្តនោះទេ។
លោកបានបញ្ជាក់ថា “ជាខេត្តមានសក្តានុពលលើទេសចរណ៍ ចាំបាច់គឺពឹងផ្អែកលើវិស័យទេសចរណ៍ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ចុះបើភ្ញៀវទេសចរធ្លាក់ចុះ តើអាចទទួលបានចំណូលមកពីប្រភពណា”។ លោកបានលើកឡើងពីភាពជាក់ស្ដែងថា “រាល់ឆ្នាំចាប់ពីអំឡុងខែកញ្ញា រហូតដល់ចុងខែធ្នូ សណ្ឋាគាររបស់ខ្ញុំមានការទទួលកក់បន្ទប់ពេញទាំងអស់ ប៉ុន្តែសព្វថ្ងៃនេះក្នុងមួយយប់សណ្ឋាគាររបស់ខ្ញុំ មានភ្ញៀវចូលស្នាក់ត្រឹម៣-៥ បន្ទប់តែប៉ុណ្ណោះ ហើយសណ្ឋាគារខ្លះទៀត ស្ទើរតែគ្មានអ្នកចូលស្នាក់នៅក៏មានដែរ”។
ជាមួយនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ ដែលបណ្តាលប៉ះពាល់ដល់វិស័យអចលនទ្រព្យនាពេលនេះ លោកបានទទូចឱ្យរដ្ឋាភិបាលបង្កើន ការយកចិត្តទុកដាក់លើវិស័យមួយនេះឱ្យកាន់តែខ្លាំង ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ ដែលអាចនឹងកើតមានជាបន្តបន្ទាប់ទៀត៕