ដោយ វុត្ថា
ភ្នំពេញៈ គម្រោងសាងសង់ផ្លូវរថភ្លើងរត់អាកាសពីកណ្តាលក្រុងភ្នំពេញ ទៅកាន់ពហុកីឡដ្ឋានមរតកតេជោ (ព្រែកព្នៅ) ស្ថិតនៅក្នុងភាពស្រពិចស្រពិល ខណៈសម្តេចតេជោ បានកំណត់យកថ្ងៃ៥ខែឧសភា ឆ្នាំ ២០១៣ ខាងមុខនេះ ដើម្បីរៀបចំព្រឹត្តិការស៊ីហ្គេម ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia តាមទូរស័ព្ទកាលពីកន្លងទៅថ្មីៗនេះនេះថា គម្រោងសាងសង់ផ្លូវរថភ្លើងរត់លើអាកាសពីភ្នំពេញ ទៅកាន់ពហុកីឡដ្ឋានមរតកតេជោ (ព្រែកព្នៅ) ស្ថិតនៅក្នុងដំណាក់កាលសិក្សាពីអង្គការ JICA។
លោកបន្តថា “ខ្ញុំមិនមានយោបល់ជុំវិញគម្រោងសាងសង់នេះទេ ព្រោះវាស្ថិតនៅលើគម្រោងថវិការ បើច្រើនពេកយើងអាចឱ្យក្រុមឯកជនចូលរួមជាមួយ ហើយនេះគ្រាន់តែជាដំណោះស្រាយ ហើយរងចាំមើលតើការចំណាយថវិការអស់ប៉ុន្មាន ចំពោះគម្រោងនេះ”។
លោកបន្ថែមទៀត “កន្លងមកនេះ អង្គការ JICA បានសិក្សាចប់មួយជំហ៊ានហើយ តែមិនដឹងចប់កន្លែងណាខ្លះ យើងមិនទាន់ដឹងនៅឡើយទេ ។ បន្ថែមពីនេះ ក្រុមហ៊ុនចិនក៏បាននឹងកំពុងសិក្សាបន្ត តែក៏មិនដឹងបញ្ចប់ថ្ងៃណាផងដែរ។ នៅពេលសិក្សាចប់រួចរាល់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល នឹងជូនដំណឹងនេះម្តងទៀត”។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា ក្រុមការងារក្រសួងបាននឹងកំពុងខិតខំប្រឹងឱ្យទាន់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ តែវាមិនដឹងទាន់ឬមិនទាន់នោះទេ អាស្រ័យលើការសិក្សា និងការសាងសង់គម្រោងនេះ ព្រោះវាកាន់តែកៀកដែរហើយ លុះត្រាតែគម្រោងនេះ ចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ឱ្យរួចរាល់នៅឆ្នាំ២០២១ឬ ២០២២ទើប ឆ្នាំ២០២៣ អាចដាក់ដំណើរការបាន។
លោកបន្តទៀថា “ការសិក្សាគឺត្រូវប្រើពេលយូ យ៉ាងហោចណាស់១ឆ្នាំដែរ ។គម្រោងសាងសងរថភ្លើងនេះរត់លើអាកាសនេះ មានតម្លៃថ្លៃដូច្នេះក្រសួងត្រូវស្នើសុំទៅប្រមុខរដ្ឋាភិបាលជ្រើសរើសប្រភេទណាមួយក្នុងការវិនិយោគ”។

កាលពីពេលថ្មីៗកន្លងទៅនេះ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីគម្រោងសាងសង់រថភ្លើងលើអាកាសមួយខ្សែទៀតពីភ្នំពេញទៅពហុកីឡដ្ឋានមរតកតេជោ (ព្រែកព្នៅ) ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ ជាពិសេសក្នងគោលបំណងសម្រួល ដល់ចរាចរណ៍ពេលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមឆ្នាំ២០២៣៕






