មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ថ្មី​មួយទៀត​នឹង​លេចចេញ​រូបរាង​នៅ​ទីក្រុង​កោះ​ពេជ្រ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់កប់ពពក​ថ្មី​មួយទៀត​ នឹង​លេចចេញ​រូបរាង​នៅ​ទីក្រុង​កោះ​ពេជ្រ​ ដែល​ជាទី​កន្លែង​បណ្តុំ​ទៅ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ កន្លែង​កម្សាន្ត​ និង​លំនៅឋាន​ ខណៈ​គម្រោង​មួយ​នេះ​បាន​នឹង​កំពុង​សិក្សា​លម្អិត​។

យោង​តាម​គេហទំព័រ​  www.hksinc.com​ បានឱ្យ​ដឹង​ថា​ ​អគារ​ខ្ពស់កប់ពពក​មួយ​ថ្មី​មួយ​នេះ​ ឈ្មោះថា​ Diamond​ Island​ Tower​ ​ដែល​គូរ​ប្លង់​ប្រកបដោយ​រចនា​បទ​បុរាណ​ និង​សម័យ​ទំនើប​ និង​ជា​អគារ​ដំបូង​គេ​នៅក្នុង​ការ​វិវត្ត​ ជាបន្តបន្ទាប់​ដែល​ឆ្ពោះទៅ​រក​គោលដៅ​ នៃ​គំនិត​ផ្តួចផ្តើម​ «ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ​មួយ​» របស់​ប្រទេស​ចិន​។

អគារ​ Diamond​ Island​ Tower​ គ្រោង​សាងសង់​នៅ​លើ​ផ្ទៃដី​ប្រមាណ ៧​,៨៩៧​ ម៉ែត្រការ៉េ​ ដែល​មាន​កំពស់២០៤​ ម៉ែត្រ​។ តាម​គម្រោង​ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់កប់ពពក​មួយ​នេះ​ នឹង​បញ្ចប់​ការសិក្សា​នៅ​ត្រឹម​ឆ្នំា២០១៩នេះ​ ហើយនឹង​ក្លាយជា​អគារ​ខ្ពស់​មួយ​ ក្នុងចំណោម​អាគារ​ខ្ពស់​នានា​នៅ​ទីក្រុង​កោះ​ពេជ្រ​។

អគារ​នេះ​ ប្រមូល​ផ្តុំ​ដោយ​ភោជនីយដ្ឋាន​ដ៏​ទំនើប​ អាងហែលទឹក​ បន្ទប់​ការិយាល័យ​នៅ​ជាន់ទី១៨​ សណ្ឋាគារ​ និង​កន្លែង​ស្នាក់នៅ​ជាដើម​។ ភាព​ចម្រុះ​នៃ​ទស្សនទាន​អភិវឌ្ឍន៍​នេះ​ នឹង​ធ្វើ​ឱ្យ​បរិវេណ​នៃ​អគារ​នេះ​ កាន់តែ​មាន​សកម្មភាព​រស់រវើក​ និង​ទាក់ទាញ​បន្ថែម​ទៀត​។តែ​យ៉ាងណាក៏ដោយ​ បើ​យោង​តាម​គេហទំព័រ​ដដែល​មិនបាន​គូសបញ្ជាក់​ពី​ឈ្មោះ​ក្រុមហ៊ុន​ និង​ទំហំ​ទឹកប្រាក់​ចំពោះ​ការ​វិនិយោគ​អគារ​ខ្ពស់​កពពក​នេះ​ទេ​។

ក្រៅពី​អាគារ​សន្និបាត​ សម្រាប់​រៀបចំ​ពិព័រណ៍​ និង​ទទួលការ​លាង​សាយ​ភោជន៍​នៃ​កម្មវិធី​អាពាហ៍​ពិពាហ៍​ របស់​ក្រុម​អ្នក​អភិជន​ ទីក្រុង​កោះ​ពេជ្រ​បាន​និង​កំពុង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ រួមមាន​ គម្រោង​ ID​ RIVIERA​ ដែល​បាន​ទិញ​យក​ដោយក្រុម​ហ៊ុន​ Greenland​ Group​ មាន​មូលដ្ឋាន​មក​ពី​ប្រទេស​ចិន​។

គំរោង​ Elysee​ ដែល​បាន​និង​កំពុង​សាងសង់​ និង​បោះទុន​វិនិយោគ​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​។ គំរោង​ខុន​ដូ​ និង​ផ្ទះ​អាជីវកម្ម​ Diamond​ One​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ Prince​ Real​ estate​ Group​ និង​គំរោង​មួយ​ចំ​នូន​ទៀត​ ដែល​នឹង​វិនិយោគ​ដោយក្រុម​ហ៊ុន​ Prince​ Real​ Estate​។ក្រៅពី​ខុន​ដូ​ទាំងនេះ​ នៅ​មាន​គំរោង​ខុន​ដូ​ជាច្រើន​ទៀត​ ដូចជា​ Ca​ &​ Sa​, គំរោង​ខុន​ដូ​ Casa​ Meridian​, គំរោង​ La​ Sen​ និង​គំរោង​ខុន​ដូ​ Diamond​ Tween​ Tower ​ផង​ដែរ​។

លោក​ Michael​ S. Nhim​ ប្រធាន​ក្រុម​អ្នក​វិនិយោគ​នៃ​ក្រុមហ៊ុន​ SIDO​ Group​ ធ្លាប់​បានឱ្យ​ដឹង​ថា​ ទីក្រុង​កោះ​ពេជ្រ​មានការ​រីកចម្រើន​យ៉ាង​លឿន​ ប៉ុន្តែ​ទីក្រុង​នេះ​មិនទាន់​ក្លាយជា​មណ្ឌល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​លំដាប់​អន្តរជាតិ​នោះ​ទេ​។

លោក​បន្ត​ថា​ “យើង​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​ធ្វើឲ្យ​ទីក្រុង​រណប​ និង​តំបន់​ជុំវិញ​នេះ​ ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​លំដាប់​អន្តរជាតិ​”។ លោក​បន្ត​ថា​ “តំបន់​ជុំវិញ​ទីក្រុង​ និង​ទីក្រុង​កោ​ពេជ្រ​ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​រយៈពេល​ពី៥ទៅ១០ឆ្នាំ​ទៀត​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here