ដោយ Donald Lee
ភ្នំពេញៈ ធនាគារពិភពលោក (World Bank) បានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួនថា វិស័យសេដ្ឋកិច្ចសំខាន់ៗ របស់ប្រទេសកម្ពុជានៅតែរឹងមាំ និងបាននាំមុខដោយវិស័យអចលនទ្រព្យ។
យោងតាមរបាយការណ៍ថ្មី ដែលចេញផ្សាយដោយធនាគារពិភពលោក កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញនេះបានបង្ហាញថា វិស័យសំណង់នៅតែបន្តមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ ២០១៩ ដោយសារវិនិយោគិន បន្តបោះទុនវិនិយោគលើគម្រោងនានានៅទូទាំងប្រទេស។
-->
វិនិយោគិនចិននៅតែបន្តនាំមុខគេ នៅក្នុងតារាងវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ចូលមកក្នុងប្រទសកម្ពុជាដែលស្មើនឹង៤០ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសសរុប។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញបន្តថា ខណៈលទ្ធផលវិស័យអចលនទ្រព្យ បាននឹងកំពុងរីកចម្រើនខ្លាំង ការនាំចូលដែកថែបមកកាន់ប្រទេសកម្ពុជាបានកើនឡើង៦៣,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
របាយការណ៍ដដែលក៏បានបង្ហាញពីកំណើននៃការនាំចូលរថយន្ត និងផលិតផលប្រេងចូលមកក្នុងប្រទេសកម្ពុជា ដោយសារកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានការរីកចំរើនយ៉ាងឆាប់រហ័ស។
របាយការណ៍បានលើកឡើងថា “ការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក បានជំរុញឱ្យមានកំណើននៃការនាំចូល ដោយក្នុងនោះការនាំចូលផលិតផលប្រេង និងយានយន្តបានកើនឡើង ៩១,០ ភាគរយ និង ១៨,៥ ភាគរយ”។
ក្នុងឆ្នាំ២០១៩នេះ ធនាគារពាណិជ្ជនៅកម្ពុជា ក៏ជួយជំរុញកំណើនឥណទានផងដែរ ដោយក្នុងនោះកំណើនឥណទានកើនជិត ៣០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ៕