កម្ពុជា​មាន​សហគមន៍​ទេសចរណ៍​ ១២៥កន្លែង​កំពុង​បម្រើ​ឱ្យ​វិស័យ​នេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រទេស​កម្ពុជា​មាន​សហគមន៍​ចំនួន ១២៥កន្លែង​ ដែល​កំពុងតែ​មាន​សកម្មភាព​ និង​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​យ៉ាង​ទាក់ទាញ​ ខណៈ​ដែល​សហគមន៍​សរុប​ទាំងអស់​មាន​ចំនួន​រហូតដល់​ទៅ​ជាង២៣០០កន្លែង​ ដែល​ស្ថិតនៅ​ក្នុង​ការគ្រប់គ្រង​របស់ក្រ​សួង​ចំនួន៣ផ្សេងគ្នា​។

នៅក្នុងចំណោម​សហគមន៍​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ មាន​សហគមន៍​រហូតដល់​ទៅ​ជាង២៣០០កន្លែង​ ប៉ុន្តែ​សហគមន៍​ដែល​កំពុង​បម្រើ​ប្រយោជន៍​ ដល់​វិស័យ​ទេសចរណ៍​ និង​មាន​ភាព​ទាក់ទាញ​មានត្រឹមតែ១២៥សហគមន៍​តែប៉ុណ្ណោះ​ ដែល​តម្រូវ​ឱ្យ​មានការ​ជំរុញ​បង្កើន​លទ្ធភាព​ ដើម្បី​ចូលរួម​ជំរុញ​និង​បង្កើន​ទេសចរណ៍​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បាន​ប្រកាស​ពី​សមិទ្ធផល​ដែល​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍​ ជាមួយនឹង​ការជំរុញ​ឱ្យ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ព្យាយាម​ខិតខំ​ប្រែក្លាយ​សហគមន៍​ ដែល​មិនទាន់​មាន​សកម្មភាព​ទេសចរណ៍​ ទៅជា​សហគមន៍​ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ លោក​បាន​បន្ត​ទៀត​ថា​ “សហគមន៍​ទាំងអស់​គួរតែ​ព្យាយាម​ប្រែក្លាយ​ឱ្យទៅ​តំបន់​គួរ​ជាទី​ទាក់ទាញ​ តាមរយៈ​ការ​បញ្ចូល​សកម្មភាព​ទេសចរណ៍​ ការរុករក​ និង​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ ក្នុង​សហគមន៍​ បើ​ទោះបី​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​ណាមួយ​ក៏ដោយ​”។

ការជំរុញ​យ៉ាង​ដូច្នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី៤​ របស់​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​នា​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៩​ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ លោក​ជុក​ ជំនោរ​ បានឱ្យ​ដឹង​ថា​ តាម​ការ​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​ សហគមន៍​ដែល​ចំណុះ​ ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​ទេសចរណ៍​ ក្រសួងបរិស្ថាន​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ មាន​ចំនួន​សរុប​ជាង២៣០០កន្លែង​ ក្នុង​នោះ​សហគមន៍​ដែល​កំពុង​មាន​សកម្មភាព​ ទេសចរណ៍​មាន​ចំនួន១២៥​ កន្លែង​។

ក្នុងចំណោម​សហគមន៍​ទាំងនោះ​ ក្រសួងទេសចរណ៍​គ្រប់គ្រង​ចំនួន៧៩កន្លែង​ ក្នុង​ខេត្ត​ចំនួន២០​ ដែល​កំពុង​ប្រតិបត្តិ​ការ​ក្នុងនាម​ជា​សហគមន៍​ទេសចរណ៍​។ ​ក្រសួងបរិស្ថាន​ មាន​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន១៦៨កន្លែង​ (២០ សហគមន៍​ មាន​បញ្ចូល​សកម្មភាព​ទេសចរណ៍​)។ ដោយឡែក​ ក្រសួង​-ស្ថាប័ន​ផ្សេង​ៗក៏បាន​កំពុង​ធ្វើ​បច្ចុប្បន្នភាព​កិច្ចការ​នេះ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​មានការ​បណ្ដុះបណ្ដាល​ដល់​ប្រជា​សហគមន៍​នូវ​ស្ដ​ង់​ដា​បច្ចេកទេស​ ក៏ដូចជា​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការ​ទទួល​បដិសណ្ឋារ​កិច្ច​ និង​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ បញ្ហា​ការពារ​បរិស្ថាន​ ការ​ទុកដាក់​សំរាម​ ការ​ពង្រឹងគុណភាព​សេវាកម្ម​ និង​អនាម័យ​ជាដើម​។

ជាមួយគ្នា​នេះ​ បញ្ហា​កសាង​ផ្លូវ​តភ្ជាប់​ទៅកាន់​សហគមន៍​ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​តបណ្ដាញទឹក​ស្អាត​ បណ្ដាញ​អគ្គិសនី​ បណ្ដាញ​ទូរគមនាគមន៍​ ក៏​ត្រូវ​បាន​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ​។

ការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍​ បាន​រួមចំណែក​ដ៏​សំខាន់​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ពន្យារពេល​ស្នាក់នៅ​របស់​ទេសចរ​ និង​ចំណូល​ផ្ទាល់​ទៅដល់​ប្រជាជន​មូលដ្ឋាន​។ ជាក់ស្តែង​តាម​ការព្យាករណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO​) វិស័យ​ទេសចរណ៍​វប្បធម៌​ មាន​ចំណែក​ទីផ្សារ​ប្រមាណ៥០ភា​ទី​គរយ​ នៃ​ទីផ្សារ​ទេសចរណ៍​សកលលោក​ ហើយ​មាន​កំណើន​ប្រចាំឆ្នាំ​ក្នុង​អត្រា​ប្រមាណ៦ភាគរយ​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោក​ ហូរ​ វណ្ឌី​ បាន​បង្ហាញ​ការ​គាំទ្រ​ទៅ​នឹង​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ខាងលើ​នេះ​ ប៉ុន្តែ​ត្រូវតែ​មានការ​យកចិត្ត​ទុកដាក់​ ទៅលើ​ការ​បណ្តុះបណ្តាល​ជំនាញ​ពាក់ព័ន្ធ​ ទៅដល់​បងប្អូន​ដែល​ជា​ប្រជា​សហគមន៍​ជាចាំបាច់​។ លោក​បាន​មានប្រសាសន៍​ប្រាប់​ តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ការ​វិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​តែងតែ​ត្រូវ​បាន​រៀបចំ​ និង​មាន​ភាពល្អ​ប្រសើរ​ជាបន្តបន្ទាប់​។

លោក​បន្ត​ទៀត​ថា​ “ទេសចរណ៍​សហគមន៍​ គឺ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅក្នុង​វិស័យ​មួយ​នេះ​ ដោយសារតែ​បច្ចុប្បន្ន​នេះ​ ភ្ញៀវ​ទេសចរ​ ជាពិសេស​ភ្ញៀវ​បរទេស​ តែង​មាន​ទំនោរ​ទៅតាម​តំបន់​សហគមន៍​ ដែល​មាន​លក្ខណៈ​ធម្មជាតិ​ និង​វប្បធម៌​ប្រចាំ​តំបន់​។ ពួកគេ​ចង់​មាន​ពិភព​ពិត​នៃ​សម្រស់​ធម្មជាតិ​ ទាំង​ផ្នែក​បរិស្ថាន​ ផ្នែក​អាហារ​ និង​អនាម័យ​ ក៏ដូចជា​ស្ថានភាព​រស់នៅ​ក្នុង​តំបន់​ជាដើម​។

​លោក​បន្ត​ទៀត​ថា​ “ដើម្បី​ជម្រុ​ញឱ្យ​ទេសចរណ៍​សហគមន៍​ មានប្រសិទ្ធភាព​ខ្ពស់​ សំខាន់​បំផុត​ រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ផ្តល់​ការអប់រំ​ ចំណេះដឹង​ និង​ជំនាញ​ដល់​ប្រជា​សហគមន៍​ ស្គាល់​ពី​គុណ​តម្លៃ​នៃ​វិស័យ​ទេសចរណ៍​ ដែល​អាច​រកចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ ក៏ដូចជា​ចូលរួម​អភិវឌ្ឍ​សហគមន៍​ទាំងមូល​ផង​ដែរ​”។

លោក​បាន​បញ្ជាក់​ថា​ “គួរតែ​មានការ​អនុវត្ត​ច្បាប់​ ស្របតាម​រដ្ឋបាល​ចំពោះ​អ្នក​ដែល​អនុវត្តន៍​ ខុសពី​គោលការណ៍​ដែល​ក្រសួង​ពាក់ព័ន្ធ​ណែនាំ​ ដូចជា​ចំពោះ​អាជីវករ​ដែល​លក់​លើស​តម្លៃ​ អ្នក​ដែល​លក់​របស់របរ​ក្លែងក្លាយ​ ក៏ដូចជា​អ្នក​ដែល​ធ្វើអាជីវកម្ម​ដោយ​ការ​បើក​បញ្ឆោត​ក្នុង​រូបភាព​ផ្សេងទៀត​ផង​ដែរ​”។

សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ ដែល​ជា​ទេសចរណ៍​វប្បធម៌​ និង​ធម្មជាតិ​ វិស័យ​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​ មាន​ចំណែក​ទីផ្សារ​ប្រមាណ៥០ភាគរយ​ នៃ​ទីផ្សារ​សរុប​ ហើយ​ទេសចរណ៍​តំបន់ឆ្នេរ​ មាន​ចំណែក​ទីផ្សារ​ប្រមាណ២០ភាគរយ​ អេកូ​ទេសចរណ៍​ប្រមាណ២០ភាគរយ​ និង​ទីផ្សារ​ទេសចរណ៍​កីឡា​ និង​កម្សាន្ត​ផ្សេង​ៗទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here