ដោយៈ រ៉ាណេត
ភ្នំពេញៈ ប្រទេសកម្ពុជាមានសហគមន៍ចំនួន ១២៥កន្លែង ដែលកំពុងតែមានសកម្មភាព និងបម្រើឱ្យវិស័យទេសចរណ៍យ៉ាងទាក់ទាញ ខណៈដែលសហគមន៍សរុបទាំងអស់មានចំនួនរហូតដល់ទៅជាង២៣០០កន្លែង ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងចំនួន៣ផ្សេងគ្នា។
នៅក្នុងចំណោមសហគមន៍ទាំងអស់នៅទូទាំងប្រទេសកម្ពុជា មានសហគមន៍រហូតដល់ទៅជាង២៣០០កន្លែង ប៉ុន្តែសហគមន៍ដែលកំពុងបម្រើប្រយោជន៍ ដល់វិស័យទេសចរណ៍ និងមានភាពទាក់ទាញមានត្រឹមតែ១២៥សហគមន៍តែប៉ុណ្ណោះ ដែលតម្រូវឱ្យមានការជំរុញបង្កើនលទ្ធភាព ដើម្បីចូលរួមជំរុញនិងបង្កើនទេសចរណ៍ឱ្យកាន់តែល្អប្រសើរ។
-->
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាសពីសមិទ្ធផលដែលទទួលបានពីវិស័យទេសចរណ៍ ជាមួយនឹងការជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធនានាព្យាយាមខិតខំប្រែក្លាយសហគមន៍ ដែលមិនទាន់មានសកម្មភាពទេសចរណ៍ ទៅជាសហគមន៍ ដែលអាចទាក់ទាញភ្ញៀវទេសចរ។ លោកបានបន្តទៀតថា “សហគមន៍ទាំងអស់គួរតែព្យាយាមប្រែក្លាយឱ្យទៅតំបន់គួរជាទីទាក់ទាញ តាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍ ការរុករក និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ក្នុងសហគមន៍ បើទោះបីស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងណាមួយក៏ដោយ”។
ការជំរុញយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ លោកជុក ជំនោរ បានឱ្យដឹងថា តាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ សហគមន៍ដែលចំណុះ ក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួនសរុបជាង២៣០០កន្លែង ក្នុងនោះសហគមន៍ដែលកំពុងមានសកម្មភាព ទេសចរណ៍មានចំនួន១២៥ កន្លែង។
ក្នុងចំណោមសហគមន៍ទាំងនោះ ក្រសួងទេសចរណ៍គ្រប់គ្រងចំនួន៧៩កន្លែង ក្នុងខេត្តចំនួន២០ ដែលកំពុងប្រតិបត្តិការក្នុងនាមជាសហគមន៍ទេសចរណ៍។ ក្រសួងបរិស្ថាន មានសហគមន៍តំបន់ការពារធម្មជាតិចំនួន១៦៨កន្លែង (២០ សហគមន៍ មានបញ្ចូលសកម្មភាពទេសចរណ៍)។ ដោយឡែក ក្រសួង-ស្ថាប័នផ្សេងៗក៏បានកំពុងធ្វើបច្ចុប្បន្នភាពកិច្ចការនេះផងដែរ។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលបានជំរុញឱ្យមានការបណ្ដុះបណ្ដាលដល់ប្រជាសហគមន៍នូវស្ដង់ដាបច្ចេកទេស ក៏ដូចជាចំណេះដឹងពាក់ព័ន្ធនឹងការទទួលបដិសណ្ឋារកិច្ច និងការពារសុវត្ថិភាពជូនភ្ញៀវទេសចរ បញ្ហាការពារបរិស្ថាន ការទុកដាក់សំរាម ការពង្រឹងគុណភាពសេវាកម្ម និងអនាម័យជាដើម។
ជាមួយគ្នានេះ បញ្ហាកសាងផ្លូវតភ្ជាប់ទៅកាន់សហគមន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការតបណ្ដាញទឹកស្អាត បណ្ដាញអគ្គិសនី បណ្ដាញទូរគមនាគមន៍ ក៏ត្រូវបានជំរុញយ៉ាងម៉ឺងម៉ាត់ផងដែរ។

ការអភិវឌ្ឍសហគមន៍ទេសចរណ៍ បានរួមចំណែកដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ពន្យារពេលស្នាក់នៅរបស់ទេសចរ និងចំណូលផ្ទាល់ទៅដល់ប្រជាជនមូលដ្ឋាន។ ជាក់ស្តែងតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) វិស័យទេសចរណ៍វប្បធម៌ មានចំណែកទីផ្សារប្រមាណ៥០ភាទីគរយ នៃទីផ្សារទេសចរណ៍សកលលោក ហើយមានកំណើនប្រចាំឆ្នាំក្នុងអត្រាប្រមាណ៦ភាគរយ។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូរ វណ្ឌី បានបង្ហាញការគាំទ្រទៅនឹងគោលការណ៍របស់ថ្នាក់ដឹកនាំក្រសួងខាងលើនេះ ប៉ុន្តែត្រូវតែមានការយកចិត្តទុកដាក់ ទៅលើការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធ ទៅដល់បងប្អូនដែលជាប្រជាសហគមន៍ជាចាំបាច់។ លោកបានមានប្រសាសន៍ប្រាប់ តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះថា ពីមួយឆ្នាំទៅមួយឆ្នាំ ការវិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាតែងតែត្រូវបានរៀបចំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់។
លោកបន្តទៀតថា “ទេសចរណ៍សហគមន៍ គឺបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យមួយនេះ ដោយសារតែបច្ចុប្បន្ននេះ ភ្ញៀវទេសចរ ជាពិសេសភ្ញៀវបរទេស តែងមានទំនោរទៅតាមតំបន់សហគមន៍ ដែលមានលក្ខណៈធម្មជាតិ និងវប្បធម៌ប្រចាំតំបន់។ ពួកគេចង់មានពិភពពិតនៃសម្រស់ធម្មជាតិ ទាំងផ្នែកបរិស្ថាន ផ្នែកអាហារ និងអនាម័យ ក៏ដូចជាស្ថានភាពរស់នៅក្នុងតំបន់ជាដើម។
លោកបន្តទៀតថា “ដើម្បីជម្រុញឱ្យទេសចរណ៍សហគមន៍ មានប្រសិទ្ធភាពខ្ពស់ សំខាន់បំផុត រដ្ឋាភិបាល តាមរយៈក្រសួងពាក់ព័ន្ធត្រូវផ្តល់ការអប់រំ ចំណេះដឹង និងជំនាញដល់ប្រជាសហគមន៍ ស្គាល់ពីគុណតម្លៃនៃវិស័យទេសចរណ៍ ដែលអាចរកចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាចូលរួមអភិវឌ្ឍសហគមន៍ទាំងមូលផងដែរ”។
លោកបានបញ្ជាក់ថា “គួរតែមានការអនុវត្តច្បាប់ ស្របតាមរដ្ឋបាលចំពោះអ្នកដែលអនុវត្តន៍ ខុសពីគោលការណ៍ដែលក្រសួងពាក់ព័ន្ធណែនាំ ដូចជាចំពោះអាជីវករដែលលក់លើសតម្លៃ អ្នកដែលលក់របស់របរក្លែងក្លាយ ក៏ដូចជាអ្នកដែលធ្វើអាជីវកម្មដោយការបើកបញ្ឆោតក្នុងរូបភាពផ្សេងទៀតផងដែរ”។
សម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ វិស័យទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ មានចំណែកទីផ្សារប្រមាណ៥០ភាគរយ នៃទីផ្សារសរុប ហើយទេសចរណ៍តំបន់ឆ្នេរ មានចំណែកទីផ្សារប្រមាណ២០ភាគរយ អេកូទេសចរណ៍ប្រមាណ២០ភាគរយ និងទីផ្សារទេសចរណ៍កីឡា និងកម្សាន្តផ្សេងៗទៀត៕