តំបន់​ផ្លូវ ៦០ម៉ែត្រ​ទាក់ទាញ​ការ​វិនិយោគ​លើ​សាល​ពិព័រណ៍​រថយន្ត​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ STAR​ AUTO​ (CAMBODIA​) CO​.,LTD​ គ្រោង​សាងសង់​អគារ​តាំង​លក់​រថយន្ត​ លក់​គ្រឿង បន្លាស់​ និង​សេវាកម្ម​ថែទាំ​រថយន្ត​នៅ​លើ​ផ្ទៃដី​ទំហំ​ ៨.០០០ម៉ែត្រការ៉េ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​សម្តេច​តេជោ​ហ៊ុន​សែន ​(ផ្លូវ៦០ម៉ែត្រ​) ភូមិ​ទួល​រកា​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

យោង​តាម​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង ​(IESIA​) នៅ​ថ្ងៃទី២១​ ខែតុលា​ ឆ្នាំ​ ២០១៩នេះ​ បាន​គាំទ្រ​ទាំងស្រុង​លើ​គម្រោង​អគារ​តាំង​លក់​រថយន្ត​ លក់​គ្រឿងបន្លាស់​ និង​សេវាកម្ម​ថែទាំ​រថយន្ត​ ដោយ​ខាង​ក្រុមហ៊ុន​ ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការគ្រប់គ្រង​សំណល់រឹង​/រាវ​ និង​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​។

មហាវិថី​ សម្តេច​ ហ៊ុន​ សែន​ ឬផ្លូវ៦០ម៉ែត្រ​ ជា​តំបន់​មួយ​ដែល​កំពុង​មាន​កំណើន​វិនិយោគ​ខ្លាំងក្លា​ បើ​ធៀប​នឹង​តំបន់​ដទៃទៀត​ នៅក្នុង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ តំបន់​នេះ​មាន​ភាព​ទាក់ទាញ​ និង​មាន​សក្តា​នុ​ពល​ខ្លាំង​ សម្រាប់​វិស័យ​អចលនទ្រព្យ​ ស្រប​ពេល​ជាមួយនឹង​គម្រោង​ផែនការ​អភិវឌ្ឍន៍​ ទីក្រុង​របស់​សាលាក្រុង​ភ្នំពេញ​នៅ​ឆ្នាំ២០៣៥​។

ផ្លូវ៦០ម៉ែត្រ​ មាន​ទទឹង៦០ម៉ែត្រ​ និង​បណ្តោយ​ជិត១០គីឡូម៉ែត្រ​ ដែល​ជា​ផ្លូវ​តភ្ជាប់​ដ៏​សំខាន់​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ បាន​ភ្ជាប់គ្នា​រវាងផ្លូវ​លេខ២៧១​ ភាគ​ខាងជើង​ ជាមួយ​ផ្លូវជាតិ​លេខ២ភាគ​ខាងត្បូង​។

តំបន់​មហាវិថី​សម្ដេច​តេជោ​ឬផ្លូវ៦០ម៉ែត្រ​ កំពុង​ទាក់ទាញ​គម្រោង​វិ​និ​យោ​គធំៗ​ចូល​ទៅ​ក្នុង​តំបន់​នេះ​យ៉ាងច្រើន​ ដូចជា​ គម្រោង​បុរី​ លំនៅឋាន​ អគារ​ការិយាល័យ​ និង​ អគារ​ពាណិជ្ជកម្ម​ជាដើម​ ដែល​នឹង​ប្រែក្លាយ​តំបន់​នេះ​ ទៅជា​តំបន់​អភិ​វឌ្ឍ៍​មួយ​ដ៏​សំខាន់​ ហើយ​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​ នឹង​ក្លាយជា​តំបន់​ដ៏​ពេញនិយម​សម្រាប់​ការរស់នៅ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ទីក្រុង​ភ្នំពេញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here