លោ​កឡុង​ គឹ​មសួគ៌​ បង្ហើប​ប្រាប់​ពី​វិធីសាស្ត្រ​ទាញ​យក​ចំណែក​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការ​ចូលខ្លួន​មក​ប្រឡូក​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​ពី​វិស័យ​មួយ​នេះ​ វា​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​នោះ​ទេ​ ពោល​គឺ​តម្រូវ​ឱ្យ​មានចំណេះ​ដឹង​ និង​ជំនាញ​យ៉ាង​ពិតប្រាកដ​ ដែល​អាច​ប្រឈមមុខ​ជាច្រើន​ជាមួយ​បណ្តា​ក្រុមហ៊ុន​ប្រកួតប្រជែង​ដទៃទៀត​ ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

តើមាន​វិធីសាស្ត្រ​អ្វីខ្លះ​ និង​ត្រូវ​អនុវត្ត​បែប​បណា​ ទើប​អាច​មាន​ភាព​ជោគជ័យ​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​នៅក្នុង​វិស័យ​មួយ​នេះ​?។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ ​Century​21​ Advanced​ Property​ លោ​កឡុង​ គឹ​មសួគ៌​ ដែល​មានបទ​ពិសោធន៍​ខ្ពស់​ និង​កំពុងតែ​ទទួល​បាន​ភាព​ជោគជ័យ​នៅ​លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​បាន​លើកឡើង​ថា​ពាក្យ​ថា​ «ជោគជ័យ​» នៅក្នុង​វិស័យ​អចលនទ្រព្យ​ វា​ងាយស្រួល​ក្នុង​ការ​និយាយ​ ប៉ុន្តែ​វា​ពិបាក​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ល្អ​ពិតប្រាកដ​ណាស់​។

លោក​បាន​បន្ត​ទៀត​ថា​ “ដើម្បី​អាច​ឈរជើង​នៅក្នុង​ទីផ្សារ​មួយ​នេះ​បាន​ គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ចំណុច​សំ​ខាន់​ៗទាំង​ ៥ រួម​មាន​ដូចជា​ ​ការ​កសាង​ទំនុកចិត្ត​ជាមួយ​អតិថិជន​ ភាព​មានការ​ទទួលខុសត្រូវ​ខ្ពស់​ និង​មាន​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​អតិថិជន​ មាន​ចំ​នេះ​ដឹង​ និង​វិជ្ជាជីវៈ​ពិតប្រាកដ​ មាន​ក្រមសីលធម៌​ ជាពិសេស​ចេះ​មើល​ និង​វិភាគ​ទៅលើ​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​រូប​នេះ​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ក្រៅពី​គោលការណ៍​ទាំង៥​ ដែល​ជា​ចំណុច​សំខាន់​ក្នុង​កិច្ច​ដំណើរ​ប្រតិបត្តិ​ការ​ឱ្យ​មានប្រសិទ្ធភាព​ខាងលើ​នេះ​ នៅ​ទាម​ទា​ឱ្យ​មាន​ភាព​វៃឆ្លាត​ ក្នុង​ការ​ទំនាក់​ទំនង​ភ្ញៀវ​ ដើម្បី​ទទួល​បានការ​ងារ​បម្រើ​ផ្នែក​សេវា​ ក្នុងនាម​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ជំនាញ​ ក៏ដូចជា​អាច​ផ្សព្វផ្សាយ​ និង​លក់​នូវ​ផលិតផល​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ផង​ដែរ​ ដែល​ក្នុង​នោះ​រាប់បញ្ចូល​ ទាំង​ចំណេះដឹង​លើ​ការប្រើ​ប្រាស់​ មធ្យោបាយ​ទំនាក់ទំនង​បែប​ទំនើប​ តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផង​ដែរ​។

លោក​ ឡុង​ គឹ​មសួគ៌​ បាន​លើកយក​នូវ​បទពិសោធន៍​ ជាក់ស្ដែង​មក​បង្ហាញ​ផង​ដែរ​ថា​ “ក្នុងនាម​ជា​ភ្នាក់ងារ​ជំនាញ​ ត្រូវ​យល់ដឹង​ឱ្យ​បាន​ច្បាស់​នូវ​វិធី​ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ប្រភេទ​ផលិតផល​អចលនទ្រព្យ​របស់​ខ្លួន​”។ លោក​បន្ត​ថា​ “វិធី​សាស្រ្ត​ជាក់ស្ដែង​ដូចជា​ការ​លក់​ដី​ឡូ​តិ៍​ជាដើម​ វិធីសាស្ត្រ​ក្នុង​ការជំរុញ​ការ​លក់​ គឺ​កសាង​បណ្តាញ​ (Network​) ពោល​គឺ​ធ្វើ​យ៉ាងណា​ពង្រីក​បណ្តាញ​ ដែល​ជា​ភ្នាក់ងារ​លក់​ឱ្យ​បាន​ច្រើន​”។

សម្រាប់​ការ​លក់​លំនៅ​ដ្ឋាន​ គឺ​មាន​វិធីសាស្ត្រ​ខុសពី​ការ​លក់​ដី​ឡូ​តិ៍​ គេ​ជ្រើសរើស​ចង​យក​បណ្តាញ​Online​ ធ្វើជា​មធ្យោបាយ​ក្នុង​ការ​ផ្សព្វផ្សាយ​ជា​សំខាន់​។ ដោយឡែក​ សម្រាប់​ការ​លក់​ខុន​ដូ​ ឬ អា​ផា​តមិន​វិញ​ វិធីសាស្ត្រ​ក្នុង​ការ​ផ្សព្វផ្សាយ​ ដើម្បី​ជំរុញ​ការ​លក់​ គឺ​ត្រូវ​បង្កើត​ជា​ព្រឹត្តិ​ការណ៍​ ក្នុង​ដាក់​តាំង​បង្ហាញ​ពី​ចំណុច​សំខាន់​របស់​អគារ​ និង​ផលប្រយោជន៍​ដែល​អាច​ទទួល​បាន​ត្រឡប់​ពី​ការទិញ​ ឬការ​វិនិយោគ​នៅពេលអនាគត​។

លោក​បាន​បន្ត​ទៀត​ថា​ “វិធីសាស្ត្រ​ដែល​បាន​លើកយក​មក​បង្ហាញ​ ទាំងអស់​ខាងលើ​នេះ​ បើ​មើលទៅ​គឺ​គ្រាន់តែ​ជា​ទ្រឹស្ដី​តែប៉ុណ្ណោះ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​ គឺ​ការ​តាំងចិត្ត​ ចំណាយពេល​ និង​ការ​ព្យាយាម​ធ្វើ​ ទើប​អាច​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​យ៉ាង​ពិតប្រាកដ​”។

ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Advanced​ Property​ មាន​ទីស្នាក់ការ​កណ្តាល​នៅក្នុង​សណ្ឋាគារ​ HIMAWARY​ Phnom​ Penh​ បាន​ចាប់​ដំណើរការ​កាលពី​អំឡុង​ចុងឆ្នាំ២០១៥​ ហើយ​រហូតមកដល់​ពេលនេះ​ ភ្ជាប់​ជាមួយនឹង​ការ​ទទួល​បាន​ភាព​ជោគជ័យ​នៅក្នុង​មុខ​ជំនួញ​ ក្រុមហ៊ុន​បាន​បង្កើន​នូវ​ចំនួន​បុគ្គលិក​ជាច្រើន​នាក់​ ជាពិសេស​ ថែមទាំង​បាន​ពង្រីក​សាខា​ចំនួន២​ ទីតាំង​ផ្សេងគ្នា​នៅក្នុង​រាជធានី​ភ្នំពេញ​ ដោយសា​ខា​ទី១ស្ថិតនៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ សាខា​ទី២ស្ថិតនៅ​ក្នុង​ខណ្ឌឫស្សីកែវ​ ហើយ​នៅ​ត្រឹម​ដើមឆ្នាំ២០២០​ ឆាប់​ៗខាងមុខនេះ​ ក្រុមហ៊ុន​មាន​គម្រោង​បង្កើត​សាខា​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ទីផ្សារ​ និង​ការ​គាំទ្រ​ពីអ​តិថិ​ជន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here