រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អះអាង​ ផ្សារ​ AEON​ ទី៣ នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ខាងមុខនេះ​

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ ​ប៉ាន​ សូរ​ស័ក្តិ​ បាន​អះអាង​ថា​ផ្សារ​ AEON​ ទី៣របស់​ជប៉ុន​ នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ខាងមុខនេះ​ ខណៈ​ទំហំ​ពាណិជ្ជ​កម្ម​រវា​កម្ពុជា​និង​ប្រទេស​ជប៉ុន​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​បន្ត​កើន​ដល់​ ២ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ឆ្នាំ​ ២០២០​ ខាងមុខនេះ​។

លោក​ រដ្ឋមន្ត្រី​ ប៉ាន​ សូរ​ស័ក្តិ​ នៅក្នុង​ជំនួប​ពិភាក្សា​ ជាមួយ​លោក​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ថ្មី​របស់​ជប៉ុ​នប្រ​ចំា​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​ ២៤​ ខែតុលា​ ម្សិលមិញ​នេះ​ បាន​លើកឡើង​ថា​ កម្ពុជា​ និង​ជប៉ុន​ មាន​ចំណងមិត្តភាព​ជាយូរមកហើយ​ ដែល​ជាហេតុ​នាំឲ្យ​ប្រទេស​ទាំងពីរ​មាន​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ស្អិត​រមួត​ទាំង​វិស័យ​ការទូត​ និង​វិស័យ​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម​។

លោក​បន្ត​ថា​ ជាមួយគ្នា​នេះ​ ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មានសន្ទុះ​កើន​ទ្បើង​ស្មើនឹង​ ១,៦​ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០១៨​ កើន​ប្រមាណ​ ១០​% ធៀប​ទៅ​ឆ្នាំ២០១៧​ ហើយ​អាច​កើន​ដល់​ ២ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០២០​ នា​ពេល​ខាងមុខ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ទន្ទឹម​នឹង​នេះ​ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​បាន​នឹង​កំពុង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា​ និង​បាន​ផលិត​ផលិតផល​មួយចំនួន​នាំទៅ​ប្រទេស​ថៃ​ តាមកម្ម​វិធី​ថៃ​បូក​មួយ​ ជាមួយគ្នា​នេះ​ផង​ដែរ​ ផ្សារ​អ៊ី​អន​ទីបី​ នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ឆាប់​ៗខាងមុខនេះ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​ភាគី​ជប៉ុន​ផ្តល់​ការ​យកចិត្ត​ទុកដាក់​ដល់​ការ​វិនិយោគ​ការកែច្នៃ​ម្ហូបអាហារ​ កសិផល​ បន្លែ​ផ្លែឈើ​ និង​ជួយ​ផ្តល់​ជំនួយ​បច្ចេកទេស​ សម្ភារ:បរិ​ក្ខា​ និង​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​កម្ពុជា​។

លោក​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ថ្មី​របស់​ជប៉ុ​នប្រ​ចំា​កម្ពុជា​ បានឱ្យ​ដឹង​ដែរ​ថា​ ចំនួន​វិនិយោគិន​ និង​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​មានការ​កើន​ទ្បើង​ជាបន្តបន្ទាប់​ បាន​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ ដែល​ជួយ​ឲ្យ​ប្រជាជន​ប្រទេស​ទាំងពីរ​កាន់តែ​យល់ដឹង​ពីគ្នា​ទៅវិញទៅមក​កាន់តែ​ជិតស្និទ្ធ​ និង​បាន​សង្កត់ធ្ងន់​ថា​កត្តា​ស្ថេរ​ភាព​នយោបាយ​បាន​នាំឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​ប្រមាណ​ ៧,២​%។លោក​ ក៏បាន​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ផ្អែក​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​ វេទិកា​ធុរកិច្ច​ ការ​ផ្គូ​រផ្គង​វិនិយោគិន​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ផ្ទាល់​ពីជ​ប៉ុន​។

លោក​ថា​ រាល់​មតិយោបល់​របស់​លោក​រដ្ឋមន្រ្តី​ គឺជា​កត្តា​សំខាន់​ក្នុង​ការ​ជួយ​បង្កើន​ការនាំចេញ​របស់​កម្ពុជា​ និង​ជា​កិច្ចការ​ដែល​ត្រូវ​សហការ​គ្នា​នា​ពេល​ខាងមុខ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here