ដោយរ៉ា ណេត
ប៉ោយប៉ែតៈ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ ដ៏ធំលើកដំបូងគេនៅក្នុងក្រុងប៉ោយប៉ែត ប៊ីកស៊ីស៊ូភើសេនធ័រ ដែលមានតម្លៃជាង៨៣លានដុល្លារសហរដ្ឋអាមេរិក នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ស្របពេលដែលកំណើនសេដ្ឋកិច្ច នៅក្នុងក្រុងប៉ោយប៉ែត កំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំង ជាពិសេសលើវិស័យលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានា សណ្ឋាគារ អគារពាណិជ្ជចំរុះ រួមជាមួយនឹងផ្សារទំនើបផងដែរនោះ គម្រោងសាងសង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះថ្មីមួយទៀត Big C Super Center ដែលមានទំហំទឹកប្រាក់វិនិយោគចំនួន៨៣លានដុល្លារសហរដ្ឋអាមេរិក របស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង នឹងបង្ហាញខ្លួននៅតំបន់ព្រំដែន ជិតចំណុចក្បាលស្ពានលេខ១ក្រុងប៉ោងប៉ែត។
-->
នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនៅទីស្ដី ការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ ក្រោមការដឹកនាំរបស់លោកស្រី ម៉ម ថានីរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា គម្រោងវិនិយោគអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ខាងលើនេះនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ១៩,៣១៥ម៉ែត្រការ៉េ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របស់ក្រុមហ៊ុន Big C Super Center (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង និងសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញដំបូងដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី & អេ ខនសាល់ធេន។

ក្នុងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម Big C Super Center ក៏ត្រូវបានធ្វើការបែងចែកនូវអគារពាណិជ្ជកម្ម និងអគារសណ្ឋាគារលំដាប់អន្តរជាតិ ដោយនឹងត្រូវដាក់លក់ផ្ដាច់ទៅឱ្យអតិថិជនតាមតម្លៃទីផ្សារ ដើម្បីស្នាក់នៅឬចង់ជួលបន្ត ដោយរយៈពេលកំណត់ត្រូវបានអនុវត្តន៍ ទៅតាមអាយុកាលជាក់ស្ដែងរបស់សំណង់អាគារ ហើយមួយផ្នែកនៃការប្រើប្រាស់ថាមពលអគ្គិសនី ត្រូវមានរួមបញ្ចូលនូវថាមពលកើតឡើងវិញនៃបន្ទះសូឡា៕