ដោយ វុត្ថា
ខេត្តព្រះសីហនុៈ ខេត្តព្រះសីហនុតែមានភាពទាក់ទាញការវិនិយោគ ដោយក្រុមហ៊ុនហុងកុង ប៊ីលាន អ៊ិចប្រ៊េសគ្រុប ហូលឌីង លីមីតធីត បានសម្រេចបោះទុនវិនិយោគទឹកប្រាក់ជិត២២៧លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារលំដាប់អន្តរជាតិផ្កាយ៥មានឈ្មោះថា «CAMBODIA SIHANOUKVILLE V-CONTINENT INTERNATIONAL HOTEL» ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

-->
នាយឧត្តមសេនីយ៍មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សណ្ឋាគារនេះ កាលពីថ្ងៃទី២៨ខែតុលា ឆ្នាំ២០១៩កន្លងមកនេះថា ប្រទេសកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំង ទៅលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ហើយកម្ពុជាតែងតែស្វាគមន៍ដល់អ្នកវិនិ យោគស្របច្បាប់ទាំងអស់ផងដែរ។
លោកក៏មានមោទនភាព ចំពោះក្រុមហ៊ុនដែលមកធ្វើការវិនិយោគទុន ដែលមានឯកសារសាងសង់ត្រឹមត្រូវគោរព តាមច្បាប់របស់ប្រទេសកម្ពុជា ហើយលោកសង្ឃឹមថា នឹងមានអ្នកវិនិយោទុនជាច្រើន មើលតាមគំរូរបស់ក្រុមហ៊ុនស្របច្បាប់មួយនេះ ចូលមកវិនិយោគបន្ថែមឱ្យកាន់តែច្រើន ព្រោះថាគម្រោងធំៗដូច្នេះ នឹងជួយលើកកំពស់កំរិតជីវភាពរបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
លោក Kong Kuok Leong អគ្គនាយកក្រុមហ៊ុនហុងកុង ប៊ីលានអ៊ិចប្រ៊េស គ្រុប ហូលឌីង លីមីតធីត បាន ឱ្យដឹងថា យោងតាមផែនការសរុបនៃឆ្នាំ២០៣០ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តនេះនឹងត្រូវបានអភិវឌ្ឍជាទីក្រុងទំនើប ដែលមានឆ្នេរស្អាតជាងគេ តំបន់សេដ្ឋកិច្ចពហុមុខងារ និងមជ្ឈមណ្ឌលដឹកជញ្ចូនអន្តរជាតិ។
រដ្ឋាភិបាលកម្ពុជា នឹងអភិវឌ្ឍក្រុងព្រះសីហនុជាមជ្ឈមណ្ឌលសន្និបាត និងពាណិជ្ជកម្ម សម្រាប់អាស៊ាន។ បន្ទាប់ពីការអភិវឌ្ឍថាមពលសំណង់ ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវដែកអាស៊ី ផ្លូវល្បឿនលឿន អាកាសយានដ្ឋាន និងកំពង់ផែ ក្រុងព្រះសីហនុ ពិតជាក្លាយជាទីក្រុងដ៏សំខាន់មួយក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវថ្នល់» ដែលបានដាក់ចេញដោយរដ្ឋាភិបាលចិន។
លោក Kong Kuok Leong បានបញ្ជាក់ទៀតថា គម្រោងនេះនឹងក្លាយជាទីតាំងសម្គាល់ដ៏អស្ចារ្យមួយ ដែលបង្កើតស្តង់ដារសណ្ឋាគារអន្តរជាតិ នៅក្រុងព្រះសីហនុ។ ទន្ទឹមនឹងនេះ យើងមានគម្រោងបង្កើតមូលដ្ឋានបណ្តុះបណ្តាលជំនាញ ដោយមានការវាយតម្លៃ និងវិញ្ញាបនបត្ររក្សាវត្តមាន ប្រកួតប្រជែងនៃកម្រិត សេវាកម្មរបស់យើងផងដែរ។
លើសពីនេះការអភិវ ឌ្ឍន៍នេះមានលក្ខណៈស្របច្បាប់ និងមានផែនការលំអិត និងសុក្រិតភាព ដែលអាចធ្វើឱ្យយើងទទួលបាន ការវិនិយោគដ៏ច្រើន ហើយគម្រោងនេះនឹងបង្កើតឱ្យមានឱកាសការងារកាន់តែច្រើន និងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទូទៅ របស់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជាប្រជាជនទូទាំងប្រទេស និងកាត់បន្ថយការចំណាកស្រុក ដើម្បីស្វែងរកការងារនៅក្រៅប្រទេស។

លោកបានបញ្ជាក់ទៀតថា លើសពីនេះទៀត គម្រោងនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញការវិនិយោគ ប្រកបដោយគុណភាពកាន់តែច្រើន ដែលនាំឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍អន្តរជាតិនាពេលអនាគត ហើយយើងជឿជាក់យ៉ាងមុតមាំថា ដោយមានការគាំទ្រដ៏មានតម្លៃពីអាជ្ញាធរពាក់ព័ន្ធ និងការចូលរួមពីគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិសណ្ឋាគាររ Sihanouk Ville V-Continent International Hotel នឹងមានអនាគតជោគជ័យ និងផ្លែផ្កាយ៉ាងខ្លាំងផងដែរ។

សណ្ឋាគារ Sihanouk Ville V-Continent International Hotel រួមមានដូចជា គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយប្រាំ មានចំនួន១,១១១បន្ទប់ ស្មើនឹង ១២០,០០០ម៉ែត្រការ៉េ ការិយាល័យនិងបន្ទប់ស្នាក់បុគ្គលិក នៅលើផ្ទៃដីទំហំ១៦.០០០ម៉ែត្រការ៉េ ដែលមានអគារទាំងអស់ចំនួន៤អគារ រួមមាន អគារ១០ជាន់ចំនួន២អគារ សណ្ឋាគារកំពស់២៧ជាន់ ចំនួន១អគារ ខុនដូរកំពស់២៤ជាន់ចំនួន១អគារ និងមានផ្សារទំនើបពីរជាន់នៅចំកណ្តាលមានទំហំ
១១,៥០០ម៉ែត្រការ៉េផងដែរ ហើយការស្ថាបនានេះ រំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២១៕