កោះ​តៃវ៉ាន់​គ្រោង​នឹង​បើក​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជាបន្ថែមទៀត​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​ ទី​ក្រុង​ហ័​រលៀ​ននៃ​កោះ​តែ​វ៉ាន់​ និង​ក្រុងភ្នំពេញ​ ប្រទេស​កម្ពុជា​ នឹង​មានការ​បង្កើត​ជើងហោះហើរ​ត្រង់​ ក្នុង​គោលបំណង​ជំរុញ​កំណើន​វិស័យ​ពាណិជ្ជកម្ម​ និង​សេវាកម្ម​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។

បន្ទាប់ពី​បាន​ធ្វើការ​សិក្សា​ និង​ស្វែងយល់​លម្អិត​ពី​កាលានុវត្តន៍​ភាព​ ជាពិសេស​ឱកាស​វិនិយោគ​នៅ​កម្ពុជា​មាន​ភាព​វិជ្ជមាន​ច្រើន​ គណៈប្រតិភូ​វិនិយោគ​មក​ពី​ក្រុង​ហ័​រលៀ​ននៃ​កោះ​តៃវ៉ាន់​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ និង​មហិ​ច្ឆិ​តា​ ចង់​បណ្តាក់​ទុន​វិនិយោគ​ជា​ដៃគូ​ជាមួយ​កម្ពុជា​ ពិសេស​មានបំណង​បង្កើត​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​ ពី​ក្រុង​ហ័រលៀន កោះ​តៃវ៉ាន់​ មកកាន់​កម្ពុជា​ថែមទៀត​ផង​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ប្រព័ន្ធ​សារ​អេ​ឡិច​ត្រូ​និច​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ថា​ កម្ពុជា​ និង​តៃវ៉ាន់​ ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយគ្នា​យូរ​មក​ហើយ​ ហើយក៏​មាន​ធ្វើ​ពាណិជ្ជកម្ម​រួមគ្នា​ផង​ដែរ​ ជាពិសេស​លើ​វិស័យ​ឧស្សាហកម្ម​ រោងចក្រ​កាត់ដេរ​ និង​វិស័យ​សំណង់​ជាដើម​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ គណៈប្រតិភូ​វិនិយោគ​មួយ​ក្រុម​ដែល​មាន​ពី​ក្រុង​ហ័​រលៀន​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្ពស់​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ដែល​ក្រៅពី​វិស័យ​ឧស្សាហកម្ម​ដែល​កំពុងតែ​មាន​ក្រុមហ៊ុន​មួយចំនួន​ដំណើរការ​រួច​ទៅ​ហើយ​នោះ​ ក៏​មាន​គម្រោង​ស្នើ​ឱ្យ​មានការ​បង្កើត​ជើងហោះហើរ​ត្រង់ពី​ទីក្រុង​ហ័រលៀន នៃកោះតៃវ៉ាន់មកកាន់​ក្រុង​ភ្នំពេញ  ប្រទេសកម្ពុជា​ផង​ដែរ​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​រវាង​កម្ពុជា​ និង​តៃវ៉ាន់​ មាន​កិច្ច​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយគ្នា​   ហើយក៏មានការហោះហើរត្រង់ជាមួយគ្នាផងដែរ ដូចជា  តៃប៉ិ ជាដើម ប៉ុន្តែ​នៅ​មិនទាន់​មាន​ជើងហោះហើរ​ត្រង់​ពីទីក្រុងហ័រលៀននៅឡើយ​នោះ​ទេ​”។ លោក​បន្ថែម​ថា​ “ដូច្នេះ​ប្រសិនបើ​មានការ​ហោះហើរ​ត្រង់​បន្ថែម​ វា​ជា​វិធីសាស្ត្រ​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​ ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ ហើយក៏​អាច​បង្កើន​សេវាកម្ម​ផ្នែក​ទេសចរណ៍​ផង​ដែរ​”។

ការ​វិនិយោគ​របស់​តែ​វ៉ាន់​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រៅពី​វិស័យ​ឧស្សាហកម្ម​ ដែល​រួមមាន​រោងចក្រ​កាត់ដេរ​ និង​សហគ្រាស​ផលិត​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ ក៏​មាន​ផ្នែក​សុខាភិបាល​ និង​វិស័យ​ធនាគារ​ផង​ដែរ​ ខណៈ​ដែល​នៅ​ឆ្នាំ​បន្ទាប់​គេ​រំពឹង​ថា​ នឹង​មានការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here