ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របទៅនឹងកំណើននៃការអភិវឌ្ឍវិស័យអចលនទ្រព្យ ជាពិសេសំណង់អគារពាណិជ្ជកម្មធំៗ ដែលមានតម្លៃរាប់រយលានដុល្លារនាពេលបច្ចុប្បន្ននេះ ងាកទៅចាប់អារម្មណ៍ទីផ្សារខុនដូនៅកម្ពុជា ហាក់មានភាពពុះកញ្ជ្រោលយ៉ាងខ្លាំង ខណៈដែលអតិថិជនភាគច្រើនជាជនជាតិខ្មែរ ដែលកំពុងចាប់អារម្មណ៍ទៅនឹងខុនដូ ដែលមានតម្លៃមធ្យម។
តាមការអះអាងបញ្ជាក់ពីអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ និងជាអ្នកប្រឡូកផ្ទាល់ នៅក្នុងទីផ្សារលក់ខុនដូនៅកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ការលក់ខុនដូតម្លៃមធ្យមគឺមានទីផ្សារល្អជាងខុនដូ ដែលមានតម្លៃខ្ពស់ ហើយអតិថិជនភាគច្រើនគឺជាជនជាតិខ្មែរ ច្រើនជាងជនបរទេស។
-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TOWN CITY Real Estate Co,.Ltd លោក វ៉ន ចាន់ថន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ផ្អែកតាមភាពជាក់ស្ដែង ទីផ្សារខុនដូនៅចុងឆ្នាំនេះ គឺមានភាពល្អប្រសើរជាឆ្នាំកន្លងទៅដែលមានសភាពស្ងប់ស្ងាត់។ លោកបានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០១៩រហូតមកដល់ចុងឆ្នាំនេះ ការលក់ខុនដូគឺមានភាពល្អប្រសើរ និងកើនឡើងជាងឆ្នាំកន្លងទៅគួរឱ្យកត់សម្គាល់ ហើយភាគច្រើនខុនដូដែលមានតម្រូវការខ្ពស់ ជាប្រភេទខុនដូដែលមានតម្លៃមធ្យម ហើយអតិថិជនជាជនជាតិខ្មែរ ច្រើនជាងបរទេស។
លោក វ៉ន ចាន់ថន បានមានប្រសាសន៍បន្តទៀតថា “តាមការកត់សម្គាល់របស់ខ្ញុំ ខុនដូដែលមានតម្រូវការនិងងាយស្រួលលក់ គឺមានទីតាំងនៅប៉ែកខាងត្បូងក្រុង ដោយសារតែតំបន់នេះតម្លៃដីនៅមានកម្រិត ហើយមានហេដ្ឋារចនាសម្ព័ន្ធល្អ ជាពិសេសមានមហាវិថិ៦០ម៉ែត្រ ៥០ម៉ែត្រ និង៣០ម៉ែត្រ ជាពិសេសនៅជិតក្រុង ដែលជាតំបន់ពួកគាត់បម្រើការងារ ក៏ដូចជាសាលារៀនរបស់កូនៗរបស់គាត់”។
លោកបានបន្តទៀតថា ក្រៅពីការទិញសម្រាប់ស្នាក់នៅ ក៏មានអតិថិជនមួយចំនួនទិញទុកដើម្បីវិនិយោគបន្ត ឬជួលយកចំណូលប្រចាំខែផងដែរ ហើយភាគច្រើនពួកគាត់មានតម្រូវការទៅលើខុនដូដែលមានតម្លៃចាប់៧ ទៅ១២ម៉ឺនដុល្លារក្នុងមួយយូនីត ហើយតម្រូវការនេះ នឹងនៅបន្តរហូតដល់ឆ្នាំ២០២០ខាងមុខនេះ។ ដោយឡែកសម្រាប់ខុនដូដែលមានតម្លៃថ្លៃចាប់ពី១២ដុល្លារឡើងទៅ ភាគច្រើនមានតម្រូវការទៅលើអតិថិជនបរទេស ប៉ុន្តែខុនដូដែលមានតម្លៃថ្លៃបែបនេះមិនសូវមានតម្រូវការខ្ពស់នោះទេ”។
អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវអចលនទ្រព្យ ប្រចាំនៅក្រុមហ៊ុនអន្តរជាតិ CBRE Cambodia កញ្ញាគឹម គិនកេសាបានឱ្យដឹងថា នៅក្នុងចំណោមគម្រោងខុនដូទាំង១៤៥ ខាងលើនេះ មានគម្រោងចំនួន៧០បានបញ្ចប់ការសាងសង់ជាស្ថាពរ ហើយ៧៥គម្រោងកំពុងតែបន្តដំណើរការសាសង់ យ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ។ កញ្ញាបានបន្តទៀតថា នៅក្នុងចំណោមទាំង ៧៥គម្រោង មានខុនដូចំនួន៦២គម្រោង ជាគំរោងសាងសង់បន្តដែលនៅសល់តាំងពីឆ្នាំចាស់ ហើយគម្រោងខុនដូចចំនួន១៣ថ្មីបន្ថែមទៀត ទើបតែបានដាក់ចូលកាលពីចុងឆមាសទី១ នៃឆ្នាំ២០១៩។
នៅក្នុងចំណោមគម្រោងខុនដូ ដែលកំពុងតែបន្តដំណើរការសាងសង់ទាំងអស់ គម្រោងធំ ដែលត្រូវបានធ្វើការចាប់អារម្មណ៍ និងនៅលំដាប់កំពូលរួមមានចំនួន៧គម្រោង រួមមានគម្រោង R&F City, គម្រោង Arakawa Residence, គម្រោង Urban Village, គម្រោង Booyoung Town, គម្រោង La Vista One, គម្រោង Park Land Condo និង គម្រោង The Peak ដោយគម្រោងនីមួយៗ ភាគច្រើនត្រូវបានបែងចែកចេញជាច្រើនដំណាក់កាលក្នុងការសាងសង់។

ដោយឡែកសម្រាប់គម្រោងសាងសង់ សំណង់អគារភ្លោះដ៏មហិមាររបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានកម្ពស់រហូតដល់ ៥៨៦ម៉ែត្រ ដែលកំពុងតែបន្តភាពសកម្មក្នុងការសាងសង់ជញ្ជាំងទប់ដីនៅដំណាក់ដំបូងនាពេលបច្ចុប្បន្ននេះ ត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីគម្រោងនាពេលអនាគត ដោយសារតែម្ចាស់គម្រោងមិនទាន់បានផ្តល់ព័ត៌មានលម្អិតថាតើនឹងមាន Component អ្វីខ្លះ ហើយផ្នែកនីមួយៗមានចំនួនប៉ុន្មានឡើយ៕