ដោយ វុត្ថា
ភ្នំពេញ៖ ទីក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការរីកចំរើនយ៉ាងខ្លាំង ដែលបានធ្វើឲ្យទីក្រុងដែលមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយនេះកាន់តែរីកធំជាងមុន ហើយគ្រប់ផ្នែកនៃរាជធានីមានការអភិវឌ្ឍក្នុងល្បឿនយ៉ាងលឿន ជាក់ស្តែងភាគខាងត្បូង និងខាងលិចនៃទីក្រុងភ្នំពេញនៅតែជាតំបន់ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគនានា។

-->
លោក តេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investments បានប្រាប់គេហតំព័រ propertyarea.asia នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ឱ្យដឹងថា មួយរយៈចុងក្រោយនៃឆ្នាំ ២០១៩ នេះ តំបន់ភាគខាងលិច និងតំបន់ប៉ែកខាងលិចឈាងជើង និងឈាងខាងត្បូង មានសន្ទុះរីកចំរើនខ្លាំងលើវិស័យអចលនទ្រព្យជាងបណ្តាជាយក្រុងនានានៃទីក្រុងភ្នំពេញ។
លោកឧកញ៉ាបន្តទៀតថា ដោយសារតំបន់ទាំងនេះ មានគម្រោងធំៗជាច្រើនបាននឹងកំពុងមានវត្តមាននៅទីនេះ ។ ម្យ៉ាងវិញទៀត ចំពោះដីធ្លីវិញក៏មានមានលក្ខណៈល្អប្រសើរ ព្រមទាំងអំណោយផលខ្ពស់ផងដែរ ។ ប្រការនេះហើយ បានធ្វើឱ្យមានចរន្តនៃការទិញ-លក់ដីកាន់តែកើនឡើង ។
លោកឧកញ៉ាបន្ថែមថា តំបន់ទាំងនេះ បើធៀបជាមួយនឹងតំបន់ផ្សេងទៀតនៃរាជធានីភ្នំពេញ គឺមានរោងចក្រច្រើន និងការពុះដីឡូត៍លក់ក៏ច្រើនផងដែរ ដែលធ្វើឱ្យចរន្តនៃមនុស្សប្រមូលផ្តុំទៅរស់នៅទីនោះកាន់តែច្រើន ជាពិសេសតម្លៃដីធ្លីក៏នៅមានតម្លៃសមរម្យ។
លោកឧកញ៉ា បន្ថែមទៀតថា ចំណែកតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញក៏មានសន្ទុះរីកចំរើនខ្លាំងណាស់ដែរក្នុងរយៈកន្លងមកនេះ បើធៀបជាមួយនឹងតំបន់ផ្សេងទៀត គ្រាន់តែរីកចម្រើននេះ មានលក្ខណៈខុសគ្នា។ តំបន់ភាគខាងត្បូងភាគច្រើនគឺមានសន្ទុះរីកចំរើនខាងផ្នែកលំនៅឋានច្រើនជាង ដែលមិនមែនជាតំបន់ឧស្សាហកម្ម សិប្បកម្ម និងរោងចក្រនោះទេ។
លោកអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investments រូបនេះបានបន្ថែមថា ការរីកចម្រើននៃតំបន់ទាំងនេះ នឹងបន្តមានសន្ទុះរីកចំរើនកាន់តែខ្លាំងថែមទៀត ដោយសារកំណើនៃសេដ្ឋកិច្ចកម្ពុជាបាននឹងកំពុងបោះជំហ៊ានទៅមុខ ជាមួយនឹងទំនោរនៃការវិនិយោគ និងទេសចរណ៍ក៏កាន់តែរីកចំរើនផងដែរ។
លោកស្រីតាំង ហ៊ួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានឱ្យដឹងដែរថា តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញបាននឹងកំពុងរីកចំរើនខ្លាំងលើវិស័យអចលនទ្រព្យច្រើនជាងបណ្តាជាយក្រុងនានា ជាពិសេសតំបន់ផ្លូវ ៦០ ម៉ែត្រ ឬមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយសារមានគម្រោងធំៗជាច្រើនទៅកាន់ទីនោះ។
លោកស្រីថា ក្នុងចំណោមតំបន់ទាំងនេះ តំបន់ផ្លូវ៦០ម៉ែត្រហាក់មានសកម្មភាពរស់រវើកខ្លាំងជាង ដោយសារតែតំបន់នេះ មានគម្រោងធំៗជាច្រើន កំពុងរីកដុះដាល់នៅតំបន់នេះ ជាពិសេសមានគម្រោងផ្សារទំនើប AEON Mall ៣ ដោយពេលខ្លះ អ្នកវិយោគស្វែងរកទិញនៅតំបន់នេះមិនបាន ព្រោះវាមានតម្លៃខ្ពស់។

ចំណែក លោកម៉ម សិរីបញ្ញា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment Co, Ltd ក៏បានមើលឃើញនូវ តំបន់ភាគខាងលិច និងខាងត្បូងនៃទីក្រុងភ្នំពេញនេះ មានការរីកចំរើនខ្លាំងផងដែរលើវិស័យអចលនទ្រព្យនេះ ក្នុងរយៈពេលកន្លងមកនេះ ដោយសារតែដីធ្លីនៅមានតម្លៃសមរម្យ ។
លោកថា សកម្មភាពនៃការទិញលក់ដី ដែលពុះកញ្ជ្រោលខ្លាំងជាងគេនៃជាយក្រុងភ្នំពេញ គឺស្ថិតនៅបណ្តោផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងជាពិសេសនៅតំបន់ផ្លូវ៦០ម៉ែត្រ ព្រោះតម្លៃដីធ្លីនៅតំបន់នេះមានតម្លៃធូរថ្លៃច្រើន៕