ដោយ វុត្ថា
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប តាមរយៈមន្ទីរសាធារណៈខេត្ត បាននឹងកំពុងសាងសង់ផ្លូវបេតុងចំនួន៥ខ្សែ ដើម្បីលើកកំពស់សោភ័ណភាពក្រុង និងសម្រួលដល់ការធ្វើដំណើរ និងឱ្យសាកសមជាខេត្តសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេស។

ដោយ វុត្ថា
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប តាមរយៈមន្ទីរសាធារណៈខេត្ត បាននឹងកំពុងសាងសង់ផ្លូវបេតុងចំនួន៥ខ្សែ ដើម្បីលើកកំពស់សោភ័ណភាពក្រុង និងសម្រួលដល់ការធ្វើដំណើរ និងឱ្យសាកសមជាខេត្តសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេស។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩កន្លងមកនេះបានឱ្យដឹងថា ឆ្នាំ ២០១៩ នេះ រដ្ឋបាលខេត្ត បានលើកគម្រោថវិកា សាងសង់ផ្លូវចំនួន១៧គម្រោងក្នុងក្រុងសៀមរាប ហើយផ្លូវទាំង៥ខ្សែ គឺស្ថិតក្នុងចំណោមផ្លូវទាំង ១៧ខ្សែនេះផងដែរ។
តាមការចុះផ្សាយដដែលបន្តថា ផ្លូវទាំង ៥ខ្សែ ដែលបាននឹងកំពុងសា្ថបនានាពេលនេះ រួមមាន៖ ១-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវមុខកាត់ ១ម៉ែត្រ នៅភូមិតាវៀន ពីក្រោយផ្សារលើ កាត់ផ្ទះតាអុច ដល់ផ្លូវវាងក្រុង ប្រវែង ១២៥៩ ម៉ែត្រ។
២-សាងសង់ផ្លូវបេតុង និងដាក់លូប្រអប់បណ្តោយផ្លូវ មុខកាត់ ៣,៥ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវ ៧មករា ចំណុចហាងលក់គ្រឿងសំណង់ លី ហាំងសេង ដល់ផ្លូវគ្លីនិក នាគ ទេព ប្រវែង ៧៩០ម៉ែត្រ។ ៣-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវមុខកាត់ ១ម៉ែត្រ នៅភូមិចុងកៅស៊ូ ពីផ្លូវជាតិលេខ៦ ចំណុចភ្លើងស្តុបស្មាញលីង ដល់ផ្លូវផ្ទះតាអុច ប្រវែង ៣៣៥ម៉ែត្រ។
៤-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវមុខកាត់ ០,៨ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវក្រោយផ្សារលើ ដល់ផ្លូវវាងក្រុងចំណុចតារាងបាល់ជន្លង់ ប្រវែង ៧៣០ម៉ែត្រ។ ៥-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវមុខកាត់ ០,៨ម៉ែត្រ នៅភូមិតាវៀន ពីភោជនីយ ដ្ឋានស្វាយមាស ដល់ផ្លូវវាងក្រុង ប្រវែង ៨៨៥ម៉ែត្រ។ រដ្ឋបាលខេត្ត បានជម្រុញឲ្យរៀបចំបណ្តាញលូ ប្រឡាយឲ្យបានរួចរាល់មុនពេលដំណើរការសាងសង់ផ្លូវ ព្រមទាំងការរៀបចំបណ្តាញក្រោមដីនានាផងដែរ។

ជាមួយគ្នានេះ រដ្ឋាបាលខេត្តសៀម ក៏បានអំពាវនាវដល់បងប្អូនសាធារណជន ពិសេសបងប្អូនរស់នៅតាមដងផ្លូវ ដែលដំណើរការសាងសង់ មេត្តាយោគយល់ក្នុងអំឡុងពេលដំណើរការសាងសង់ ដែលអាចបង្កការលំបាកធ្វើដំណើរ ការកកស្ទះចរាចរ និងផលប៉ះពាល់បរិស្ថានផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីកន្លងមកនេះ ក៏បានពន្លឿនការសាងសង់ និងស្ថាបនា ផ្លូវសំខាន់ៗនៅក្នុងខេត្តសៀមរាប ដើម្បីលើកសោភ័ណភាព ក្នុងគោលបំណងសំខាន់ក្នុងការជំរុញ និងបង្កើនភាពទាក់ទាញទេសចរឱ្យកាន់តែច្រើន៕