ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របទៅនឹងកំណើននៃការផ្គត់ផ្គង់ផ្សារទំនើប នៅពេលបច្ចុប្បន្ន រួមជាមួយនឹងគម្រោងដាក់បញ្ចូល នូវទីតាំងលក់រាយនៅតាមផ្សារទំនើបថ្មី បន្ថែមទៀតនា អំឡុងឆ្នាំ២០២០ខាងមុខនេះ អ្នកជំនាញបានធ្វើការព្យាករណ៍ថា ទីផ្សារនេះអាចប្រឈមនឹងវិបត្តិ ព្រោះថាការផ្គត់ផ្គង់មានចំនួនច្រើនលើសតម្រូវការ និងមានការប្រកួតប្រជែងខ្ពស់។

-->
បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ផ្សារទំនើបគ្រប់ប្រភេទនៅកម្ពុជា មានការកើនឡើងយ៉ាងច្រើន ដោយគិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានផ្សារទំនើបចំនួន២៨កំពុងដំណើរការ រាប់ទាំងផ្សារដែលទើបតែចាប់ដំណើរការសាកល្បងផងដែរ ហើយផ្សារទំនើបថ្មីៗបន្ថែមទៀត នឹងដាក់ដំណើរការនៅចុងឆ្នាំនេះ។
ស្របទៅនឹងភាពជាក់ស្ដែង នៃការកើនឡើងនូវចំនួនផ្សារទំនើបទាំងអស់នេះ នាយិកាប្រចាំប្រទេសក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា ការកើនឡើងនូវចំនួនផ្សារទំនើបគ្រប់ប្រភេទ នៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ គឺជាសញ្ញាវិជ្ជមានដែលបង្ហាញពីកំណើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍនៅក្នុងប្រទេស ខណៈដែលកម្រិតជីវភាព និងការយល់ដឹងរបស់ប្រជាពលរដ្ឋក៏មានការកើនឡើងផងដែរ។
លោកស្រីបន្តថា “នៅពេលបច្ចុប្បន្ននេះ មានផ្សារទំនើបជាច្រើនកំពុងតែដំណើរការ និងបំពេញតម្រូវការរបស់អតិថិជន ដែលរួមមានទាំងប្រភេទ Shopping Mall ប្រភេទ Retail Podium និងប្រភេទ Community Mall ផងដែរ ប៉ុន្តែក្នុងចំណោមផ្សារទាំងអស់នេះ ភាគច្រើនជាប្រភេទ Community Mall ដែលជាផ្សារទំនើបខ្នាតតូចបែបសហគមន៍ និងងាយស្រួលបង្កើត និងមានតម្រូវច្រើន”។
លោកស្រីបានបន្តទៀតថា “នៅពេលមានការផ្គត់ផ្គង់ច្រើន នៅក្នុងវិស័យតែមួយ គឺតម្រូវមានការប្រកួតប្រជែងគ្នាខ្លាំង ទាំងគុណភាព ទាំងសោភ័ណភាព ជាពិសេសទៅលើតម្លៃនៃការជួល ដែលត្រូវតែមានការធ្លាក់ចុះដោយស្វ័យប្រវត្តិ”។

លោកស្រីបន្ថែមថា “អត្រាជួលធ្លាក់ចុះ ដោយសារតែតម្រូវការជួលទីតាំងលក់រាយត្រូវបានបែងចែក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកអភិវឌ្ឍចាំបាច់ត្រូវតែមានការត្រៀមទុក នូវផែនការយុទ្ធសាស្ត្រក្នុងការប្រកួតប្រជែង ដើម្បីជៀសវាងហានិភ័យ”។

តាមរបាយការណ៍ដែលសិក្សា ដោយក្រុមអ្នកជំនាញស្រាវជ្រាវក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ព្រមគ្នាជាមួយនឹងវត្តមានផ្សារទំនើបនានា ដែលកំពុងមានដំណើរនៅពេលបច្ចុប្បន្ននេះ នៅត្រឹមឆ្នាំ២០២០ខាងមុខនេះ នឹងមានផ្សារទំនើបគ្រប់ប្រភេទប្រមាណ១៩គម្រោងទៀត ដែលគ្រោងនឹងដាក់ចូលទីផ្សារនៅកម្ពុជា ដែលកាន់តែជំរុញឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង៕