អជ្ញា​ធរ​ខេត្ត​កំពង់ស្ពឺ​ ប្រកា​សស​ផ្អាក​ចរាចរណ៍​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៤​ ត្រង់​ចំណុច​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង

0

ដោយ​ ៖ រ៉ា​ណេត​

កំពង់ស្ពឺ​ ៖ នៅ​ព្រឹក​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ បាន​ចេញ​សេចក្ដីប្រកាស​ និង​ជូនដំណឹង​ដល់​សាធារណៈ​ជន​ទូទៅ​អំពី​ការ​ផ្អាក​ចរាចរណ៍​ចំនួន១ថ្ងៃ​ពេញ​ ដើម្បី​រៀបចំ​តម្លើង​ និង​បំពាក់​ផ្នឹម​សាងសង់​ស្ពាន​អាកាស​ថ្មើរ​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ខេត្ត​កំពង់ស្ពឺ​។

នៅក្នុង​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ព្រឹក​វេលា​ម៉ោង​ ១០ព្រឹក​ រហូតដល់​ម៉ោង​ ៥ល្ងាច​ ផ្លូវជាតិ​លេខ៤​ ត្រង់​ចំណុច​ចំណុច​រថយន្ត​ផ្សារ​កំពង់ស្ពឺ​ ដែល​ជាគោល​ដៅ​សាងសង់​ស្ពាន​ថ្មើរជើង​អាកាស​លើកដំបូង​ប្រចាំ​ខេត្ត​ ស្ថិតនៅ​ក្នុង​ភូមិ​ក្រាំង​ពពេល​ និង​ភូមិ​ពាណិជ្ជកម្ម​ សង្កាត់​រកាធំ​ ក្រុង​ច្បារមន​ នឹង​បិទផ្លូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ពេញមួយថ្ងៃ​ ដើម្បី​បញ្ចៀស​បញ្ហា​កកស្ទះ​ចរាចរណ៍​ និង​រក្សា​សុវត្ថិភាព​ជូន​អ្នកធ្វើ​ដំណើរ​។

១- ចំពោះ​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ​ ដែល​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ សូម​បញ្ចៀស​ទៅកាន់​ផ្លូវជាតិ​លេខ៣​

២- ចំពោះ​រថយន្ត​ទេសចរណ៍​គ្រប់​ប្រភេទ​ សូម​បញ្ចៀស​ទៅតាម​ផ្លូវ​កណ្តោល​ជ្រុំ​ (ផ្លូវ​លេខ១០៤​ និង១០៥​) និង​តាមផ្លូវ​បំបែក​តាម​ចំណុច​ភ្លើងស្តុប​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ខេត្ត​ និង​ត្រង់​ចំណុច​ភ្លើងស្តុប​បំបែក​ច្បារមន​ ។

ស្ពាន​អាកាស​ថ្មើរជើង​ត្រង់​ចំណុច​បេនឡាន​ ផ្សារ​កំពង់ស្ពឺ​ក្នុង​តម្លៃ​សាងសង់៣៤ម៉ឺន​ដុល្លារ​អាមេរិក​ នឹង​លេច​រូបរាង​ឡើង​នៅក្នុង​ខែធ្នូ​ ឆ្នាំ២០១៩នេះ​ហើយ​ ។

លោក​ វ៉ី​ សំណាង​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​ “ស្ពាន​អាកាស​ថ្មើរជើង​នេះ​ សាងសង់​បាន​ជាង​ ៧០ភាគរយ​ហើយ​ ដោយ​អនុវត្តន៍​ទៅតាម​លក្ខណៈ​បច្ចេកទេស​ស្តង់​ដា​អន្តរជាតិ​ ដែល​មាន​ប្រវែង៣០ម៉ែត្រ​ កម្ពស់៥,២ម៉ែត្រ​ នឹង​ទទឹង៣ម៉ែត្រ​ ដែល​ធ្វើ​ពី​បេតុង​អា​មេ​”។

លោក​បន្ត​ថា​ “រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ នឹង​គ្រោង​រៀបចំ​ពិធី​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស​ថ្មើរជើង​នេះ​ នៅ​ចុងខែ​ធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​ ដែល​ជាស​មិទ្ធ​ផល​ថ្មី​ជា​ប្រវត្តិសាស្ត្រ​ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ទន្ទឹងរង់ចាំ​មើល​”។

វត្តមាន​ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​មួយ​នេះ​ ត្រូវ​បាន​សាងសង់​កាលពី​ខែឧសភា​ ឆ្នាំ​ ២០១៩ កន្លងមក​នេះ​។ វា​ជាផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​នោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here