ដោយ ម៉ាណេត
ភ្នំពេញ៖ ការរីកចម្រើនវិស័យអចលនទ្រព្យបាននិងកំពុងជំរុញឱ្យមានកំណើនតម្រូវការសម្ភារៈសំណង់ ស្របពេលវិស័យសំណង់នៅបន្តសកម្មភាពគគ្រឹកគគ្រេង ដែលឆ្លុះបញ្ចាំងឱ្យឃើញថាមិនទាន់មានភាពនឿយណាយនៃការវិនិយោគលើវិស័យនេះនៅឡើយ។
SONY DSC
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយដែលចេញផ្សាយដោយធនាគារពិភពលោកកាលពីម្សិលមិញ បានឱ្យដឹងថា កំណើនជាក់ស្តែងរបស់សេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងរក្សាបាន ៧ភាគរយ ក្នុងឆ្នាំ២០១៩។
-->
កំណើនសេដ្ឋកិច្ចនេះមានការរួមចំណែកយ៉ាងខ្លាំងពីវិស័យសំណង់ដែលទាញស្រូបទាញយកការវិនិយោគពីក្នុងការស្រុក និងបរទេស។
របាយការណ៍ បានឱ្យដឹងថា “វិស័យសំណង់នៅបន្តសកម្មភាពគគ្រឹកគគ្រេង ដែលឆ្លុះបញ្ចាំងឱ្យឃើញថាមិនទាន់មានភាពនឿយណាយនៃការវិនិយោគលើវិស័យនេះនៅឡើយទេ”។ របាយការណ៍បានបន្តថា “ជាលទ្ធផល ការនាំចូលដែកសំណង់បានស្ទុះឡើងយ៉ាងគំហុក ដល់ទៅ៦៣,៥ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ ពី ២៧,៧ភាគរយ ក្នុងឆ្នាំ២០១៨”។
តម្រូវការស៊ីម៉ងត៍ត្រូវបានរំពឹងថានឹងកើនឡើងរហូតដល់៩លានតោននៅឆ្នាំនេះ កើនឡើងជិត៩០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ តម្លៃសម្ភារៈសំណង់បានកើនឡើង១០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនស៊ីម៉ងត៍ជីបម៉ុង (Chip Mong Insee Cement Corporation)។
វិស័យសំណង់នៅកម្ពុជាមានការកើនឡើងនៅទូទាំងប្រទេស ដោយបានបង្កើនទំហំទឹកប្រាក់វិនិយោគរហូតដល់ជាង ៧០០០លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល ១០ ខែ ក្នុង ឆ្នាំ២០១៩នេះ នៅលើគម្រោងជិត ៤០០០ ដែលគ្រោងសាងសង់នៅលើផ្ទៃក្រឡាដីជាង ១៥លានម៉ែត្រការ៉េ។
វិស័យសំណង់ដែលកំពុងរីកចម្រើននៅកម្ពុជា ក៏កំពុងបង្កើនការនាំចូលវត្ថុធាតុដែកសំណង់ពីបណ្តាប្រទេសនានាដូចជា ប្រទេសវៀតណាម។
ក្រុមហ៊ុនផលិតដែក Hoa Phat Group ដែលមានមូលដ្ឋាននៅវៀតណាមបានរាយការណ៍ថា ការលក់ដែកបានកើនឡើង ២៨,៦៨ភាគរយ ដោយកម្ពុជាជាអ្នកទិញភាគច្រើន។ ការនាំចេញរបស់ក្រុមហ៊ុនផលិតដែកថែប ប្រទេសវៀតណាមបានកើនឡើងដល់ ២៤៦ភាគរយពីឆ្នាំមុន។ ប្រទេសកម្ពុជាបានទិញដែកថែបជិត ៤៥,៤៣០តោន ពីក្រុមហ៊ុននេះនៅក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ៕