ក្រុមហ៊ុន​ចិន​បាន​បញ្ចប់​ការសិក្សា​គម្រោង​រថភ្លើង​លើ​អាកាស​មួយចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ចិន​មួយ​បាន​បញ្ចប់​ការសិក្សា​គម្រោង​ស្ថាបនា​ ខ្សែរថ​ភ្លើង​លើ​អាកាស​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ បន្ទាប់ពី​ទទួល​បាន​សិទ្ធិ​សិក្សា​ពី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​កាលពី​កន្លងមក​នេះ​។

លោក​គង់​ វិមាន​ អ្នកនាំពាក្យ​ក្រសួង​សា​ធា​ធា​រណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia ​នៅ​ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩នេះ​បានឱ្យ​ដឹង​ថា​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ មក​ពី​ប្រទេស​ចិន​ បាន​ធ្វើការ​សិក្សា​ចប់​សព្វគ្រប់​អស់ហើយ​ នៅ​ខ្សែ​ផ្លូវ​រថភ្លើង​លើ​អាកាស​ មួយចំនួន​ដោយ​រង​ចាំតែ​ក្រុមការងារ​បច្ចេកទេស​របស់ក្រ​សួង​ និង​ក្រុមហ៊ុន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​លំអិត​លើ​ការសិក្សា​នេះ​។

លោក​បន្ត​ថា​ “មកដល់ពេលនេះ​ ក្រសួង​កំពុង​សិក្សា​លម្អិត​ទៅលើ​របាយការណ៍​សិក្សា​នេះ​ និង​រង់ចាំ​ការ​ធ្វើ​បទ​បង្ហាញ​ពី​ក្រុង​មហ៊ុន​”។ លោក​បន្ថែម​ថា​ “បន្ទាប់ពី​ពិនិត្យ​លើ​របាយការណ៍​រួចហើយ​ ក្រសួង​នឹង​ធ្វើការ​ប្រជុំ​ជាមួយ​អន្តរក្រសួង​ និង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ពិនិត្យ​លើ​ករណីនេះ​ ដើម្បី​ស្នើសុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ដំណើរការ​ តែ​ដំណើរ​ពេលណា​នោះ​មិនទាន់​ដឹង​នៅឡើយ​ទេ​ ដោយ​រង់ចាំ​ការ​បន្តិច​សិន​” ។

អ្នកនាំពាក្យ​រូប​នេះ​ មិនបាន​បញ្ជាក់​លំអិត​ពី​ចំណុច​ខ្សែរថ​ភ្លើង​លើ​អាកាស​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​សិក្សា​បញ្ចប់​រួចហើយ​នេះ​ ចាប់ផ្តើម​ពី​ចំណុច​ណា​ទៅ​ចំណុច​ណា​នោះ​ទេ​ ដោយ​លោក​ស្នើសុំ​ឱ្យ​មានការ​រង់​ចំា​បន្តិច​សិន​។

លោក​គង់​ វិមាន​បាន​បន្ថែម​ថា​ “ចឹង​ទេ​សុំ​ថា​ទុក​ការងារ​នេះ​ អោយ​ក្រុមការងារ​បច្ចេកទេស​ ដើម្បី​ធ្វើការ​សិក្សា​ឲ្យបាន​ច្បាស់លាស់​ជាមុន​សិន​ នៅពេល​ដែល​យើង​ទទួល​បាន​របាយការណ៍​ច្បាស់​លាស​ហើយ​ យើង​នឹង​ផ្សព្វផ្សាយ​អោយ​បាន​ទូលំ​ទូលា​ ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប​ពី​រឿង​ហ្នឹង​”។

រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​បង្ហាញ​មហិ​ច្ឆិ​តា​របស់​ខ្លួន​សាងសង់​ខ្សែរថ​ភ្លើង​លើ​អាកាស​ នៅក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​កាត់បន្ថយ​កកស្ទះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ក្រុង​ ខណៈ​នា​ពេល​បច្ចុប្បន្ន​នេះ​ចរាចរណ៍​នៅក្នុង​ទីក្រុង​ដែល​ជា​កន្លែង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ វប្បធម៌​មួយ​នេះ​ បាន​នឹង​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here