ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របពេលដែលកម្លាំង នៃការបញ្ជាទិញមានការកើនឡើងខ្ពស់បានជំរុញឱ្យការផ្គត់ផ្គង់ ផ្សារទំនើបគ្រប់ប្រភេទមានកំណើនយ៉ាងច្រើន ដែលគិតត្រឹមដំណាច់ឆ្នាំ២០១៩នេះ ចំនួនផ្សារទំនើបមានរហូតដល់២១ទីតាំង ស្មើនឹងប្រមាណ ៣៣៧,៤០០ ម៉ែត្រការ៉េ ដែលនឹងដាក់បញ្ចូលនៅលើទីផ្សាររួម។
ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា នៅតែអាចរក្សាបាននូវកំណើនក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំជាប្រចាំ ដែលអាចផ្តល់ឱកាសឱ្យប្រជាពលរដ្ឋរកបានចំណូលខ្ពស់ និងមានលទ្ធភាពល្អប្រសើរនោះ បានធ្វើឱ្យការផ្គត់ផ្គង់លើវិស័យផ្សារទំនើប មានការកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងការប្រកួតប្រជែងគ្នា ដើម្បីដណ្ដើមយកចំណែកទីផ្សារផងដែរ។
-->
តាមការឱ្យដឹងពីសំណាក់អ្នកជំនាញ ក្នុងវិស័យផ្សារទំនើបនៅកម្ពុជាបានលើកឡើងថាសម្រាប់តែនៅក្នុងឆ្នាំ២០១៩ កំណើនផ្សារទំនើបបានកើនឡើងស្ទើរទ្វេដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ជាពិសេសនៅត្រឹមដំណាច់ចុងឆ្នាំនេះ ផ្សារទំនើបគ្រប់ប្រ ភេទមានចំនួនរហូតដល់២១ទីតាំង ខណៈដែលនៅឆ្នាំបន្ទាប់ នឹងមានគម្រោងថ្មីៗមួយចំនួនទៀតកំពុងត្រៀមខ្លួនបើកដំណើរការបន្ថែមទៀត។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ប្រាប់តាមប្រព័ន្ធសារអេឡិចត្រូនិកថា “ការកើនឡើងនូវទំហំផ្សារទំនើបនៅទីក្រុងភ្នំពេញ គឺជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើននូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាផងដែរ ខណៈដែលកម្ពុជា គឺជាទីផ្សារថ្មីសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដោយពួកគេមើលឃើញឳកាសច្រើននៅទីនេះ ។
លោកស្រីបន្តថា “អំណាចនៃការបញ្ជាទិញបានកើនឡើងនៅកម្ពុជា ហើយ កំនើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាមូលហេតុនៃការទាក់ទាញក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ថ្មីៗជាច្រើនឱ្យចូលមកកាន់ទីផ្សារមួយនេះ”។
ផ្អែកតាមរយៈការដែលសិក្សាស្រាវជ្រាវ ដោយក្រុមអ្នកជំនាញក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodiaបានបង្ហាញថា ក្នុងចំណោមផ្សារទំនើបទាំង២១ ស្មើនឹងប្រមាណ ៣៣៧៤០០ម៉ែត្រការ៉េ ដែលដំណើរការនៅក្នុងឆ្នាំ២០១៩ នេះត្រូវបានបែកចែកជា៤ប្រភេទផ្សេងគ្នា ដូចជាប្រភេទ Shopping Mall មានចំនួន៣ ស្មើនឹងប្រមាណ ១៦៧៧២១ ម៉ែត្រការ៉េ ប្រភេទ Shopping Center មានចំនួន៧ ស្មើនឹងប្រមាណ ៩៤៨០០ ម៉ែត្រការ៉េ ប្រភេទ Retail Podium មានចំនួន ៣ ស្មើនឹងប្រមាណ ៣២៣៤០ ម៉ែត្រ និងប្រភេទ Community Mall មានចំនួន៨ ស្មើនឹងប្រមាណ៤២៥៣៩ម៉ែត្រការ៉េ ។
អគ្គនាយកគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ដែលគ្រោងនឹងដំណើរការនៅដើមឆ្នាំ២០២០ខាងមុខនេះ លោក ធួន ស៊ីណាន បានបង្ហាញពីភាពសុទិដ្ឋិនិយម ចំពោះកំណើននៃចំនួនផ្សារទំនើបទាំងអស់នេះ ជាមួយនឹងការលើកទឹកចិត្តដល់បណ្តា អ្នកវិនិយោគបង្កើនលទ្ធភាពក្នុងការផ្គត់ផ្គង់បន្ថែម ខណៈដែលកម្ពុជានៅមានតម្រូវការផ្សារទំនើបបន្ថែមទៀតក្នុងពេលអនាគត។
លោកបន្តថា “ចំនួនផ្សារទំនើបទាំងអស់នេះ នៅមិនទាន់គ្រប់គ្រាន់នឹងតម្រូវការនៅក្នុងប្រទេសកម្ពុជានៅឡើយនោះទេ ដែលយើងទាមទារឱ្យមានបន្ថែមទៀត”។ លោកបានបន្តទៀត “កម្ពុជាមិនអាចបង្កើនផ្សារលក្ខណៈប្រពៃណី ដូចជាផ្សារដើមគរ ផ្សារអូឫស្សី ឬផ្សារបឹងកេង នោះទៀតបានទេ ប៉ុន្តែកម្ពុជាត្រូវការផ្សារទំនើប បែបទាន់សម័យ មកជំនួសផ្សារប្រពៃណីទាំងអស់នោះ ដែលស្របទៅនឹងដំណើរការអភិវឌ្ឍរបស់ប្រទេស”។
លោកបានបញ្ជាក់ថា ជាមួយនឹងតម្រូវការវត្តមានផ្សារទំនើបនេះ ក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍ ក៏ត្រូវតែមានចក្ខុវិស័យ ក្នុងការចាត់ថ្នាក់អតិថិជនគោលដៅរបស់ខ្លួន និងទាមទារឱ្យផែនការអាជីវកម្មឱ្យបានច្បាស់ ជៀសវាងការធ្វើអាជីវកម្ម ឬមុខជំនួញតាមគ្នា ដែលអាចបង្កជាហានិភ័យនៅពេលអនាគត៕