ទីក្រុង​រណប​ជ្រោយ​ចង្វា​រចាប់ផ្តើម​លេចចេញ​ជារូបរាង​ជាមួយនឹង​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​ថ្មី​

0

ដោយ​ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ពីមុន​ផ្ទៃដី​ដែល​ត្រូវ​បាន​ចាក់​បំពេញ​ដោយ​ខ្សាច់​នេះ​ បាន​និង​កំពុង​វិវត្តន៍​ជា​បណ្តើរ​ៗទៅជា​ទីក្រុង​ពាណិជ្ជកម្ម​នា​ពេល​អនាគត​ ខណៈ​ទឹកប្រាក់​ប្រមាណ ៣០០០លាន​ដុល្លារ​នឹង​ចាក់​បញ្ចូល​ក្នុង​តំបន់​នេះ​ ដោយក្រុម​ហ៊ុន​ OCIC ​និង​អ្នក​វិនិយោគ​ដទៃទៀត​។

ជា​ថ្នាក់ដឹកនាំ​មួយ​រូប​នៅ​អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ លោក​ទូច​ សំណាង ​តែងតែ​ស្វាគមន៍​ជាមួយ​បណ្តាញ​សារ​ព័​ត៌មាន​ ឆ្លើយ​ទាក់ទង​នឹង​គំរោង​អភិវឌ្ឍន៍​នានា​របស់​ក្រុមហ៊ុន​។ លោក​សំណាង ​បាន​ផ្តល់​ព័​ត៌មាន​លំអិត​ ពី​គំរោង​ទីក្រុង​រណប​ដ៏​មាន​សក្តា​នុ​ពល​នា​ពេល​អនាគត​នេះ​។

លោក​សំណាង​ បាន​មានប្រសាសន៍​ឲ្យដឹង​ នៅ​ការិយាល័យ​របស់​លោក​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ បន្ទាប់ពី​យើង​បាន​ធ្វើការ​សិក្សា​ជាមួយ​អាជ្ញាធរ​ ក្រុមហ៊ុន​បាន​កាត់​ដី​ជូន​ប្រជាពលរដ្ឋ​ចំនួន ១០២ហិ​កតា​ លើ​ផ្ទៃដី​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​ទំហំ ៣៨៧ហិ​កតា​ និង​បាន​កាត់​លើក​ទី២បន្ថែម​ទៀត​ សម្រាប់​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ដទៃទៀត​ដូចជា​ផ្លូវ​ សួនច្បារ​ ប្រព័​ន្ធ​លូ​ ទើប​យើង​នៅសល់​ផ្ទៃដី​ចុងក្រោយ ១៤០ហិ​កតា​ ក្នុង​នោះ​ផ្ទៃដី១០ភាគរយ ​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ដី​ ដែល​មាន​ទំហំ​ប្រមាណ ៣០ហិ​កតា​។

លោក​បន្ត​ថា​ ផ្ទៃដី​នៅសល់​ប្រមាណ ១១០ហិ​កតា​នេះ​ រដ្ឋាភិបាល​គ្រោង​ប្រើប្រាស់​ដី​នេះ​សម្រាប់​សាងសង់​សាលា​ឧទ្ទរ​ណ៍​ សាកល​វិទ្យាល័យ​ភូមិន្ទ​ និង​វិចិត្រ​សិល្បៈ​ សាលា​គយ​ សហ​ព័ន្ធយុវជន​ និង​សាលាខណ្ឌ​បន្ថែម​ទៀត​ ដូច្នេះ​ផ្ទៃដី​នៅសល់​មាន​ទំហំ​ប្រមាណ ១០០ហិ​កតា​ សម្រាប់​អភិវឌ្ឍន៍​។

តើ​គម្រោង​ទីក្រុង​រណប​ ដែល​គ្រោង​ចំណាយ​លុយ​ដ៏​ច្រើន​នេះ​ កំពុង​មានការ​វិវត្តន៍​បែប​ណា​? លោក​ទូច​ សំណាង​ បាន​ឲ្យដឹង​ថា​ បន្ទាប់ពី​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ធជិត​បញ្ចប់​ ដោយមាន​ផ្លូវ​ប្រវែង​សរុប​ប្រមាណ ៣០គីឡូម៉ែត្រ​ និង​ប្រព័ន្ធ​លូ​ប្រវែង ៦០គីឡូម៉ែត្រ​ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ១៥០លាន​ដុល្លារ​ ពេលនេះ​ក្រុមហ៊ុន​កំពុង​សាងសង់​ផ្ទះល្វែង​ លក់​ក្នុង​តម្លៃ​ចន្លោះ ១៥ ទៅ ២៥ម៉ឺន​ដុល្លារ​ និង​បាន​បើក​លក់​បណ្តើរ​ៗហើយ​ ។ ក្រុមហ៊ុន​ក៏​កំពុង​សាងសង់​អាគារ​ពាណិជ្ជកម្ម​កំពស់ ១០​ ទៅ១២ជាន់​ លក់​ក្នុង​តម្លៃ ៣ទៅ ៤លាន​ដុល្លារ​ និង​អា​គា​រិយា​ល័​យក​ណ្តាល​របស់​ OCIC​ កំពស់ ២០ជាន់ ​នៅ​តំបន់​នេះ​ ដែល​បោះទុន​វិនិយោគ​តិច​ជាង ៣០លាន​ដុល្លារ​អាមេរិក​។

លោក​បន្ត​ថា​ “យើង​គ្រោង​រៀបចំ​តំបន់​នេះ​ ជាទី​ក្រុង​ពាណិជ្ជកម្ម​នា​ពេល​អនាគត​ ហេតុនេះ​ទើប​យើង​មិន​សាងសង់​វីឡា​ ឬផ្ទះល្វែង​ច្រើន​នោះ​ទេ​ ប៉ុន្តែ​យើង​ស្វាគមន៍​អ្នក​វិនិយោគ​បរទេស​ ដែល​ចង់​ទិញ​ដី​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​នេះ​”។ លោក​បន្ត​ថា​ “យើង​ចង់​ឲ្យ​ទីក្រុង​នេះ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ទី២​ ដូច​តំបន់​ពាណិជ្ជកម្ម​ស្ថិតនៅ​តាម​មហាវិថី​ព្រះមុនីវង្ស​នា​ពេល​អនាគត​”។

លោក​ទូច​ សំណាង​ បាន​បន្ត​ថា​ ទីក្រុង​នេះ​នឹង​ត្រូវ​អភិ​វឌ្ឈ​ន៍​ តាម​បែប​ Smart​ City​ ដោយមាន​ការ​កប់​ខ្សែរ​ភ្លើង​ក្រោម​ដី​ អំពូល​បំភ្លឺ​ LED​ បំពាក់​ដោយ​កាមេរ៉ា​ និង​ទឹក​កខ្វក់​ចេញពី​អាគារ​និ​មួយ​ៗ សុទ្ធ​តែ​ឆ្លង​កា​ត់​ប្រព័​ន្ធចម្រោះ​ មុន​បង្ហូរ​ចេញទៅ​កាន់​ទន្លេ​។

ទីក្រុង​រណប​ជ្រោយ​ចង្វា​រ ស្ថិតនៅ​លើទឹក​ដី​ក្នុង​សង្កាត់​ចំនួន​បី​ គឺ​សង្កាត់​ជ្រោយ​ចង្វា​រ ព្រែក​លាប​ និង​សង្កាត់​ព្រែកតាសេក​ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​រ។

ជា​មួយ​នឹង​ព័​ត៌មាន​លេច​លឺ​ថា​ ក្រុមហ៊ុន​នឹង​ការ​រើ​សា​លពិព័រ​ណ៍ និង​សន្និបាត​កោះ​ពេជ្រ​ទៅកាន់​ទីក្រុង​ជ្រោយ​ចង្វា​រផង​ដែរ​ លោក​ទូច​ សំណាង ​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ក្រុមហ៊ុន​ពិតជា​មាន​គំរោង​រុះរើ​រោងការ​ សា​លពិព័រ​ណ៍ និង​បង្កើត​កន្លែង​កំសាន្ត​នានា​ចេញពី​តំបន់​កោះ​ពេជ្រ​ មកកាន់​ទីក្រុង​រណប​នេះ​ផង​ដែរ​ ប៉ុន្តែ​ពេលនេះ​យើង​កំ​ពុង​សិ្ថ​តក្នុង​ការសិក្សា​ថា​ តើ​ប្រជាពលរដ្ឋ​នឹង​មក​តាមយើង​ដែរ ​ឬយ៉ាងណា​ នៅពេល​យើង​ផ្លាស់​ប្តូរ​ទីតាំង​រោងការ​ និង​សាលសន្និសីទ​ចេញពី​កោះ​ពេជ្រ​មក​តំបន់​នេះ​ និង​កំពុង​សិក្សា​ពី​លំហូរ​ចរាចរណ៍​នា​ពេល​អនាគត​ផង​ដែរ​។

ងាកមើល​អតីតកាល​បន្តិច​វិញ​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ​OCIC​ ក៏បាន​សាងសង់​បុ​រី​រ៉ុ​ងរឿង​ និង​បាន​ផ្តល់​ផ្ទះ​សមរម្យ​សម្រាប់​សហគមន៍​ប្រជាពលរដ្ឋ​ ដែល​ធ្លាប់​រស់នៅ​តំបន់​នេះ​ប្រមាណ ៣០០គ្រួសារ​ផង​ដែរ​ ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​ក៏​នៅតែ​មើល​ថែរ​ និង​ទំ​នុក​បំ​រ៉ុង​ពួកគេ​ជាប្រចាំ​ផង​ដែរ​ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ គំរោង​អភិ​វឌ្ឈ​ន៍​របស់​យើង​ពិតជា​បាន​ចូលរួម​ក្នុង​ការងារ​សង្គម​ និង​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។ លោក​ទូច​ សំណាង​បញ្ជាក់ឲ្យដឹង​។

លំហូរ​ចរាចរណ៍​ពិតជា​មាន​សារៈសំខាន់​ ដែល​នេះ​ទំនងជា​អ្វី​ដែល​ក្រុមហ៊ុន​ OCIC​ បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ផង​ដែរ​ ដោយ​លោក​ទូច​ សំណាង​បាន​ឲ្យដឹង​ថា​ ដោយសារ​ស្ពាន​ជ្រោយ​ចង្វា​រ មិត្តភាព​កម្ពុជា​ ជប៉ុន​ត្រូវការ​ជួសជុល​រយៈពេល​វែង​ ទើប​ក្រុមហ៊ុន​បាន​សាងសង់​ស្ពានដែក​បា​ឡេ​ ដែល​ប្រើប្រាស់​ថវិកា​ក្រៅ​គំរោង​ប្រមាណ ៩លាន​ដុល្លារ​ មុន​ពេល​យើង​សាងសង់​ស្ពាន​យោង​ដោយ​ខ្សែកាប​ ស្រដៀងគ្នា​នឹង​ស្ពាន​អ្នកលឿង​ដោយ​ស្ពាន​នេះ​មាន​ទទឹង​ជាង ២០ម៉ែត្រ​ បណ្តោយ​ជាង ៥០០ម៉ែត្រ​ និង​ចំណាយ​ទុន​វិនិយោគ​សាងសង់ ៣៥លាន​ដុល្លារ​។ ស្ពាន​នេះ​នៅពេល​ខាង​មុ​ខឆាប់​ៗនេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ចេញពី​តំបន់​នេះ​ ចូល​ក្រុងភ្នំពេញ​ ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​ចរាចរ​ចេញចូល​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ មាន​ភាព​រលូន​នា​ពេល​អនាគត​។

អ្នកនាំពាក្យ​រដ្ឋបាល​ក្រុងភ្នំពេញ​លោក​ម៉េ​ត មាស​ភ័ក្តី​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​ដល់​ក្រុមហ៊ុន ​OCIC​ អភិវឌ្ឍន៍​តំបន់​នេះ​ជាទី​ក្រុង​រណប​ ហើយ​ជាល​ទ្ធផល​ខ្សាច់​ត្រូវ​បាន​ចាក់​បំពេញ​រួចហើយ​ ប៉ុន្តែ​ការ​អភិវឌ្ឍ​របស់​វិស័យ​ឯកជន​ត្រូវតែ​ធ្វើតាម​ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​ តាមរយៈ​ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ប្រព័​ន្ធលូ​ចម្រោះ​ទឹក​កខ្វក់​ជាដើម​ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ ការ​អភិ​វឌ្ឈ​ធ្វើឡើង​ប្រកបដោយ​និរន្តរភាព​ និង​ធានា​បាន​នូវ​និរន្តរភាព​បរិស្ថាន​។

លោក​បន្ត​ថា​ “ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​តំបន់​នេះ​ ជា​គំរោង​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​អនុវត្តន៍​តាម​ផែនការ​របស់​ខ្លួន​ ព្រោះ​ទីតាំង​នេះ​ គឺជា​ទីក្រុង​រណប​ដែល​នឹង​បណ្តុំ​ដោយ​ប្រជាពលរដ្ឋ​ ដែល​នឹង​រីក​ដុះដាល​ចេញពី​ទីក្រុង​”។ លោក​បន្ត​ថា​ “តំបន់​
នី​មួយ​ៗមាន​មាន​សក្តា​នុ​ពល​ និង​ភាព​ពិសេស​ដោយ​ឡែ​កៗ​ពីគ្នា​ ប៉ុន្តែ​ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​នានា​ភ្ជាប់​ទៅ​តំបន់​នេះ​នា​ពេល​អនាគត​ នឹង​ធ្វើឲ្យ​ទីក្រុង​នេះ​មានការ​រីកចម្រើន​នា​ពេល​អនាគត​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here