ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូននឹងចុះហត្ថលេខាជាមួយក្រុមហ៊ុន China Railway International Group C, Ltd ដើម្បីសិក្សាគំរោងសាងសង់ផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តភ្នំពេញ បាវិត។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា គម្រោងដែលនឹងចុះហត្ថលេខានៅរសៀលនេះ គ្រាន់តែជាគម្រោងក្របខណ្ឌរបស់រដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនប្រគល់ឱ្យក្រុមហ៊ុន សម្រាប់សិក្សាប៉ុណ្ណោះ បន្ទាប់ពីសិក្សា និងដឹងពីតម្លៃថ្លៃអស់ប៉ុន្មានរួចរាល់ហើយនោះ នឹងធ្វើកុងត្រាមួយទៀតចាប់ផ្តើមសាងសង់ហើយ។
លោកបន្តថា “នេះគឺជាកិច្ចព្រមព្រៀងក្របខណ្ឌ ដែលសិក្សារួចហើយ គឺសាងសង់ដោយក្រុមហ៊ុន China Rail Way International Group .,Ltd នេះ”។ លោកបន្តថា “មានន័យថា ក្រសួងអនុញ្ញាតឱ្យក្រុមហ៊ុនតែមួយប៉ុណ្ណោះ គឺក្រុមហ៊ុនដែលនឹងចុះហត្ថលេខានៅរសៀលនេះ”។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុបប្រហែល ១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។
យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គ.ម។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧ កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន១ផងដែរ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងកំពុងស្ថិតក្នុង ដំណាក់កាលពិភាក្សាលើតម្លៃនៃគម្រោង និងប្រភពថវិកា។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញការសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ រួចរាល់ផងដែរ។
ព៌តមានលំអិតពីការចុះហត្ថលេខានេះ គេហទំព័រ Propertyarea.asia នឹងធ្វើបច្ចុប្បន្នភាពជូននាពេលរសៀលនេះ៕






