គេហទំព័រ​ Propertyarea.asia​ ចុះ​ MOU ​ជាមួយ​សាលា​អចលនទ្រព្យ​កម្ពុជា​ដើម្បី​សហការ​លើ​ការ​ផ្សព្វ​ផ្សាយ​ព័​ត៌មាន​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ គេហទំព័រ​ Propertyarea.asia​ បាន​ចុះ​កិច្ច​ព្រមព្រៀង​សហការ​ជាមួយ​គេហទំព័រ​របស់​សាលា​អចលនទ្រព្យ​កម្ពុជា ​(realestateschool.com.kh​) ដើម្បី​ផ្សព្វ​ផ្សាយ​ព៌​តមាន​ទា​ក់់​ទង​នឹង​វិស័យ​អចលនទ្រព្យ​ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

ដោយ​លោ​កយិន​ លាង​គង់​ស្ថាបនិក​និង​អគ្គនាយក​គេហទំព័រ​ Propertyarea.asia​ និង​លោក​ខាត់​ បូរ៉ា​ នាយក​សាលា​អចលនទ្រព្យ​កម្ពុជា ​(Real​ Estate​ School​ of​ Cambodia​) បាន​ចុះហត្ថលេខា​លើ​កិច្ចសហការ​នេះ​ ដែល​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់១នា​ព្រឹក​ថ្ងៃទី៤​ ធ្នូ​នេះ​។

លោក​ខាត់​ បូរ៉ា​ នាយក​សាលា​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ក្នុងនាម​ថ្នាក់ដឹកនាំ​សាលា​ និង​ក្នុងនាម​លោ​ក អោម​ សេង​បូរ៉ា ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សាលា​អចលនទ្រព្យ​កម្ពុជា​ មាន​សេចក្តី​រីករាយ​ក្នុង​ការ​សហការ​ ជាមួយនឹង​គេហទំព័រ​ Propertyarea.asia​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព៌័ត៌មាន​ដ៏​មាន​សារៈសំខាន់​ ដែល​ផ្តល់់​ជូន​អ្នក​អា​ននូវព័​ត៌មាន​អាច​ទុកចិត្ត​បាន​ និង​មាន​មូលដ្ឋាន​វិទ្យាសាស្រ្ត​។

លោក​បន្ត​ថា​ “គេហទំព័រ​ Propertyarea.asia​ បាន​និង​កំពុង​ឈានមុខ​គេ​ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​អចលនទ្រព្យ​ និង​សេដ្ឋកិច្ច​កម្ពុជា​ ដោយ​មើលឃើញ​នូវ​ទស្សនទាន​នៃ​ការ​ផ្សព្វផ្សាយ​ដោយ​ភាព​វិជ្ជមាន​នេះ​ហើយ​ ទើប​យើង​សហការ​គ្នា​ ដើម្បី​ឈរ​លើ​មូលដ្ឋាន​ ឈ្នះ​ ឈ្នះ​ទាំងអស់គ្នា​”។ លោក​បន្ត​ថា​ “គេហទំព័រ​ Propertyarea.asia​ នឹង​ផ្តល់​នូវ​ព័ត៌មាន​មានប្រយោជន៍​ជាច្រើន​ប្រចាំ​សប្តាហ៍​ ដល់​ realestateschool.com.kh​ ដោយ​ផ្តោត​លើព័ត៌មាន​សំ​ខាន់​ៗចំនួន៧​”។

ព័​ត៌មាន​សំ​ខាន់​ៗចំនួន៧​ ដែល​នឹង​ត្រូវ​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​លើ​គេហទំព័រ realestateschool.com.kh​ ដូចជា​៖ 1- បច្ចុប្បន្នភាព​វិស័យ​ខុន​ដូ​ និង​អា​ផា​តមិន​ 2- បច្ចុប្បន្នភាព​វិស័យ​លំនៅឋាន​ 3- បច្ចុប្បន្នភាព​វិស័យ​ដីធ្លី​ ​និង​ដី​ឡូ​តិ៍​ 4- បច្ចុប្បន្នភាព​វិស័យ​ជួល​ការិយាល័យ​ 5- បច្ចុប្បន្នភាព​ច្បាប់​ ​និង​គោលនយោបាយ​សម្រាប់​វិស័យ​អចលនទ្រព្យ​។ 6- បច្ចុប្បន្នភាព​វិស័យ​អគារ​ពាណិជ្ជកម្ម​ ​និង​ផ្សារ​ទំនើប​ 7- បច្ចប្បន្ន​ភាព​បច្ចេកវិទ្យា​សម្រាប់​វិស័យ​អចលនទ្រព្យ​។

លោ​កយិន​ លាង​គង់​ ស្ថាបនិក​ និង​ជា​អគ្គនាយក​គេហទំព័រ​ Propertyarea.asia ​បាន​ថ្លែងអំណរគុណ​ដល់​សហសេវិក​ និង​ក្រុមការងារ​គេហទំព័រ​ Propertyarea.asia​ ដែល​បាន​ខិតខំ​យក​អស់ពី​កំលាំង​កាយ​ចិត្ត​ ក្នុង​ការ​បំពេញការងារ​ ដែល​ជាល​ទ្ឋ​ផល​បាន​ធ្វើឲ្យ​គេហទំព័រ​នេះ​ ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកអាន​ជាតិ​ និង​អន្តរជាតិ​ ពិសេស​បាន​ទទួលការ​គាំទ្រ​ពី​រដ្ឋាភិបាល​ តាមរយៈ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដោយ​ក្រសួង​បាន​ផ្តល់​ការ​អនុញ្ញាត្ត​ឲ្យ​គេហទំព័រ​នេះ​ ផ្សព្វផ្សាយ​ពី​មូលដ្ឋាន​ច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា​ ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណៈ​ជន​បាន​សិក្សា​ស្វែងយល់​។

លោក​បន្ត​ថា​“ដោយ​ឈរ​លើ​មូលដ្ឋាន​វិជ្ជាជីវៈ​ និង​ក្រម​សីល​ធ៌ម​ បច្ចុប្បន្ន​គេហទំព័រ​នេះ​ទទួល​បាន​អ្នកអាន​ បាន​កើនឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ដោយ​ចំនួន​អ្នក​ចូល​អាន​មាន​ចន្លោះ​ពី ១៥០០០នាក់​ ទៅ​ជិត ៣០០០០នាក់​ជា​រៀងរាល់ថ្ងៃ​”។ លោក​បន្ត​ថា​ “យើង​ចង់​ដើរតួ​នាទី​ជា​វេទិកា​មួយ​របស់​រដ្ឋាភិបាល​ ដោយ​ផ្តល់​ព័ត៌មាន​អាច​ទុកចិត្ត​បាន​ ដើម្បី​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​អាចយ​កប្រើប្រាស់​ជា​មូលដ្ឋាន​ពិចារណា​ ដើម្បី​សម្រេចចិត្ត​ក្នុង​ការ​វិនិយោគ​”។

ជាមួយនឹង​ភាព​ជោគជ័យ​នេះ​ គេហទំព័រ​ Propertyarea.asia​បាន​ និង​កំពុង​ផ្សព្វ​ផ្សាយ​ព័​ត៌មាន​ជា​ភាសាខ្មែរ​ និង​អង់គ្លេស​ ហើយនឹង​ពង្រីក​ការ​ផ្សព្វផ្សាយ​ជា​ភាសា​ចិន​នៅពេលអនាគត​។

លោ​កយិន​ លាង​គង់​ បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​ក្រុមការងារ​គេហទំព័រ​នេះ​ បាន​និង​កំពុងធ្វើការ​យ៉ាងសកម្ម​ផង​ដែរ​ ដើម្បី​ផលិត​ជា​វីដេអូ​ចំណេះដឹង​ និង​ព៌​តមាន​ថ្មី​ៗទាន់​ហេតុការណ៍​ ដើម្បី​ពង្រីក​ផលិតផល​របស់​យើង​ ទៅកាន់​អតិថិជន​កាន់តែ​សម្បូរ​បែប​ និង​មាន​ជម្រើស​ច្រើន​សំរាប់​ការ​អាន​ ការ​ទស្សនា​ និង​ស្តាប់​។

លោក​បន្ត​ថា​ “គេហទំព័រ​នេះ​ផ្តោត​លើ​ការ​ផ្សព្វផ្សាយ​រឿង​វិជ្ជមាន​ និង​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ ដើម្បី​ផ្តល់​ជូន​អ្នកអាន​នូវ​ទស្សន​វិជ្ជមាន​ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ ជាជាង​ផ្សព្វផ្សាយ​ពី​ឧក្រិដ្ឋ​កម្ម​ និង​ភាព​អសកម្ម​នានា​នៅក្នុង​សង្គម​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here