ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលបានចាប់ផ្តើមសិក្សា គម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវរថភ្លើង កណ្តាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍ និងបញ្ចៀសការកកស្ទះនៅលើមហាវិថីសហព័ន្ធរុស្ស៊ី។

ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលបានចាប់ផ្តើមសិក្សា គម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវរថភ្លើង កណ្តាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍ និងបញ្ចៀសការកកស្ទះនៅលើមហាវិថីសហព័ន្ធរុស្ស៊ី។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ម្សិលមិញនេះ បានចុះពិនិត្យមើលស្ថានភាពផ្លូវរថភ្លើង ចាប់ពីស្ថានីយរាជាយស្ម័យយាន ឆ្ពោះទៅស្ថានីយពោធិ៍ចិនតុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលនបានមានប្រសាសន៍ថា ការចុះពិនិត្យនេះធ្វើឡើង ដើម្បីពិនិត្យលទ្ធភាពក្នុងការ សាងសង់ផ្លូវបេតុងអាមេ អមសងខាងផ្លូវរថភ្លើង ចាប់ពីចំណុចមហាវិថីគឹមអ៊ីលសុង ដល់វិថីឈ្នះឈ្នះ (ហៅផ្លូវទំនប់កប់ស្រូវ) តភ្ជាប់ទៅផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដើម្បីរំដោះការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននៅលើផ្លូវសហព័ន្ធរុស្សី ក៏ដូចជា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងសម្រួលដល់ការដឹកទំនិញឆ្លងកាត់ចូល ក្នុងរាជធានីភ្នំពេញផងដែរ។
លោកបន្តថា “ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនរាជាយស្ម័យយានកម្ពុជា ធ្វើការសិក្សាលទ្ធភាព និងផលប៉ះពាល់កំណាត់ផ្លូវនេះ ដើម្បើលើកសំណើដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច និងស្វែងរកថវិកាសាងសង់ផងដែរ”។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងដែរថា គម្រោងស្ថាបនាផ្លូវនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការជួយរំដោះការធ្វើចរាចរណ៍ នៅតាមបណ្តោយផ្លូវវសហព័ន្ធរុស្សីយ៉ាងមានប្រសិទ្ធិភាព ខណៈផ្លូវសហព័ន្ធរុស្សីបច្ចុប្បន្ន កំពុងប្រឈមការកកស្ទះយ៉ាងខ្លាំងស្ទើតែរៀងរាល់ថ្ងៃ៕
