សម្ដេច​តេជោ​បង្ហាញ​ពី​រូបភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​- ព្រះសីហនុ​ដែល​សាងសង់​បាន​ប្រមាណ​ ៧ភាគរយ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​បាន​សរសេរ​នៅ​លើ​បណ្តាញ​ ទំនាក់ទំនង​សង្គម​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ច​អភិវឌ្ឍន៍​ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ នៅ​ទូទាំង​ប្រទេស​ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ ក្នុង​វិស័យ​ដឹកជញ្ជូន​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ រួម​ជាមួយនឹង​លើកយក​កម្រង​រូបភាព​នៃ​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ ដែល​ទើប​ដំណើរការ​បាន៧ភាគរយ​មក​បង្ហាញ​ផង​ដែរ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​សរសេរ​ថា​ “ផ្លូវថ្នល់​ និង​ស្ពាន​តូច​ធំ​នៅក្នុង​ប្រទេស​ត្រូវ​បាន​កសាង​ និង​កែ​លម្អ​អោយ​មាន គុណ​ភាព​ ដើម្បី​បម្រើ​ដល់​ការ​ដឹកជញ្ជូន​ជាមួយ​មធ្យោបាយ​គ្រប់​កម្រិត​ទាំង​ធន់​ស្រាល​ មធ្យម​ និង​កម្រិត​ធុន​ធ្ងន់​ ដើម្បី​ជំរុញ​អោយ​សេវាកម្ម​ការ​ដឹកជញ្ជូន​កាន់តែ​មា​នប្រសិទ្ឋ​ភាព​ខ្ពស់​ និង​ចំណេញពេលវេលា​ដល់​ពាណិជ្ជករ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ស្រប​ពេល​ដែល​កម្ពុជា​បាន​ និង​កំពុង​ផលិត​នូវ​ផលិតផល​កសិកម្ម​ និង​ផលិតផល​កម្មន្តសាល​ និង​ផលិតផល​ប្រើប្រាស់​ជាច្រើន​ទៀត​ ចេញពី​កម្ពុជា​ឆ្ពោះទៅ​កាន់​ទីផ្សារ​អន្តរជាតិ​”។

ជាមួយគ្នា​នេះ​ សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​ ចំពោះ​ការចូលរួម​របស់​វិនិយោគិន​ និង​ពាណិជ្ជករ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ផង​ដែរ​ថា​ “អរគុណ​ដល់​ការចូលរួម​របស់​វិ​និ​យោ​គគិន​ និង​ពាណិជ្ជករ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ដែល​បាន​ចូលរួម​ជំរុញ​វិស័យ​ឯកជន​អោយ​មានសន្ទុះ​កាន់តែ​រីកចម្រើន​លឿនទៅមុខ​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​”។

គិត​មកដល់​ពេល​បច្ចុប្បន្ន​នេះ​ គម្រោង​សាងសង់​ផ្លូ​វល្បឿ​លឿន​ ភ្នំពេញ​ – ព្រះសីហនុ​ ទើបតែ​បានសម្រេច​ប្រមាណ ៧ភាគរយ​ ខណៈ​ដែល​កាលកំណត់​ពេល​នៃ​ការសាងសង់​ត្រូវ​បញ្ចប់​ទាំងស្រុង​នៅក្នុង​អំឡុង​ខែមីនា​ ឆ្នាំ២០២៣ខាងមុខនេះ​។

ទទឹង​តួ​ផ្លូវ​សរុប​នៃ​គម្រោង​ខាងលើ​ នឹង​ត្រូវ​សាងសង់​មាន​ទំហំ​រហូត២៤.៥ម៉ែត្រ​ ដោយ​ក្រាល​បេតុង​កៅស៊ូ​ (AC​) កម្រាស់១០សង់ទីម៉ែត្រ​ ទទឹង២៣ម៉ែត្រ​ ដែល​ក្នុង​នោះ​រួមមាន​៖- គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថយន្ដ​ ទទឹង១៥ម៉ែត្រ​ ចែក​ជា៤គន្លង​ (២គន្លង​ ទៅ​ ២គន្លង​មក​) ដែល​គន្លង​នី​មួយ​ៗមាន​ទទឹង៣.៧៥ម៉ែត្រ​ ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​ រហូតដល់១០០គ.ម​ ក្នុង​មួយ​ម៉ោង​ និង​កន្លែង​ខ្លះ​អាច​ដល់១២០គ.ម​ ក្នុង​មួយ​ម៉ោង​។

– ខឿន​សួន​ចែក​ទិសចរាចរណ៍​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​ ទទឹង​ ៣ម៉ែត្រ​។- ចិញ្ចើម​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​ ទទឹង២​,៥០ម៉ែត្រ​សងខាង​ និង​ចិញ្ចើម​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ ទទឹង​ ០,៧៥ម៉ែត្រ​សងខាង​។

– សាងសង់​លូ​គ្រប់​ប្រភេទ​ចំនួន​ ២៦៣កន្លែង​ ស្ពាន​តូច​ចំនួន​ ៥កន្លែង​ ប្រវែង​សរុប​ ១០៥ម៉ែត្រ​ ស្ពាន​ធំ​ និង​ស្ពាន​មធ្យម​ចំនួន​ ៨០កន្លែង​ ប្រវែង​សរុប​ ៦០១៥ម៉ែត្រ​។

– សាងសង់​ផ្លូវ​ប្តូរ​ទិសចរាចរណ៍​ចំនួន៧កន្លែង​ ផ្លូវ​ប្រសព្វ​ចំនួន២៨កន្លែង​ ផ្លូវ​ក្រោម​ផ្លូវ​ល្បឿន​លឿន​ចំនួន២៣៧កន្លែង​ និង​ស្ពាន​រំលង​ផ្លូវ​ចំនួន​ ២០កន្លែង​។- សាងសង់​តំបន់​សេវាកម្ម​ ឬចំណត​ឈប់សម្រាក​ចំនួន៣កន្លែង​ ចំណតរថយន្ត​ចំនួន១កន្លែង​ មណ្ឌល​ប្រតិបត្តិ​ការ​ និង​ថែទាំ​ផ្លូវ​ចំនួន៤កន្លែង​ និង​បញ្ជរ​បង់ប្រាក់​ចំនួន៩កន្លែង​។

– បំពាក់​គ្រឿងបរិក្ខារ​ផ្លូវថ្នល់​ រួមមាន​ ផ្លាក​សញ្ញា​ចរាចរណ៍​ ភ្លើង​សញ្ញា​ចរាចរណ៍​ និង​គំនូស​សញ្ញា​ចរាចរណ៍​។

គម្រោង​ខាងលើ​ត្រូវ​បាន​ផ្តល់​ការ​ប្រឹក្សា​ បច្ចេកទេស​សាងសង់​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ Minconsult​ SDN​ BHD​៕

LEAVE A REPLY

Please enter your comment!
Please enter your name here