ដោយគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោលកឃាង ពុទ្ឋីបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ពិចារណាឲ្យបានច្បាស់លាស់ និងម៉ត់ចត់ មុនសម្រេចចិត្តទិញអចលនទ្រព្យគ្មានប័ណ្ណកម្មសិទ្ឋច្បាស់លាស់ ជៀសវាងហានិភ័យនៅពេលក្រោយ។

-->
លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៧ ធ្នូនេះថា ការទិញដីធ្លី ដែលគ្មានសិទ្ឋច្បាស់លាស់ នឹងមានហានិភ័យច្រើន ហេតុនេះការទិញដីធ្លីដែលគ្មានប័ណ្ណកម្មសិទ្ឋច្បាស់លាស់គួរជៀសវាង ហើយស្វែងរកដីធ្លីដែលមានប័ណ្ណកម្មសិទ្ឋច្បាស់លាស់ និងត្រឹមត្រូវ គឺជាការកាត់បន្ថយបញ្ហាខ្លួនឯងផង និងជួយដល់រដ្ឋាភិបាលផង ដើម្បីកាត់បន្ថយជម្លោះដីធ្លីនានា។
លោកបន្តថា “ជាមួយគ្នានេះ ខ្ញុំអំពាវនាវឲ្យមន្រ្តីពាក់ព័ន្ឋពន្លឿននិតិវិធី នៃការធ្វើប័ណ្ណកម្មសិទ្ឋដីធ្លី និងផ្តល់អាជ្ញាប័ណ្ណឲ្យបានឆាប់រហ័ស ដល់អ្នកអភិវឌ្ឍន៍នានា ដើម្បីជួយលើកកំពស់បរិយាកាសវិនិយោគ និងទាក់ទាញការវិនិយោគបន្ថែម”។លោកបន្តថា “ជាមួយគ្នានេះ លោកសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់់ ដែលបានពន្លឿនការធ្វើ និងចេញប័ណ្ណកម្មសិទ្ឋជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ”។
លោកឃាង ពុទ្ឋីបានបន្តថា លោកសង្ឃឹមថាការធ្វើប័ណ្ណកម្មសិទ្ឋ បានទាន់ពេលវេលា និងបានកាន់តែឆាប់រហ័ស ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយហានិភ័យជម្លោះដីធ្លីផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា នៅឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាល បានសម្រេចចេញបណ្ណកម្មសិទ្ធិដីចំនួន៤៤៣ ៥៩៨បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន៣៥៣ ៤៣៣បណ្ណ រួមមាន ទី១ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ៖ បានប្រកាសកំណត់តំបន់វិនិច្ឆ័យចំនួន៧៤៤ភូមិ បានធ្វើការបិទផ្សាយជាសាធារណៈចំនួន៥៧៧ភូមិ ស្មើនឹង៥២៩ ៩៥០ក្បាលដី ចេញបណ្ណចំនួន៤៤២ ០៣៦បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួន៣៥១ ៨៧១បណ្ណ (ក្នុងនោះសម្បទានដីសង្គមកិច្ចបាន៣ ១៤០បណ្ណ)។
ទី២ ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ៖ សម្រេចបាន១ ៥៦២បណ្ណ (ដីរដ្ឋបាន៨៥បណ្ណ ទំហំ៤៣ ៤៣៥ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន១ ៣៤២បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន ៦សហគមន៍ ស្មើនឹង១៣៥បណ្ណ ទំហំ៥៨៤០,៥២ហិកតា ស្មើនឹង ៤៦៥គ្រួសារ)។

សរុបលទ្ធផលពីពេលចាប់ផ្តើមអនុវត្តដល់ត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៥ ៥៧១ ៤២២បណ្ណ ស្មើនឹង៧៩,៥៩% នៃក្បាលដីប៉ាន់ស្មាន៧លានក្បាលដី ក្នុងនោះ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៤ ៩៥៣ ៩៧៩ បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួន ៤ ៦១៣ ៤៦១ បណ្ណ (ក្នុងនោះតាមបទបញ្ជាលេខ ០១បប បានចំនួន៦៤២ ៦០៣បណ្ណ សម្បទាដីសង្គមកិច្ចបានចំនួន ៦ ៥០៤បណ្ណ) និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន៦១៧ ៤៤៣បណ្ណ (ដីរដ្ឋបាន១ ៨៥៤បណ្ណ ទំហំ៧៧៨ ៧២៥ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន៦១៤ ៧៧០បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន៣០សហគមន៍ ស្មើនឹង ៨១៩បណ្ណ ទំហំ២៨ ៥២២,៥២ហិកតាសម្រាប់ ៣០៣៣ គ្រួសារ)៕