ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ិត សំហេងបានជំរុញឲ្យនិស្សិត ពង្រឹងការសិក្សាស្រាវជ្រាវលើផ្នែកវិស្វកម្មសំណង់ស៊ីវិល ខណៈលោកគ្រោងប្រែក្លាយវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស(NTTI) ជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មី។

-->
លោក អ៉ិត សំហេងបានមានប្រសាសន៍ក្នុងពិធីអបអរសាទរ ខួប២០ឆ្នាំ របស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩កន្លងមកបានឱ្យដឹងថា ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលមួយនេះ ក៏ជាកន្លែងផ្លាស់ប្តូរមតិយោបល់ និងការចែករំលែកបទពិសោធន៍ជាមួយវិស័យឯកជន និងគ្រឹះស្ថាននានា។
លោកបន្តថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រទំនើបកម្ម ប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ (TVET) និងដាក់ចេញអនុសាសន៍ជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ដែលស្ថិតក្រោមឱវាទរបស់ខ្លួន ត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាពទៅដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាទំនើប ឬហៅថាបដិវត្តឧស្សាហកម្ម ៤.០។
លោក អ៉ិត សំហេង បានលើកទឹកចិត្តដល់សាស្រ្តាចារ្យ នៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសត្រូវខិតខំបន្តការអប់រំ បណ្ដុះបណ្ដាល និងលើកទឹកចិត្តឱ្យសិស្ស និស្សិត ត្រូវខិតខំសិក្សារៀនសូត្រតាមជំនាញរបស់ខ្លួន ធ្វើយ៉ាងឱ្យវិទ្យាស្ថានជាតិមួយនេះក្លាយជាគ្រឹះស្ថាននាំមុខមួយ ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងប្រព័ន្ធគ្រប់គ្រង សមត្ថភាពគ្រូបណ្ដុះបណ្ដាល និងគុណភាពរបស់សិស្ស-និស្សិត សិក្ខាកាម។

លោករដ្ឋមន្ត្រី ក៏បានទាញការចាប់អារម្មណ៍ទៅដល់យុវជនកម្ពុជាទាំងឡាយ គប្បីងាកមកចាប់អារម្មណ៍ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងមានភាពចាំបាច់ និងកំពុងមានតម្រូវការខ្លាំងក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។
លោករដ្ឋមន្ត្រីបន្តថា “ការធ្វើបែបនេះ ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំបាច់ក្នុងដំណាក់កាលថ្មីនេះ”៕