ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានអះអាងថា ការវិនិយោគ និងតម្លៃអចលនទ្រព្យនៅតាមបណ្តាខេត្ត ជាប់តំបន់ឆ្នេរទាំង៤របស់កម្ពុជា នឹងផ្លាស់ប្ដូរទៅរកភាពល្អប្រសើរវិញនៅឆ្នាំ២០២០ខាងមុខ។

ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានអះអាងថា ការវិនិយោគ និងតម្លៃអចលនទ្រព្យនៅតាមបណ្តាខេត្ត ជាប់តំបន់ឆ្នេរទាំង៤របស់កម្ពុជា នឹងផ្លាស់ប្ដូរទៅរកភាពល្អប្រសើរវិញនៅឆ្នាំ២០២០ខាងមុខ។

ខេត្តទាំង៤ ដែលស្ថិតនៅជាប់តំបន់ឆ្នេរ និងសមុទ្រ រួមមាន ខេត្តព្រះសីហនុ កំពត កែប និងកោះកុង សុទ្ធតែជាតំបន់ដែលមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម និងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ជាច្រើនគម្រោង ដែលក្នុងនោះរួមមានទាំងវិស័យរដ្ឋាភិបាល និងវិស័យឯកជនផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩កន្លងមកថា ផ្អែកតាមភាពជាក់ស្ដែង និងការមើលឃើញរបស់លោក តម្រូវការទីផ្សារអចលនទ្រព្យនៅក្នុងខេត្តទាំង៤ខាងលើនេះ ហាក់មិនមានអ្វីប្រែប្រួលឬធ្លាក់ចុះនោះទេ។
លោកបានបញ្ជាក់ថា “ភាគច្រើនគេនិយាយថា តម្រូវការទីផ្សារអចលនទ្រព្យនៅក្នុងទាំង៤ខាងលើគឺមានការធ្លាក់ចុះខ្លាំង ជាពិសេសខេត្តព្រះសីហនុ ប៉ុន្តែបើតាមមើលឃើញ គឺមិនដូចគេលើកឡើងនោះទេ”។ លោកបន្តថា “តម្រូវការទីផ្សារគឺនៅតែបន្តមាន ទាស់ត្រង់តម្លៃ ដែលស្ថិតនៅក្នុងការចរចាគ្នារវាងអ្នកលក់ និងអ្នកទិញតែប៉ុណ្ណោះ”។
លោកច្រឹក សុខនីម បានបន្តទៀតថា សម្រាប់ឆ្នាំ២០២០ ខាងមុខនេះ តម្រូវការនៃទីផ្សារអចលនទ្រព្យ ជាពិសេសវិស័យដីធ្លីនៅក្នុងខេត្តជាប់សមុទ្រទាំង៤ នឹងបន្តកើនឡើងខ្លាំង ដែលក្នុងខេត្តព្រះសីហនុ ស្ថិតនៅលំដាប់កំពូល ខេត្តកំពត និងកែប មានតម្រូវការប្រហាក់ហែលគ្នា បន្ទាប់ពីខេត្តព្រះសីហនុ ហើយខេត្តកោះកុងហាក់នៅឆ្ងាយពីគេបន្តិច។
ជាហេតុផលអំណះអំណាងនូវការព្យាករណ៍ខាងលើ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះបានលើកឡើងថា ខេត្តព្រះសីហនុនឹងលេចចេញនូវវត្តមានសំណង់ព្រោងព្រាតជាច្រើន ដែលក្នុងនោះសំណង់អគារមួយចំនួន ជាគម្រោងដែលបន្សល់ពីឆ្នាំចាស់ ហើយគម្រោងខ្លះទៀតជាការបណ្តាក់ទុនវិនិយោគថ្មី នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ។
;លោកបញ្ជាក់ថា“សម្រាប់ឆ្នាំ២០២០ខាងមុខនេះ សន្ទុះនៃតម្រូវការទីផ្សារអចលនទ្រព្យនៅក្នុងខេត្តទាំង៤ខាងលើនេះ នឹងកាន់តែមានភាពល្អប្រសើរជាងឆ្នាំ២០១៩”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Advance Property លោកឡុង គឹមសួគ៌ បានលើកឡើងស្រដៀងគ្នាផងដែរថា សម្រាប់ឆ្នាំ២០២០ តម្រូវការទីផ្សារអចលនទ្រព្យនៅក្នុងខេត្តទាំង៤ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០១៩យ៉ាងពិតប្រាកដ។
លោកបន្តថា “ខេត្តព្រះសីហនុ នៅតែស្ថិតនៅលំដាប់កំពូល ក្រោមការចូលរួមក្នុងការអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាពិសេសទៅលើប្រព័ន្ធហេដ្ឋារចនាសម័ន្ធនានា នៅទូទាំងខេត្ត ដែលកាន់តែទាក់ទាញដល់ការវិនិយោគ”។លោកបានបញ្ជាក់ថា “ព្រះសីហនុមានសក្ដានុពលខ្លាំងក្លារួចទៅហើយទៅ និងមានភាពអំណោយផលយ៉ាងច្រើន ទៅលើវិស័យពាណិជ្ជកម្មចំរុះ ដែលស្ថិតនៅក្នុងគោលបមណងរបស់រដ្ឋាភិបាល ក្នុងការរៀបចំជាមណ្ឌលហិរញ្ញវត្ថុបន្ទាប់ពីរាជធានីភ្នំពេញ”។

សម្រាប់ខេត្តជាប់តំបន់ឆ្នេរចំនួន២ទៀត រួមមាន ខេត្តកំពត និងកែប គឺមានភាពល្អប្រសើរដំណាលគ្នា ដោយសារតែខេត្តទាំង២នេះ មានអំណោយផលលើវិស័យទេសចរណ៍ដូចគ្នា ប៉ុន្តែវិសាលភាពគឺនៅឆ្ងាយពីខេត្តព្រះសីហនុ។

ដោយឡែកចំពោះសក្ដានុពលរបស់ខេត្តកោះកុង នឹងបង្ហាញនៅក្នុងរយៈពេលខ្លីខាងមុខនេះ ដោយសារតែខេត្តនេះ បច្ចុប្បន្នចំនួនប្រជាសាស្ត្រនៅមានកម្រិត ហើយនៅមិនទាន់មានគម្រោងអភិវឌ្ឍន៍ធំៗច្រើននោះទេ ប៉ុន្តែសម្រាប់ថ្ងៃអនាគតនឹងមានសន្ទុះអភិវឌ្ឍន៍ទៅលើវិស័យទេសចរណ៍ ក៏ដូចជាវិស័យពាណិជ្ជកម្មផងដែរ ដោយសារតែកោះកុងមានព្រលានយន្តចំនួន២ ដែលអនុគ្រោះដល់ការដឹកជញ្ជូន ជាពិសេសមានច្រកព្រំដែនជាមួយប្រទេសថៃ៕