ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ខណៈដែលឆ្នាំ២០១៩ជិតកន្លងផុត ត្រៀមស្វាគមន៍ឆ្នាំ២០២០ឈានចូលមកដល់ បណ្តាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា នៅតែមានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះវិស័យមួយនេះដដែល ជាមួយនឹងការលើកយកហេតុផលផ្សេងៗពីគ្នាមកធ្វើជាសំអាង។

-->
នៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ ផ្អែកតាមទិន្នន័យដែលបង្ហាញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង បានបញ្ជាក់ថា វិស័យសំណង់ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងចំណោមផ្នែកដទៃទៀតនៃវិស័យអចលនទ្រព្យមានការកើនឡើងប្រមាណ ៧៨,៨៨ ភាគរយ ជាមួយនឹងទុនវិនិយោគសរុបចំនួន ៩ ៣៥៣ ៦៩៧ ៤៧៥ លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលឆ្នាំ២០១៨ ទុនវិនិយោគមានត្រឹមតែ ៥ ២២៨ ៩៩២ ៥២២ ដុល្លារប៉ុណ្ណោះ ។ ទាំងនេះគឺជាការបញ្ជាក់ថា វិស័យមួយនេះមានភាពរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
ដោយឡែកសម្រាប់ការព្យាករណ៍នៅក្នុងឆ្នាំ២០២០ ដែលនឹងឈានមកដល់ឆាប់នេះបណ្តាអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញភាពសុទិដ្ឋិនិយមដដែល ដោយសំអាងទៅលើហេតុផលមួយចំនួនដែលបន្សល់ទុកពីឆ្នាំចាស់ រួមជាមួយនឹងគម្រោងថ្មីៗមួយចំនួនគ្រោងនឹងបង្ហាញវត្តមាននៅកម្ពុជា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះថា នៅឆ្នាំ២០២០ខាងមុខនេះ វិស័យអចលនទ្រព្យកម្ពុជានៅតែមានភាពល្អប្រសើរ ដែលវាមិនមានសញ្ញាណាមួយបង្ហាញពីឱនភាពនោះទេ។
លោកបានបន្តថា “ខ្ញុំដូចជាមិនមើលឃើញសញ្ញាណាមួយដែលអូសទាញវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យធ្លាក់ចុះជាងឆ្នាំចាស់នោះទេ ផ្ទុយទៅវិញ គឺអាចមានភាពល្អប្រសើរជាងឆ្នាំ២០១៩”។ លោក ច្រឹក សុខនីម បានបញ្ជាក់ថា “បច្ចុប្បន្ន ក៏ដូចជានៅឆ្នាំបន្ទាប់ គម្រោងអភិវឌ្ឍជាច្រើនកំពុងតែមានសកម្មភាពយ៉ាងសកម្ម បើទោះជានៅបណ្តាប្រទេសជិតខាងមួយចំនួន ដូចជាប្រទេសថៃជាដើមជួបបញ្ហាក៏ដោយ។
កម្ពុជាជាចំណុចគោលដៅវិនិយោគរបស់បណ្តាក្រុមហ៊ុនអន្តរជាតិជាច្រើន ដោយសារតែយើងជាប្រទេសដែលកំពុងអភិវឌ្ឍ នៅមានសក្ដានុពលច្រើនក្នុងការវិនិយោគ ជាពិសេសការព្យាយាមជំរុញ និងអូសទាញពីសំណាក់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនមកពីប្រទេសផ្សេងៗឱ្យមកកាន់កម្ពុជា ដោយបានជួយសម្រួលធ្វើកំណែទម្រង់ផ្ទៃក្នុងមួយចំនួនទៀតផង។ ដូច្នេះ វាដូចជាមិនមានអ្វីដែលជាសញ្ញាបង្ហាញពីឱនភាពនោះទេ”។
ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោកស្រី តាំង ហួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service ក៏បានបង្ហាញពីសុទិដ្ឋិនិយមផងដែរថា “វាដូចជាមិនអ្វីប្រែប្រួលនោះទេ។ មនុស្សមួយចំនួនគាត់និយាយថា វិស័យអចលនទ្រព្យនៅឆ្នាំ២០២០ នឹងធ្លាក់ចុះខ្លាំង ដោយសារតែការចាកចេញរបស់ជនជាតិចិនមួយចំនួនក្រោយការបិទ Game Online ។

ហេតុផលនេះគ្រាន់តែជាចំណុចតូចតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងគឺមិនប៉ះពាល់ខ្លាំងនោះទេ ព្រោះការវិនិយោគនៅកម្ពុជា មិនមែនមានតែក្រុមហ៊ុនតែមួយនោះទេ គឺមានក្រុមហ៊ុនអន្តរជាតិដែលមកពីបណ្តាប្រទេសនានាជាច្រើនទៀត រួមមានដូចជា កូរ៉េ ជប៉ុន និងមួយចំនួនទៀតមកពីប៉ែកអឺរ៉ុប”។
លោកស្រីនៅតែមានជំនឿថា ឆ្នាំ២០២០ខាងមុខនេះ វិស័យអចលនទ្រព្យនៅតែរក្សាភាពល្អប្រសើរដដែល ឬអាចល្អជាងឆ្នាំចាស់ជាមួយចំណូលវិនិយោគទុនថ្មីមកចាក់បំពេញបន្ថែមទៀត។
ដោយឡែកសម្រាប់នាយិកាក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា ហាក់យល់ឃើញខុសពីអ្នកជំនាញទាំង២រូបខាងលើនេះ ដោយលោកស្រីបានព្យាករណ៍ថា ឆ្នាំ២០២០ វិស័យអចលនទ្រព្យកម្ពុជា អាចមានសភាពស្រដៀងគ្នានឹងឆ្នាំ២០១៩ ឬអាចធ្លាក់ចុះបន្តិចក៏អាចថាបានដោយសារតែកត្តាមួយចំនួនដែលពាក់ព័ន្ធ។
លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “តាមការមើលឃើញរបស់ខ្ញុំ ក្នុងឆ្នាំ២០២០ វិស័យអចលនទ្រព្យនៅកម្ពុជា ទំនងជាមិនលូតលាស់ខ្លាំងនោះទេប្រើធៀបនឹងឆ្នាំ២០១៩ ឬអាចធ្លាក់ចុះបន្តិចក៏បានដែរ។ ភាពរីកចម្រើននៅក្នុងវិស័យមួយមិនមែនសំអាងតែសកម្មភាព និងសេដ្ឋកិច្ចក្នុងស្រុកតែមួយនោះទេ ប៉ុន្តែត្រូវពាក់ព័ន្ធនឹងបរិបទជាច្រើននៅជុំវិញ ទាំងកត្តាសេដ្ឋកិច្ច នយោបាយ កិច្ចទំនាក់ទំនង និងសេដ្ឋកិច្ចពិភពលោកផងដែរ”។

លោកស្រីបានបន្តទៀតថា “បច្ចុប្បន្ននេះបើនិយាយពីសេដ្ឋកិច្ចពិភពលោក គឺស្ថិតនៅក្នុងសញ្ញាមិនល្អនៅឡើយ ហើយសូម្បីតែបណ្តាប្រទេសដែលស្ថិតនៅតំបន់ដូចជាគ្នាក៏កំពុងជួបឱនភាពដែរ ដូចជាប្រទេសចិន និងថៃ ជាដើម ដូច្នេះទាំងអស់នេះហើយដែលជាហេតុផលដែលអាចធ្វើឱ្យមានឥទ្ធិពលដល់វិស័យអចលនទ្រព្យនៅកម្ពុជាដោយប្រយោល” ៕