ដោយ វុត្ថា
ភ្នំពេញៈ តម្រូវការលំនៅឋានរបស់ពលរដ្ឋកម្ពុជា នៅតែបន្តមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែមានការកើនឡើងនៃមនុស្សវ័យក្មេង និងសេដ្ឋកិច្ចរបស់កម្ពុជា មានការរីកលូតលាស់ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

-->
យោងតាមការសិក្សារបស់គេហទំព័រក្នុងស្រុក១ ដែលបានផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនកាលពីកន្លងមកនេះឱ្យដឹងថា ផ្ទះតម្លៃសមរម្យ (ក្រោម ៥ ម៉ឺនដុល្លារ) នៅតែមានតម្រូវការច្រើនជាងគេ នៅក្នុងឆ្នាំ២០១៩នេះ បើទោះបីជាភាគរយបានថយចុះប្រមាណ១០ភាគរយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺគម្រោងចំណាយចាប់ពី៥ម៉ឺនដុល្លារទៅ ៧.៥ ម៉ឺនដុល្លារ មានការកើនឡើងពី២១% (ឆ្នាំ ២០១៨) ទៅ ២៦% (ឆ្នាំ២០១៩)។
របាយការណ៍បន្ថែមថា “យើងអាចសន្មត់បានថាការប្រែប្រួលនេះ ដោយសារតែការកើនឡើងនៃថវិកា និងគម្រោងដ៏ច្រើន ដែលទាក់ទាញឲ្យអ្នកទិញហ៊ានបោះទុនប្រកបដោយជំនឿជឿជាក់”។
លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានគាំទ្រ ចំពោះការបង្កើតលំនៅដ្ឋាន ដែលមានតំលៃសមរម្យ ដើម្បីដោះស្រាយការកើនឡើងចំនួនប្រជាជននៅកម្ពុជា។ លោកបន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងយកចិត្តទុកដាក់ បន្ថែមទៀតដើម្បីស្វែងរកមធ្យោបាយសម្រាប់ផ្តល់លំនៅដ្ឋាន ដែលមានតំលៃសមរម្យ សម្រាប់ប្រជាជនចំណូលក្រោមមធ្យម នៅទូទាំងប្រទេស ដើម្បីទទួលបានលំនៅដ្ឋានប្រកបដោយភាពកក់ក្តៅ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព “។
លោករដ្ឋមន្ត្រីបន្តថា “ក្រសួងដែនដី កំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកំណត់តម្លៃផ្ទះដែលមានតំលៃសមរម្យ និងលើកទឹកចិត្តចំពោះពន្ធដារ និងនិយ័តកម្មនានា ដើម្បីលើកទឹកចិត្តឱ្យវិស័យឯកជនអនុវត្តភារកិច្ចនេះ”។
ជារួមតម្រូវការលំនៅឋាន ដែលមានតំលៃសមរម្យនៅក្នុងរាជធានីភ្នំពេញ គឺជានិន្នាការមួយ ដែលនឹងបន្តកើនឡើងពេញមួយឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់។ ជាមួយនឹងការរំពឹងទុកថា ចំនួនប្រជាពលរដ្ឋនឹងកើនឡើង នៅប៉ុន្មានឆ្នាំទៀតខាងមុខ ការគាំទ្រពីក្រសួងពាក់ព័ន្ធ និងអ្នកអភិវឌ្ឍន៍ដែលបានសម្របទៅនឹងទីផ្សារក្នុងស្រុក គ្រួសារជាច្រើននៅកម្ពុជានឹងមាន ឱកាសទទួលបានលំនៅដ្ឋានសមរម្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតមុខនេះ៕