ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ការវិនិយោគលើគំរោងអចលនទ្រព្យ បែបលំហែរកាយកំពុងកើនឡើងនៅកម្ពុជា ខណៈដែលការស្វែងរកកន្លែងលំហែរ និងសម្រាកកំសាន្តពីប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍កើនឡើង។

ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ការវិនិយោគលើគំរោងអចលនទ្រព្យ បែបលំហែរកាយកំពុងកើនឡើងនៅកម្ពុជា ខណៈដែលការស្វែងរកកន្លែងលំហែរ និងសម្រាកកំសាន្តពីប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍កើនឡើង។

ជាក់ស្តែងគំរោងជាច្រើនបានលេចឡើង ដូចជា គំរោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងដីឡូត៍ សម្រាប់សាងសង់ផ្ទះលំហែរកាយ ភូមិឋានសំណាង គំរោងវិនិយោកគ Relax Resort វិនិយោគរបស់ក្រុមហ៊ុន Macau Legend Development Limited ដែលមានចុះបញ្ជីនៅផ្សារហ៊ុនក្រុងហុងកុង ដែលក្រុមហ៊ុននេះបានទិញភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Howing Enterprises នៅកម្ពុជាក្នុងតម្លៃ៩០លានដុល្លារ ក្នុងគោលបំណងអភិវឌ្ឍរមណីយដ្ឋានសមាហរណកម្ម (IR) នៅខេត្តសៀមរាប។
ប្រធាននាយកប្រតិបត្តិ Macau Legend Development លោក Chow Kam Fai បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការទិញដីនេះមានបំណងសាងសង់ និងអភិវឌ្ឍរមណីយដ្ឋានសមាហរណកម្មនៅខេត្តសៀមរាប ដែលអាចឲ្យក្រុមហ៊ុនចូលរួម និងទទួលនូវអត្ថប្រយោជន៍ពីឧស្សាហកម្មទេសចរណ៍ដែលកំពុងរីក ចម្រើនរបស់កម្ពុជា។
លោកឲ្យដឹងបន្តថា “ក្រុមប្រឹក្សាភិបាលចាត់ទុកថា លក្ខខណ្ឌនៃការទិញលក់នេះត្រឹមត្រូវ និងសមហេតុផល ហើយការទិញនេះស្ថិតក្នុងផលប្រយោជន៍របស់ក្រុមហ៊ុន និងភាគទុនិកទាំងអស់របស់ខ្លួន”។ មកពីទីក្រុងម៉ាកាវ ដែលគ្រោងវិនិយោគរមណីយដ្ឋាន សមាហរណកម្មបែបវិស្សមកាលលើផ្ទៃដី១២០០ហិកតា នៅខេត្តសៀមរាប និងគំរោងជាច្រើនទៀតនៅជាយក្រុងភ្នំពេញ។

ទោះជាយ៉ាងណាគំរោងនេះ បានពន្យាពេលរហូតមកទល់ពេលនេះ ដោយសារបញ្ហាការិយាធិបតេយ្យ ដែលបាននិងកំពុងចាក់ស្រេះនៅតាមស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួន។
ជាមួយគ្នានេះ លោកម៉ោង ម៉ាតាំងសហស្ថាបនិក និងក្រុមភាគហ៊ុនិកនៃគំរោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងដីឡូត៍ សម្រាប់សាងសង់ផ្ទះលំហែរកាយ បានមានប្រសាសន៍ឲ្យដឹងផងដែរថា គំរោងនេះស្ថិតនៅលើផ្ទៃដីជាង២៣ហិកតា ក្នុងនោះផ្ទៃដីជាង៤ហិកតា នឹងត្រូវរៀបចំជារំណីយដ្ឋានធម្មជាតិ ដោយមានអាងហែលទឹក ផ្ទះលំហែរ កន្លែងបោះតង់ សួនច្បារ ស្ពានសម្រាប់ទស្សនាព្រៃសហគមន៍ជាដើម។
លោកបន្តថា “ដោយសារយើងមើលឃើញប្រជាពលរដ្ឋ កាន់តែច្រើនបានចាកចេញពីទីក្រុងនៅចុងសប្តាហ៍ ដើម្បីស្វែងរកកន្លែងសំរាកកាយ និងលំហែរចុងសប្តាហ៍ ទើបយើងវិនិយោគគម្រោងនេះឡើង”។ លោកបន្តថា “គំរោងនេះមានទីតាំងជាប់ផ្ទះសំណាក់បៃតង និងគំរោងរមណីយដ្ឋានធម្មជាតិស្រះដូនរីក ដែលអភិវឌ្ឍន៍ដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)”។

ជាមួយគ្នានេះ ក្រុមហ៊ុន A2A Town Cambodia ក៏បានវិនិយោគរមណីយដ្ឋាននិងផ្ទះលំហែរកាយចុងសប្តាហ៍នៅរមណីយដ្ឋានគិរីរម្យផងដែរ ដែលគម្រោងនេះរួមមានផ្ទះស្នាក់នៅច្រើនប្រភេទ ទីលានបោះតង់ដែលអាចផ្ទុកមនុស្សបាន២០០០នាក់ និងគំរោងទីលានវាយកូនហ្គោលជាដើម។
នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន A2A Town Cambodia លោកហ៊ិន សុជាតិ បានមានប្រសាសន៍ថា វាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យគំរោងនេះដំណើរការ ខណៈការសាងសង់ផ្ទះសម្រាប់លំហែរកាយលក់ ទទួលបានអតិថិជនភាគច្រើនជាជនជាតិជប៉ុន ច្រើនជាងអ្នកវិនិយោគក្នុងស្រុក។លោកបន្តថា ក្នុងចំណោមផ្ទះលំហែរកាយ ដែលសាងសង់សម្រាប់លក់ប្រមាណ៨០ផ្ទះ រហូតមកទល់ពេលនេះលក់អស់បានប្រមាណ៦០ទៅ៧០ភាគរយហើយ។
ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ការវិនិយោគលើគំរោងអចលនទ្រព្យបែបរមណីយដ្ឋាន ពិតជាបាននិងកំពុងកើនឡើង ដោយសារប្រជាជនចាប់ផ្តើមស្វែងរកពេលវេលាលំហែរ ព្រោះប្រាក់ចំណូលពួកគេកើនឡើង។លោកបន្តថា យើងអាចចាត់ទុកជាផលិតផលថ្មីក្នុងវិស័យនេះនៅកម្ពុជា តែមិនមែនជារឿងថ្មីនៅបណ្តាប្រទេសនានានោះទេ។
លោកបន្តថា “ការវិនិយោគបែបនេះក៏ជាផ្នែកមួយ ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរ ហើយជាការជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”៕