ដោយ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុន Big C Supercenter គ្រោងនឹងបើកផ្សារទំនើប Big C ៥ ឬ ៦ កន្លែងនៅភ្នំពេញ និងសៀមរាបក្នុងរយៈពេល ២ ឆ្នាំខាងមុខ ខណៈខ្លួននឹងចំណាយថវិកាចំនួន ៦,៥ ពាន់លានបាត (២១៥.៦ លានដុល្លារ) នៅឆ្នាំក្រោយសម្រាប់ការពង្រីកទាំងក្នុងស្រុក និងក្រៅស្រុក។

-->
លោក Gary Hardy ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ប្រតិបត្តិការអន្តរជាតិបានបានថ្លែងក្នុងសេចក្តីរាយការណ៍ក្នុងកាសែតបាងកកប៉ុស្តិ៍កាលពីថ្មីៗនេះថា ក្រុមហ៊ុនរំពឹងថានឹងពង្រីកអាជីវកម្មជាច្រើននៅកម្ពុជា និងបង្កើតការងារចំនួន ១,២០០ កន្លែងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
លោក បានបន្តថា “ក្រុមហ៊ុនគ្រោងនឹងបើកផ្សារទំនើប Big C ៥ ឬ ៦ នៅភ្នំពេញ និងសៀមរាបក្នុងរយៈពេល ២ ឆ្នាំខាងមុខ”។ លោក បានមានប្រសាសន៍ថា “ចាប់ពីឆ្នាំក្រោយយើងនឹងយកចិត្តទុកដាក់បន្ថែមទៀតដើម្បីពង្រីកអាជីវកម្មលក់រាយរបស់យើងនៅក្រៅប្រទេសដោយផ្តោតលើកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដែលមានសេដ្ឋកិច្ចរឹងមាំ”។
ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ៧ ភាគរយក្នុងមួយឆ្នាំជាមធ្យមក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ហើយអំណាចនៃការទិញក្នុងចំណោមប្រជាជនក្នុងស្រុកកំពុងតែកើនឡើង។ ផ្សារទំនើប Big C ប៉ោយប៉ែតគឺជាផ្សារដំបូងគេរបស់យើងនៅកម្ពុជា។
លោកបន្តថា ក្រុមហ៊ុនបានវិនិយោគ ៣០០ លានបាតដើម្បីសាងសង់ Big C Poipet លើផ្ទៃដីទំហំ ២០ រ៉ៃ។ ផ្សារទំនើបមានទំហំ ៨,០០០ ម៉ែត្រការ៉េដែលមានផ្ទៃដីលក់ ៣,០០០ ម៉ែត្រការ៉េ និងមានទំហំជួល ៥,០០០ ម៉ែត្រការ៉េ។រាល់ទីធ្លាទាំងអស់ត្រូវបានជួលដោយសហគ្រិនថៃ និងក្នុងស្រុកមកពីវិស័យជាច្រើនរួមមានរោងភាពយន្ត Major Cineplex ដែលជាប្រតិបត្តិកររោងកុនធំបំផុតរបស់ថៃ។
លោក Hardy រំពឹងថានឹងលក់បាន ២៥០ លានបាតពីសាខា Big C Poipet ក្នុងឆ្នាំដំបូងនៃប្រតិបត្តិការ ហើយរំពឹងថានឹងមានកំណើនប្រចាំឆ្នាំជាមធ្យម ៥ និង៦ ភាករយនាពេលអនាគត។នៅឆ្នាំ ២០១៩ Big C ប្រតិបត្តិការផ្សារទំនើប ១៥៣ ផ្សារធំ ផ្សារ Big C ៦៣ កន្លែង និងហាង Big Mini C ចំនួន ១,០១៨ ដែលមានផ្ទៃដី ៩០០,០០០ ម៉ែត្រការ៉េ។
ការលក់របស់ Big C មានចំនួនសរុប ១៤០ ពាន់លានបាតក្នុងឆ្នាំ ២០១៨ ហើយរំពឹងថានឹងកើនឡើង ៥ ភាគរយនៅឆ្នាំនេះ។អ្នកជំនាញបានព្យាករណ៍ថា ផ្សារទំនើបនៅក្នុងប្រទេសកម្ពុជាកើនដល់ជាង ៤០ ក្នុងរយៈត្រឹមតែ២ ទៅ៣ ឆ្នាំខាងមុខនេះ ខណៈផ្សារទំនើបដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះមានចំនួនជាង២០ផ្សាររួចទៅហើយ។
មន្ត្រីស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ ប្រចាំនៅក្រុមហ៊ុនអន្តរជាតិ CBRE Cambodia កញ្ញា គឹម គិនកេសា បានប្រាប់គេហទំព័រ propertyarea.asia ថា នេះគឺចំណុចល្អសម្រាប់ប្រទេសកម្ពុជា ដែលមានផ្សារទំនើបច្រើនបែបនេះ យ៉ាងណាក៏ដោយផ្សារទំនើបមួយចំនួន មានលក្ខណៈទ្រង់ទ្រាយតូចៗ ដែលគេហៅថាផ្សារសហគមន៍ (Community Malls) ដែលមានទីតាំងផ្សេងៗពីគ្នា។

លោក ង៉ែ ជូ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាបានឱ្យដឹងដែរថា ក្នុងយៈពេលប៉ុន្មានកន្លងមកនេះ ផ្សារទំនើបនៅក្នុងប្រទេសក្នុងប្រទេសកម្ពុជា មានការកើនឡើងនឹងបន្តកើនឡើងច្រើនទៅមុខទៀត តែអំណាចនៃការដើរទិញទំនិញ របសប្រជាពលរដ្ឋខ្មែរហាក់នៅមានកម្រិតនៅឡើយ ។
លោកបន្តថា “បើទោះបីអំណាចនៃការទិញរបស់ប្រជាពលរដ្ឋ នៅមានកម្រិតក៏ដោយ ប៉ុន្តែផ្សារទំនើបទាំងនោះអាចបន្តឈរជើងនឹងបាន”។ លោកបន្តថា “យ៉ាងណាចំពោះចក្ខុវិស័យរបស់អ្នកអភិវឌ្ឍន៍ គឺគេសំឡឹងមើលទៅមុខ ពោលគឺមិនសំដៅនាពេលបច្ចុប្បន្ននេះទេ ហើយការវិនិយោគលើផ្សារទំនើបនេះថែទៀត គឺស្ថិតនៅគ្រប់ជាយនៃទីក្រុងភ្នំពេញ”៕