ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា សម្រាប់ឆ្នាំ២០២០នេះ តម្លៃដីធ្លីទាំងនៅក្នុងក្រុង និងតំបន់ក្រវ៉ាត់ក្រុង នៅតែមានការកើនឡើងមិនខុសពីឆ្នាំចាស់២០១៩ប៉ុន្មាននោះទេ ដែលអត្រាកំនើននេះនឹងកើនចន្លោះពី១៥-៣០ភាគរយ ដែលវាអាស្រ័យទៅតាមតំបន់ និងស្ថានភាពដីដែលមានតម្រូវការ។

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងតែប្រតិបត្តិការយ៉ាងសកម្មនៅក្នុងវិស័យមួយនេះ បានបង្ហាញពីភាពសុទិដ្ឋិនិយម ចំពោះវិស័យដីធ្លីដែលមានតម្រូវការប្រើប្រាស់ខ្ពស់ ដែលក្នុងនោះរាប់ទាំងតំបន់កណ្តាលក្រុង តំបន់ជាយក្រុងផងដែរ។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២០កន្លងមកថា តម្លៃដីធ្លីនៅក្នុងឆ្នាំ២០២០នេះ គឺនៅតែមានភាពល្អប្រសើរ និងមានតម្រូវការប្រើប្រាស់ខ្ពស់ ជាពិសេសនៅតាមតំបន់ជាយក្រុងដែលមានចម្ងាយ២០-៣០ គីឡូម៉ែត្រ ស្ថិតនៅតាមផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ដែលមានអំណោយផលទៅដល់វិស័យឧស្សាហកម្ម រោងចក្រ និងឃ្លាំង។
លោកស្រីបន្តទៀតថា “តម្លៃដីដែលស្ថិតនៅតាមបណ្តាផ្លូវជាតិសំខាន់ៗ ខាងលើនេះមានភាពខុសគ្នា ដូចជាតម្លៃដីដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤ មានចម្ងាយពីរាជធានីភ្នំពេញជាង២០គីឡូម៉ែត្រ គឺមានតម្លៃចាប់ពី១៣០-២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ (ប្រភេទដីទំហំធំ និងស្ថិតនៅជាប់ផ្លូវ) ដែលតម្លៃរបស់វាអាស្រ័យទៅតាមស្ថានភាពដី”។

សម្រាប់ដីស្ថិតនៅក្បែរទីប្រជុំ ឬមានប្រជាជនរស់នៅស្រាប់អាចមានតម្លៃចាប់ពី ៣០០-៥០០ ដុល្លារ ឬអាចថ្លៃជាងនេះ អាស្រ័យលើទីតាំង និងស្ថានភាពដីផងដែរ។
លោកស្រីតាំង ហួរបានបន្តទៀតថា “សម្រាប់ដីដែលស្ថិតនៅតាមបណ្តោយជាតិលេខ១ ចម្ងាយប្រមាណជាង២០គីឡូម៉ែត្រក្រុង អាចមានតម្លៃខ្ពស់ជាងតំបន់ផ្លូវជាតិលេខ៣ និងលេខ៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ភាគច្រើនស័ក្ដិសម ទៅនឹងដីលំនៅដ្ឋានច្រើនជាងឧស្សាហកម្ម ដែលមានតម្លៃក្នុងរង្វង់៣០០-៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយនៅទីតាំងខ្លះមានតម្លៃថ្លៃជាងនេះក៏មាន ដែលវាអាស្រ័យទៅតាមស្ថានភាពដី និងតម្រូវការប្រើប្រាស់។
ដោយឡែកសម្រាប់ដី ដែលស្ថិតនៅតាមបណ្តោយជាតិលេខ៦A ហាក់មិនសូវមានដីទំនេរទូលំទូលាយនោះទេ ហើយគម្រោងអភិវឌ្ឍន៍ភាគច្រើនជាប្រភេទបុរី និងបណ្តុំលំនៅដ្ឋានដែលមានលក្ខណៈជាបុសរី ដែលជំរុញឱ្យដីតំបន់នេះមានតម្លៃកាន់តែខ្ពស់។ គិតត្រឹមតំបន់កៀនឃ្លាំង បាក់ខែង មានតម្លៃក្នុងចន្លោះពី ៤០០-៦០០ដុល្លារ (ប្រភេទដែលស្ថិតនៅជាប់ទន្លេ) ប៉ុន្តែបើដីដែលខិតមកជិតស្ពានជ្រោយចង្វារ កាន់តែមានតម្លៃខ្ពស់ ក្នុងចន្លោះចាប់ពី១ ៨០០- ២០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ទៅតាមប្រភេទដីធំ ឬដីតូច និងស្ថានភាពដីផងដែរ។ នេះបើតាមលោកស្រីតាំង ហួរបញ្ជាក់ឲ្យដឹង។
ងាកមកចាប់អារម្មណ៍ជាមួយតម្លៃដី នៅកណ្តាលរាជធានីភ្នំពេញវិញ តំបន់ដែលមានតម្លៃខ្ពស់ជាងគេ គឺនៅតែស្ថិតក្នុងទឹកដីនៃខណ្ឌបឹងកេងកងដដែល។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា មិនថាទោះស្ថិតនៅក្នុងកំណើនសេដ្ឋកិច្ចបែបណានោះទេ តម្លៃដីកណ្តាលរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសប្រចាំប្រទេស នៅតែមានភាពល្អប្រសើរ និងមានតម្រូវការប្រើប្រាស់ជានិច្ច។
លោកឧកញ៉ាបានបញ្ជាក់ទៀតថា “ ជាទូទៅតម្លៃដីក្នុងរាជធានីភ្នំពេញ តែងតែមានការកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់១៥- ២០ភាគរយ”។ លោកបានបញ្ជាក់ថា “បច្ចុប្បន្ននេះ ដីនៅក្នុងខណ្ឌបឹងកេងកង តំបន់ផ្លូវខាងក្នុងអាចមានតម្លៃក្នុងចន្លោះចាប់ពី ៥ ៥០០-៦៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
ដោយឡែកដីដែលស្ថិតនៅជាប់ផ្លូវធំខាងក្រៅ ដូចជាផ្លូវសម្ដេចព្រះនរោត្តម ផ្លូវព្រះសីហនុ ផ្លូវមុនីវង្ស មានតម្លៃចាប់ពី៨,០០០ដុល្លារ រហូតដល់១២,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយនឹងបន្តកើនឡើងទៀត”។
ចំពោះសន្ទស្សន៍នៃតម្លៃដីខាងលើនេះ ក្រុមអ្នកជំនាញបានកំណត់សម្គាល់សម្រា ប់តំបន់កណ្តាលរាជធានីភ្នំពេញ និងតំបន់ជាយក្រុងដែលព័ទ្ធជុំវិញតែប៉ុណ្ណោះ ដោយមិនសំដៅទៅគ្រប់តំបន់ទូទៅនោះទេ៕






