ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ត្រីជើងខ្លាំង២រូប ដែលសុទ្ធតែមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា សម្រាប់ទីផ្សារខុនដូនៅក្នុងឆ្នាំ២០២០នេះ នៅតែបន្តភាពល្អប្រសើរ ទាំងសកម្មភាពអភិវឌ្ឍសាងសង់ ក៏ដូចជាការលក់ផងដែរ។

-->
នៅក្នុងឆ្នាំ២០២០នេះ ទីផ្សារខុនដូនៅកម្ពុជា នៅតែអាចរក្សាបាននូវភាពល្អប្រសើរដដែល មិនថាសកម្មភាពនៃការវិនិយោគ ការសាងសង់ និងការទិញ-លក់ នោះទេ ខណៈដែលវិស័យមួយនេះ នៅក្នុងប្រទេសថៃ កំពុងបង្ហាញសញ្ញាដាំក្បាលចុះគួរឱ្យព្រួយបារម្ភ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតុ CBRE Cambodia លោកស្រី អាន សុធីតាបានលើកឡើងថា ទីផ្សារខុនដូសម្រាប់ឆ្នាំ២០២០នេះ នៅតែមានដំណើរការល្អ ដោយសារមានការផ្គត់ផ្គង់កាលពីចុងឆ្នាំ២០១៩កន្លងទៅ កើនឡើងប្រមាណ២០,០០០ យូនីត ។ លោកស្រីបានបន្តថា ខុនដូប្រភេទកម្រិនសមរម្យ មានតម្លៃចន្លោះពី១២០០ដុល្លារឡើងក្នុងមួយម៉ែត្រការ៉េ និងខុនដូកម្រិតធម្យមមានតម្លៃចាប់ពី១៥០០ ទៅ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ បានដាក់លក់កាលពីចុងឆ្នាំ២០១៩ និងនៅដើមឆ្នាំ២០២០នេះច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅក្នុងស្រុក។

លោកស្រីបានបញ្ជាក់ថា “បច្ចុប្បន្ននេះពលរដ្ឋខ្មែរភាគច្រើន បានងាកមកចាប់អារម្មណ៍ខ្លាំងលើវិស័យខុនដូ។ ប៉ុន្តែសម្រាប់ខុនដូកម្រិតខ្ពស់ ដែលមានតម្លៃចាប់ពី៣ ០០០ ដុល្លារឡើងក្នុងម៉ែត្រការ៉េ គឺជនបរទេសចាប់អារម្មណ៍វិនិយោគច្រើន ហើយភាគច្រើនពិសេសជនជាតិចិន”។ លោកស្រីបន្ថែមថា “និយាយជារួមទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា នៅតែមានទីផ្សារល្អប្រសើរ តាមរយៈកិច្ចសហការជាមួយធនាគារក្នុងផ្តល់ប្រាក់កម្ចី ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងស្រុក”។
ស្រដៀងគ្នានេះ លោកស្រី Grace Rachny Fong នាយិការក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិCentury21 Cambodia យល់ស្របទៅនឹងការលើកឡើងខាងលើ ប៉ុន្តែសម្រាប់អ្នកវិនិយោគ ក៏គួរតែផ្លាស់ប្ដូរនូវយុទ្ធសាស្ត្រថ្មី ដើម្បីជំរុញដល់ការលក់ឱ្យមានកំណើនខ្ពស់។ លោកស្រីបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ ភាគច្រើនអភិវឌ្ឍន៍បានរៀបចំ និងប្ដូរយុទ្ធសាស្ត្រក្នុងការលក់របស់ខ្លួន ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជនរបស់ខ្លួនដោយការធានា ក្នុងការធ្វើឱ្យអតិថិជនទទួលបានចំណេញ បន្ទាប់ពីការទិញយ៉ាងតិចរយៈពេល៣ឆ្នាំក្នុងអត្រាចន្លោះពី៦-៨ ភាគរយ។

លោកស្រីបានបន្តទៀតថា “ការផ្តល់នូវទំនុកចិត្តដល់អតិថិជន ជារឿងមួយសំខាន់បំផុត ក្នុងការជំរុញកំណើនលក់ប្រកបដោយភាពជោគជ័យ ជាពិសេសការធានាអតិថិជនអាចទទួលបានភាគចំណេញដោយការជួយត្រឡប់មកវិញ ហើយយុទ្ធសាស្ត្រនេះអាចដំណើរការបានល្អ ក៏អាស្រ័យជាមួយក្រុមហ៊ុនភ្នាក់ងារ ដែលមានជំនាញក្នុងការរកភ្ញៀវធ្វើជាជំនួយ”។
លោកស្រីGraceបានបន្តទៀតថា អ្នកអភិវឌ្ឍន៍គប្បីពិគ្រោះយោបល់ជាមួយក្រុមហ៊ុនភ្នាក់ងារជំនាញលក់ ទៅលើការរៀបចំរចនា ការចាត់ចំណាត់ថ្នាក់យូនីតនីមួយៗ និងការចាប់យកអតិថិជនគោលដៅរបស់ខ្លួន ទើបមិនប្រឈមនឹងហានិភ័យ៕
