ដោយវុត្ថា
ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានពន្យល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងប្រទេសកម្ពុជារួមមានផ្លូវហាយវ៉េ ផ្លូវជាតិ ផ្លូវលំ និងកំពង់ផែទឹកជ្រៅ។

-->
លោក ស៊ុន ចាន់ថុល នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ និងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលក៏បានកំពុងសាងសង់នូវកំពង់ផែទឹកជ្រៅ ផ្លូវហាវ៉េ និងពង្រីកផ្លូវពី២ គន្លងទៅ ៤ គន្លង ព្រមទាំងសាងសងផ្លូវជាតិសំខាន់ៗជាច្រើនផ្សេងទៀតនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្ត និង សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពង់រីកចំរើន។

លោកថា “មូលហេតុដែលយើងសាងសង់ពង្រីកំពង់ផែ និងពង្រីកផ្លូវនេះ គឺដោយសារតែចរារចរណ៍វាច្រើន ឡានវាច្រើន កាប៉ាល់វាច្រើនចូលមកកម្ពុជារបស់យើង ។ មូលហេតុដែលមានវាច្រើនបែបនេះ ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេស វារីកចំរើន ។ ហេតុដូចម្តេចបានសេដ្ឋកិច្ចវារីកចម្រើនដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព និងកត្តដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា”។
លោកស៊ុន ចាន់ថុលបន្តថា “យើងមិនសាងសង់ផ្លូវ Express Way ឱ្យស្វាដើរនោះទេ។ គេធ្វើផ្លូវល្អដើម្បីដឹកទំនិញលក់ទៅបរទេស និងទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្ពុជា”។
រដ្ឋាភិបាលកម្ពុជាបាននិងកំពុងសាងសង់នូវកំពង់ផែទឹកជ្រៅនៅក្នុងខេត្តព្រះសីហនុមួយទៀត ដែលមានជម្រៅ ១៤ម៉ែត្រកន្លះ ដែលនឹងអាចរួចរាល់នៅក្នុងឆ្នាំ ២០២២ ឬ ២០២៣ ខាងមុខនេះ ដើម្បីអនុញ្ញាត្តិឱ្យក្រុមហ៊ុននាវាធំៗមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះចូលចតបាន។ ជមួយគ្នានេះ រដ្ឋាភិបាលក៏បាននឹងកំពុងពង្រីកផ្លូវទៅជា ៤ គន្លង និងសាងសង់ផ្លូវហាវ៉េ ភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។

លោកបន្តថា ក្រៅពីនេះ រដ្ឋាភិបាលក៏កំពុងសាងសង់កំពង់ផែនៅទីក្រុងភ្នំពេញមួយទៀត ដើម្បីអាចផ្ទុកកុងតឺបានច្រើនបន្ថែមទៀតខណៈបច្ចុប្បន្នកំពង់ផែនរនេះ មានទំហំតូច ហើយមានកុងតឺនើដាក់ពេញអស់ហើយ។
ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែងបង្កើនការស្តារ ការសាងសង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ស្របតាមការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី ៤ នីតិកាលទី ៦ នៃរដ្ឋសភា ដើម្បីជំរុញបានការអភិវឌ្ឍវិស័យសាធារណៈការ និងដឹកជញ្ជូន ដែលប្រកបដោយគុណភាពខ្ពស់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
