ដោយវុត្ថា
សៀមរាបៈ ក្រុមហ៊ុន Minebea Mistumi ដែលជាក្រុមហ៊ុនដ៏ធំរបស់ប្រទេសជប៉ុន បានសម្រេចផ្តល់អំពូលភ្លើងLED នូវចំនួន៥០០អំពូលនៅក្នុងឆ្នាំ២០២០នេះ ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីបំភ្លឺផ្លូវសាធារណៈ ក្នុងគោលដៅប្រែក្លាយក្រុងសៀមរាបជាក្រុងវៃឆ្លាត។

-->
ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការតំឡើងអំពូលភ្លើងLED បំភ្លឺផ្លូវសាធារណៈនៅខេត្តសៀមរាប ចំនួន៥០០អំពូលក្នុងឆ្នាំ២០២០ រវាងរដ្ឋបាល ខេត្តសៀមរាប ជាមួយក្រុមហ៊ុន Minebea Mistumi ប្រទេសជប៉ុន កាលពីថ្ងៃទី១០ខែមករា ម្សិលមិញនេះ លោក ពៅ ពិសិដ្ឋ អភិបាលរងសៀមរាប បានសម្តែងនូវអំណរគុណ ដល់ក្រុមហ៊ុន Minebea Mistumi ដែលបានធ្វើកិច្ចសហប្រតិបត្តិការបានល្អ ជាមួយរដ្ឋបាលខេត្តសៀមរាប។
លោកបន្តថា “ការផ្តល់របស់ក្រុមហ៊ុននេះ ក្នុងគោលបំណងបម្រើនូវចក្ខុវិស័យនាពេលអនាគតរបស់ខេត្តសៀមរាប ក្នុងការលើកកម្ពស់ទីក្រុងប្រវត្តិសាស្ត្រមួយនេះ ឲ្យក្លាយជាទីក្រុងស្អាត សុវត្ថិភាព ងាយស្រួលសម្រាប់អ្នករស់នៅ ដែលជាខេត្តគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត តាមរយៈធ្វើឲ្យប្រសើរឡើង ក្នុងការឆ្ពោះទៅគោលដៅទីក្រុងវៃឆ្លាត”។
លោកបន្តទៀតថា ក្នុងរយៈពេលកន្លងមកក្រុមហ៊ុនបាន ផ្តល់នូវអំពូលភ្លើងLED បំភ្លឺផ្លូវសាធារណៈនៅខេត្តសៀមរាប មានចំនួន១៩៥០អំពូល ដែលបានកំពុងប្រតិបត្តិការ នៅលើដងផ្លូវសំខាន់ៗក្នុងខេត្ត តាមរយៈក្រុមហ៊ុន Minebea Mistumi ហើយក្នុងឆ្នាំ២០២០នេះ ក៏បានផ្តល់នូវចំនួន៥០០អំពូល ក្នុងកិច្ចសហការរឹងមាំពីក្រុមហ៊ុន Minebea Mistumi សាលាខេត្តសៀមរាប និងធ្វើការដំឡើងអំពូលបំភ្លឺផ្លូវសាធារណៈបន្ថែមទៀត ទៅតាមផែនការដែលបានគ្រោងទុក ក្នុងក្រុងសៀមរាប ដើមី្បធានាបាននូវសុវត្ថិភាពចរាចរណ៍ ដល់ភ្ញៀវជាតិ និងអន្តរជាតិរួមទាំងសន្តិសុខទៀតផង។
លោកពៅ ពិសិដ្ឋបានបន្ថែមថា តាមរយៈគម្រោងនេះដែរ ខេត្តក៏ធ្វើការកែលម្អនូវប្រព័ន្ធព័ត៌មានទេសចរណ៍ ឲ្យក្លាយជាទីក្រុងគោលដៅ ទាក់ទាញភ្ញៀវទេសចរណ៍ និង ការអនុវត្តសុវត្ថិភាពចរាចរណ៍ ដោយពង្រឹង និងជួសជុលផ្លូវថ្នល់ដំឡើងអំពូលបំភ្លឺផ្លូវ ព្រមទាំងយកចិត្ត ទុកដាក់លើការងារបរិស្ថាន ដោយប្រើប្រាស់ឧបករណ៍ដែលប្រើប្រាស់ថាមពលមានប្រសិទ្ធភាព ដូបអំពូលបំភ្លឺផ្លូវវៃឆ្លាត និងការគ្រប់គ្រងកាកសំណល់តាមគ្រួសារ និងឧស្សាហកម្ម ដោយធ្វើការណែនាំប្រព័ន្ធគ្រប់គ្រងកាកសំណល់វៃឆ្លាតផងដែរ។

លោក TETSU SHIOZAKI អនុប្រធានក្រុមហ៊ុន Minebea Mistumi បានបញ្ជាក់ថា កម្មវិធីនៃការបំពាក់ប្រព័ន្ធអំពូលបំភ្លឺផ្លូវLED ជាមួយបណ្តាញឥតខ្សែ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ មានប្រសិទ្ធភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយនៅលើពិភពលោក ដែលបណ្តាលមកពីកំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិយាកាស ដូច្នេះទើបត្រូវមានវិធានការជាច្រើនត្រូវបានលើកឡើង ដើម្បីកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់។
លោកក៏បានធ្វើការវាយតម្លៃខ្ពស់ នៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Minebea Mistumi និងរដ្ឋបាលខេត្តសៀមរាប បានដំណើរការទៅដោយរលូន ទាំងការបំពាក់អំពូល និង ការគ្រប់គ្រងថាមពលក្នុងការបំភ្លឺជាដើម។
លោកបានបន្តទៀតថា ដោយបច្ចេកវិទ្យាទំនើបរាល់អំពូលភ្លើង ដែលបានបំពាក់បំភ្លឺនៅតាមដង ផ្លូវក្នុងក្រុងសៀមរាប អាចគ្រប់គ្រងដោយបណ្តាញឥតខ្សែជួយដល់ការបិទ បើកអំពូលបំភ្លឺផ្លូវកាន់តែមានភាពងាយស្រួល ក្នុងការចូលរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយនិងធ្វើការបំពាក់ពង្រីកអំពូលបំភ្លឺផ្លូវ ដែលប្រើប្រាស់ថាមពលមានប្រសិទ្ធិភាព នៅតាមតំបន់ផ្សេងៗនាពេលអនាគត ដោយសហការជាមួយក្រុមហ៊ុន Minebea Mistumi និងរដ្ឋាភិបាលជប៉ុន៕