ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាមួយស្ថានភាពដ៏ប្រសើរនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យសំណង់ បានជំរុញឱ្យកំណើននៃចំនួនអ្នកជំនាញផ្នែកសាងសង់ស្ថាបត្យករមានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ជិត១០០០នាក់ គិតត្រឹមដើមឆ្នាំ២០២០នេះ ។

ភ្ជាប់ជាមួយនឹងភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ច ជាពិសេសភាពរីកចម្រើនក្នុងវិស័យសំណង់ត្រូវបានអន្តរជាតិទទួលស្គាល់ថាកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាបរហ័សជាងបើប្រៀបធៀបជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់។ ជាក់ស្ដែងគិតត្រឹមខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ វិស័យសំណង់បានបង្ហាញពីការកើនឡើងនូវចំនួនគម្រោងសំណង់យ៉ាងច្រើនរហូតដល់ ៤៨៨៨គម្រោង នៅលើផ្ទដីប្រមាណ ២៣ ២៥៧ ៤១៤ ម៉ែត្រការ៉េ ស្មើនឹងតម្លៃប៉ានស្មានប្រមាណ ១១ ៤៣៧ ២៦៧ ១៤៥ ដុល្លារសហរដ្ឋអាមេរិក ខណៈដែលកំណើននៃចំនួនអ្នកជំនាញផ្នែកសាងសង់ស្ថាបត្យករក៏មានការកើនឡើងរហូតដល់ ៨៥៤ រូប ។
ផ្អែកតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៤ រហូដល់ខែធ្នូ ឆ្នាំ២០១៩ ចំនួនស្ថាបត្យករដែលបានចុះបញ្ជីមានចំនួន ៨៥៤រូប (ស្ត្រី៩៥រូប) ដោយក្នុងនោះមានស្ថាបត្យករសញ្ជាតិបរទេសមានចំនួន១៣រូប (សឹង្ហបុរី៣រូប ជប៉ុន២រូប ម៉ាឡេស៊ី៣រូប បារាំង២រូប អង់គ្លេស១រូប រុស្សី១រូប ចិន១រូប និងសាធារណរដ្ឋកូរ៉េចំនួន១រូប)។

លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានបង្ហាញពីក្ដីសាទរចំពោះការកើនឡើងនូវចំនួនអ្នកជំនាញផ្នែកសំណង់ស្របច្បាប់នៅកម្ពុជា ប៉ុន្តែលោកបានបញ្ជាក់ថា ជាមួយកំណើនទាំងអស់នេះហាក់នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដនោះទេ ដែលវាត្រូវទាមទារឱ្យមានគុណភាពជាចម្បង។
លោកបណ្ឌិត តាន់ មុនីវណ្ណ បានបញ្ជាក់ថា “យើងឃើញចំនួនស្ថាបត្យករនៅកម្ពុជាមានការកើនឡើង ប៉ុន្តែជាក់ស្ដែងតម្រូវការនៃការប្រើប្រាស់ពិតប្រាកដភាគច្រើនត្រូវបានម្ចាស់គម្រោង ឬក្រុមហ៊ុនអភិវឌ្ឍន៍តែងនាំយកអ្នកជំនាញមកពីក្រៅស្រុក ដោយហេតុថា អ្នកជំនាញក្នុងស្រុកហាក់នៅមិនទាន់មានភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងគម្រោងសំណង់នៅឡើយ ជាពិសេសពាក់ព័ន្ធទៅនឹងបច្ចេកទេសសាងសង់សំណង់ធំៗ”។ លោកបានបន្តទៀតថា “ទាំងអស់នេះជាបញ្ហាមួយដែលត្រូវតែមានដំណោះស្រាយជាចាំបាច់ក្រោមការចូលរួមពីសំណាក់រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីធ្វើយ៉ាងណាឱ្យគុណភាពនៃអ្នកជំនាញក្នុងស្រុកមានគុណភាព ដែលអាចទទួលយកបាន”៕






