តើអ្នកអភិវឌ្ឍន៍គួរសាងសង់ខុនដូបែបណា ដើម្បីសមស្របនឹងបរិបថសេដ្ឋកិច្ចសង្គម វប្បធម៌កម្ពុជា ?

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ភាព​និយម​ដោយ​ការរស់នៅ​ក្នុង​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ ​ឬ​ជា​ខុន​ដូ​បែប​ទំនើប​នៅពេល​បច្ចុប្បន្ន​នេះ​ ​គឺជា​រស់​និយម​ថ្មី​នៃ​ជីវិត​ ​ដែល​ប្រជាជន​ខ្មែរ​មួយចំនួន​ទើបតែ​ទទួលយក​។​ ​ជាមួយនឹង​ទំនោរ​ថ្មី​នៃ​ការរស់នៅ​បែប​ស៊ីវិល័យ​មួយ​នេះ​ ​តើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គួរ​មានការ​រៀបចំ​ ​រចនា​ ​និង​ការកំណត់​តម្លៃ​ដូចម្ដេច​ ​ដើម្បី​ចាប់​យក​អតិថិជន​ដែល​ជា​ជនជាតិ​ខ្មែរ​?​ ​

​អគ្គនាយក​ក្រុមហ៊ុន​ ​Town​ ​City​ ​Real​ ​Estate​ ​លោក​ ​វ៉ន​ ​ចាន់​ថន​ ​ដែល​កំពុងតែ​មាន​ភាព​មមាញឹក​នៅក្នុង​ទីផ្សារ​លក់​ខុន​ដូ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២០​ ​ខែមករា​ ​ឆ្នាំ២០២០ថា​ ​ចាប់តាំងពី​ដើមឆ្នាំ២០១៩​ ​រហូត​មក​ ​ការ​លក់​ខុន​ដូ​ហាក់​មាន​ភាព​រលូន​ជាង​ឆ្នាំ​មុន​ៗ​ ​ហើយ​អតិថិជន​ភាគច្រើន​គឺជា​ជនជាតិ​ខ្មែរ​ ​ដែល​និយម​ទៅលើ​ប្រភេទ​ខុន​ដូ​តម្លៃ​មធ្យម​។​ ​

​លោក​បាន​បន្ត​ថា​ ​“​ប្រជាជន​ខ្មែរ​បាន​ចាប់ផ្តើម​ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​ការរស់នៅ​ក្នុង​ខុន​ដូ​ជា​បណ្តើរ​ៗ​ហើយ​ ​ប៉ុន្តែ​ភាគច្រើន​ពួកគាត់​មាន​តម្រូវការ​ត្រឹម​ខុន​ដូ​តម្លៃ​ទាប​ ​ឬ​តម្លៃ​មធ្យម​។​ ​ត្រង់​ន័យ​នេះ​ ​មិនមែន​ជនជាតិ​ខ្មែរ​សុទ្ធតែ​មាន​ទំនោរ​ទៅលើ​តែ​ប្រភេទ​ខុន​ដូ​តម្លៃ​មធ្យម​ ​ឬ​តម្លៃ​ទាប​នោះ​ទេ​ ​ប៉ុន្តែ​ដោយសារតែ​កម្រិត​នៃ​លទ្ធភាព​ ​ដែល​មិន​ស័ក្ដិសម​ទៅ​នឹង​ខុន​ដូ​ដែល​មានតម្លៃ​ថ្លៃ​”​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​គួបផ្សំ​ជាមួយនឹង​ការកំណត់​ទាប​លើ​ការសាងសង់​ដែល​តម្រូវ​តាម​តម្រូវការ​ទីផ្សារ​នេះ​ ​អភិវឌ្ឍន៍​ក៏​ត្រូវតែ​មានការ​យកចិត្ត​ទុកដាក់​ទៅលើ​ការ​ជ្រើសរើស​ទីតាំង​ផង​ដែរ​ ​ដែល​វា​នៅ​មិន​អាច​ស្ថិតនៅ​ក្នុង​កណ្តាល​ក្រុង​ ​ឬ​ឆ្ងាយ​ពី​ក្រុង​ពេក​នោះ​ទេ​ ​ប៉ុន្តែ​អាច​សមស្រប​ទៅ​នឹង​ការរស់នៅ​ ​និង​ងាយស្រួល​ធ្វើដំណើរ​ចេញចូល​ក្រុង​”​។​ ​

​អគ្គនាយក​ក្រុមហ៊ុន​ ​ERA​ ​Cambodia​ ​លោក​ ​ខន​ ​គង្គា​ ​បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃជា​មួយ​គ្នា​ផង​ដែរ​ ​“​មិនថា​ចំពោះតែ​ជនជាតិ​បរទេស​ ​ឬ​ជនជាតិ​ខ្មែរ​នោះ​ទេ​ ​គឺ​សុទ្ធតែ​ចង់បាន​កន្លែង​រស់នៅ​ស្អាត​ ​ធំ​ទូលាយ​ ​មាន​ទីតាំង​ល្អ​ ​ហើយ​មានតម្លៃ​ថោក​ ​ហើយ​ចំណុច​ទាំងអស់​នេះ​ហើយដែល​ជា​រឿង​លំបាក​របស់​អ្នក​អភិវឌ្ឍន៍​”​។​ ​លោក​បាន​បន្ត​ថា​ ​“​អ្វី​ដែល​អ្នក​អភិវឌ្ឍន៍​ត្រូវ​ធ្វើ​គឺ​ការ​ព្យាយាម​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​ ​ប៉ុន្តែ​មានគុណ​ភាព​ ​សោភ័ណភាព​ដែល​អាច​ទទួលយក​បាន​ ​ជាពិសេស​ ​ការ​ចេះ​ជ្រើសរើស​ទីតាំង​”​។​ ​



​លោក​ ​ខន​ ​គង្គា​ ​បាន​បញ្ជាក់​ថា​ ​“​សម្រាប់​ទីផ្សារ​ខុន​ដូ​តម្លៃ​ទាប​ ​ឬ​តម្លៃ​សមរម្យ​ ​អ្នក​អភិវឌ្ឍន៍​មិន​អាច​ជ្រើសរើស​យក​ទីតាំង​សាងសង់​ស្ថិតនៅ​ក្នុង​តំបន់​បឹងកេងកង១​ ​បាន​នោះ​ទេ​ ​ប៉ុន្តែ​គេ​អាច​រក​ទីតាំង​ជំនួស​បាន​ដូចជា​នៅ​ប៉ែក​ខាងត្បូង​ក្រុង​ ​ដែល​ស្ថិតនៅ​ក្បែរផ្លូវ៦០ម៉ែត្រ​ ​ផ្លូវ៥០​ ​ម៉ែត្រ​ ​ឬ​តំបន់​ក្បែរ​គ្នា​ ​ដែល​តម្លៃ​ដី​នៅ​មានឱកាស​វិនិយោគ​នៅឡើយ​។​ ​ក្រៅពី​នេះ​ ​អ្នក​អភិវឌ្ឍ​ក៏​ត្រូវ​ពិចារណា​ពី​ឥរិយាបទ​ ​និង​ទំនោរ​នៃ​ការរស់នៅ​អតិថិជន​គោលដៅ​។​ ​ប្រសិនបើ​អតិថិជន​គោលដៅ​ជា​ជនជាតិ​ខ្មែរ​ ​គួរ​រចនា​បន្ទប់​តាមរបៀប​ខ្មែរ​ ​ដែល​អាច​ទទួលយក​បាន​”​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​“​ប្រជា​ជា​ន​ខ្មែរ​ ​មានទម្លាប់​រស់នៅ​បែប​ទូលាយ​ ​ប៉ុន្តែ​មិន​មានការ​រចនា​សាំ​ញាំ​ពេក​នោះ​ទេ​ ​ដែល​ផ្ទុយពី​ការរស់នៅ​បែប​លក្ខណៈ​ជនជាតិ​ចិន​ ​និង​ជនជាតិ​ជប៉ុន​ទាំងស្រុង​ ​ប៉ុន្តែ​វា​ក៏​ត្រូវ​ទាមទារ​ឱ្យ​មាន​បែបបទ​នៃ​ភាព​ស៊ីវិល័យ​ផង​ដែរ​”​។​ ​

​តាម​របាយការណ៍​ដែល​សិក្សា​ដោយក្រុម​ហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​ ​CBRE​ ​Cambodia​ ​ដែល​ចេញ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​បាន​ព្យាករណ៍​ថា​ ​នៅ​ឆ្នាំ២០២០នេះ​ ​ការ​ផ្គត់ផ្គង់​ចំនួន​ខុន​ដូ​តម្លៃ​ទាប​ ​និង​មធ្យម​ ​នឹង​ចូលរួម​ចំណែក​នៅក្នុង​ទីផ្សារ​រួម​រហូតដល់​ប្រមាណ៣០ភាគរយ​ ​ដែល​ភាគច្រើន​អតិថិជន​ដែល​មាន​តម្រូវការ​គឺជា​ជនជាតិ​ខ្មែរ​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here