ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលដែលទីផ្សារលំនៅដ្ឋាន ចាប់ផ្តើមងាកមកកាន់ទីផ្សារសម្រាប់ប្រជាជនមានប្រាក់ចំណូលទាប និងមធ្យម លោកជា សុផារ៉ាបានស្នើឲ្យអ្នកអភិវឌ្ឍន៍នានា ងាកមកជួយគិតគូវិនិយោគលើលំនៅ ដ្ឋានមានតម្លៃទាបឲ្យបានកាន់តែច្រើន។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា បើសិនជាអាចអ្នកអភិវឌ្ឈន៍ក្នុងវិស័យលំនៅ ដ្ឋាននានា ជួយវិនិយោគលើលំនៅដ្ឋានមានតម្លៃទាប ដើម្បីជួយដល់អ្នកធ្វើការក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង និងក្រុមប្រជាពលរដ្ឋផ្សេងៗទៀតជាការប្រសើរ។ បច្ចុប្បន្នក្នុងមួយឆ្នាំយើង ត្រូវការលំនៅដ្ឋានប្រមាណ១ម៉ឺនខ្នង ហើយតម្រូវការនេះគិតតែក្រុមប្រជាជនរស់នៅទីក្រុង និងទីប្រជុំជនប៉ុណ្ណោះ។
-->
លោកបន្តថា “ខ្ញុំមិនមែនជំរុញឲ្យអ្នកអភិវឌ្ឍន៍ សាងសង់លំនៅដ្ឋានតម្លៃទាប នៅជិតសហគមន៍អ្នកមានជីវភាពធូរធារ ដែលធ្វើឲ្យខូចបរិយាកាសសហគមន៍នោះទេ ប៉ុន្តែគួរសាងសង់លំនៅដ្ឋានតម្លៃទាបនៅជាយក្រុងបន្តិច”។លោកបន្តថា “ខ្ញុំជឿថាបើសាងសង់ផ្ទះ ដែលមានរចនាសម្ព័ន្ឋសមស្រប និងមិនមានការដេគ័រច្រើន មិនមានការបំពាក់សម្ភារៈបរិក្ខាច្រើន គឺអាចលក់ក្នុងតម្លៃទាបបាន”។

ប៉ុន្តែលោកជា សុផារ៉ាមិនបញ្ជាក់ឲ្យដឹងពីលំនៅដ្ឋានតម្លៃទាប គួរមានតម្លៃប៉ុន្មានជាក់លាក់នោះទេ។
លោកជា សុផារ៉ាបានបន្តថា យើងគួរផ្តោតលើកម្មកររោងចក្រ ដែលពួកគេមានប្រាក់ខែ១៧០ដុល្លារ អាចលៃលក៨០ទៅ១០០ដុល្លារក្នុងមួយខែបង់ថ្លៃផ្ទះបាន ព្រោះបើពួកគេជួលផ្ទះគេតម្លៃ៥០ដុល្លារក្នុងមួយខែ រយៈពេល១០ឆ្នាំឬ២០ឆ្នាំ ក៏នៅតែជាផ្ទះរបស់គេ។លោកបន្តថា ប្រជាជនកម្ពុជា១,២លាននាក់បានធ្វើចំ
ណាកស្រុក និងបានផ្ញើរប្រាក់២០០០លានដុល្លារក្នុងមួយឆ្នាំ ត្រលប់មកប្រទេសវិញ ហេតុនេះអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននានា គួររកឳកាសធ្វើយ៉ាងណាធ្វើការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីទទួលបានសាច់ប្រាក់ទាំងនោះយកមកប្រើប្រាស់ ហើយអាចឲ្យអ្នកធ្វើការនៅក្រៅប្រទេស មានឳកាសទិញលំនៅដ្ឋានបាន។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានថ្លែងថា ការលក់លំនៅដ្ឋានតម្លៃខ្ពស់ ហាក់មានភាពយឺតយ៉ាវបន្តិច ហេតុនេះលោកបាន និងកំពុងត្រៀមវិនិយោគលំនៅដ្ឋានតម្លៃទាប នៅជាយក្រុងភ្នំពេញផងដែរ ដោយសារក្រុមប្រជាពលរដ្ឋ មានប្រាក់ចំណូលទាបនៅមានចំនួនច្រើន ហើយតម្រូវការលំនៅដ្ឋានតម្លៃទាប មានតម្រូវការច្រើននៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ។
លោកឧកញ៉ាបានយល់ស្រប នឹងការលើកឡើងរបស់លោកជា សុផារ៉ាដែលកម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ១ម៉ឺនខ្នងក្នុងមួយឆ្នាំ។

បច្ចុប្បន្នក្រុមហ៊ុនបួនកំពុងវិនិយោគ លើលំនៅដ្ឋានមានតម្លៃទាបនេះរួចហើយ ដូចជា ក្រុមហ៊ុនWorld Bridge Land ដែលកំពុងវិនិយោគលើលំនៅដ្ឋាន តម្លៃទាបស្ថិតនៅភាគខាងត្បូងក្រុងភ្នំពេញ ក្រុមហ៊ុនប៊ុនជេស្ឋបានវិនិយោគលើលំនៅដ្ឋានតម្លៃទាបនៅក្នុងសង្កាត់ព្រែកតាទែន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុងភ្នំពេញ ក្រុមហ៊ុន ARAKAWA Cambodia Co, Ltd កំពុងវិនិយោគលំនៅដ្ឋានសហកម្មសិទ្ឋ (ខុនដូ)តម្លៃទាប នៅក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ និងក្រុមហ៊ុនបុរីវិមានភ្នំពេញ បានវិនិយោគលំនៅដ្ឋាន មានតម្លៃទាបនៅក្នុងសង្កាត់បាក់ខែង តាមបណ្តោយផ្លូវជាតិលេខ៦អា។
លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ឲ្យដឹងថា នៅពេលខាងមុខឆាប់ៗនេះ លោកនឹងវិនិយោគលំនៅដ្ឋានតម្លៃទាប ជាគំរោងធំមួយទៀតនៅតាមបណ្តោយផ្លូវជាតិលេខ៦អាផងដែរ ដោយសារលោកមើលឃើញតម្រូវការកើនឡើង សម្រាប់លំនៅដ្ឋានប្រភេទនេះ៕









