ដោយ គង់ សូរិយា
ភ្នំពេញ៖ ជាមួយនឹងកំនើនប្រជាសាស្ត្រ និងកំនើននៃអ្នកវិនិយោគបានធ្វើឲ្យទីក្រុងបាវិតកំពុងប្រែប្រួលមុខមាត់ថ្មី តាមរយៈការកើនឡើងនូវសកម្មភាពពាណិជ្ជកម្ម និងការកើនឡើងនូវរោងចក្រសហគ្រាសនានា។
នាយករដ្ឋបាលសាលាក្រុងបាវិត លោកប៉ែន ភារ៉ុនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៣ មិនានេះថា បច្ចុប្បន្នក្រុងបាវិតមានសកម្មភាពរសរវើកឡើងវិញ ដោយចំនួនមនុស្សរស់នៅបានកើនដល់ជាង៥០,០០០នាក់ ដែលធ្វើឲ្យសកម្មភាពក្នុងវិស័យអចលទ្រព្យមានភាពពុះកញ្ជ្រោលខ្លាំង លើការពុះដីឡូត៍លក់ និងសកម្មភាពមួយចំនួនទៀត។លោកបន្តថា សកម្មភាពនិងតម្លៃអចលនទ្រព្យ ចាប់ផ្តើមមានការប្រែប្រួល ហើយ ប៉ុន្តែតម្លៃមិនទាន់កើនឡើងខ្លាំងនៅឡើយទេ។
-->
លោកបន្តថា ទីក្រុងបាវិតមានទំហំផ្ទៃដី២០៦,៦៩គីឡូម៉ែត្រការ៉េ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ និងមានរោងចក្រចំនួន៥៦កំពុងដំណើរការ មានសណ្ឋាគារ និងកាស៊ីណូចំនួន១២កំពុងដំណើរការ និងមួយកំពុងសាងសង់។

លោកប៉ែន ភារុនបានបន្តថា “បច្ចុប្បន្នការវិនិយោគកើនឡើងក្នុងទីក្រុងនេះទាំងសកម្មភាពពាណិជ្ជកម្ម រោងចក្រសហគ្រាស និងវិស័យអចលនទ្រព្យ។
លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអ្នកមានស្រុកកំនើតនៅទីក្រុងបាវិត ខេត្តស្វាយរៀង ព្រំប្រទល់ប្រទេសវៀតណាម បានថ្លែងឲ្យដឹងផងដែរថា មួយរយៈចុងក្រោយនេះ ទីក្រុងបាវិត មានសកម្មភាពអភិវឌ្ឍន៍ច្រើន ដោយសារបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួនប្រាំនៅក្នុងទីក្រុងនេះ ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ពិសេសការចូលទៅវិនិយោគរបស់ជនជាតិចិន កាន់តែច្រើននៅក្នុងទីក្រុងនេះ ដែលធ្វើឲ្យសកម្មភាពពាណិជ្ជកម្មមានភាពរសរវើក។

លោកបន្តថា “បច្ចុប្បន្នគេអាចសាងសង់ផ្ទះជួលបាន សាងសង់ផ្ទះលក់ក៏បាននិងសាងសង់ផ្សារក៏បាន និងមានសកម្មភាពពុះដីឡូត៍លក់ច្រើន ដោយសារមានប្រជាពលរដ្ឋរស់នៅច្រើននៅក្នុងទីក្រុងនេះ។លោកបន្តថា “ដោយសារសកម្មភាពពាណិជ្ជកម្មកើនឡើង បានធ្វើឲ្យតម្លៃដីធ្លីកើនឡើងទ្វេរដង ធៀបនឹងឆ្នាំមុន ជាអ្វីដែលប្រជាពលរដ្ឋរស់នៅទីក្រុងនេះ កំពុងរីករាយនឹងសកម្មភាពអភិវឌ្ឍន៍របស់ក្រុងជាយដែននេះ។

បច្ចុប្បន្នតម្លៃដីធ្លីនៅក្រុងបាវិត មានចន្លោះពី២០០ទៅ៣០០ដុល្លារសម្រាប់តំបន់ជាប់ផ្លូវជាតិ និងតំបន់ពាណិជ្ជកម្ម។ តំបន់ឧស្សាហកម្មមានតម្លៃចន្លោះពី៣០ទៅ៥០ដុល្លារអាមេរិក និងតំបន់ស្ថិតនៅឆ្ងាយពីផ្លូវជាតិមានតម្លៃចន្លោះពី៥ ទៅ២០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះប្រែប្រួលអាស្រ័យទីតាំង និងទំហំដីជាក់ស្តែង។នេះបើ់តាមលោកគីម ហ៊ាង។
លោកបន្តថា ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍ និងកំនើននៃការវិនិយោគបច្ចុប្បន្នមានកាស៊ីណូ និងសណ្ឋាគារថ្មីៗជាច្រើនកំពុងសាងសង់បន្ថែមទៀត ខណៈ ពីមុនមកមានកាស៊ីណូមួយចំនួនបានបិទទ្វារ ប៉ុន្តែពេលនេះពួកគេបានបើកដំណើរការឡើងវិញអស់ហើយ។
នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល ឆ្នាំ២០១៥ ២០២៥ រដ្ឋាភិបាលបានដាក់ទីក្រុងបាវិត និងក្រុងប៉ោយប៉ែតជាតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ការសម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន និងការទាក់ទាញការវិនិយោគពីអ្នកវិនិយោគនៅប្រទេសជិតខាង ហើយប្រើប្រាស់ទីក្រុងនេះជាទីតាំងស្តុកទំនិញ និងផ្លាស់ប្តូរពាណិជ្ជកម្ម៕










