ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ អស្ចារ្យសម្រាប់ខេត្តព្រះសីហនុ ដែលសណ្ឋាគារ The Meridian លំដាប់ពិភពលោក នឹងបង្ហាញខ្លួននៅទីក្រុងនេះ ជាមួយនឹងកំពស់ខ្ពស់ជាងគេនិងមានរចនាបស្ថាបត្យកម្មដ៏ទាក់ទាញ។
យោងតាមសារព៌តមានបរទេសបានឲ្យដឹងថា ក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោក Marriott International បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Grand Lion Group ដើម្បីសាងសង់សណ្ឋាគារកំពស់៥៨ជាន់ មានបន្ទប់សរុបចំនួន៣៨៨បន្ទប់ និងគ្រោងចំណាយទឹកប្រាក់វិនិយោគ២០០លានដុល្លារអាមេរិក។ តាមកិច្ចព្រមព្រៀងសណ្ឋាគារនេះ នឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំក្រោយ និងគ្រោងបញ្ចប់នៅឆ្នាំ២០២២។
-->
Le Meridian ជាផ្នែកមួយនៃគំរោង The Gold Cost ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុដ៏រីកចម្រើននេះ។ គំរោងនេះ រួមបញ្ចូលនូវភោជនីយដ្ឋាន Sky bar កន្លែងហាត់ប្រាណ បន្ទប់ប្រជុំ ក្លឹបរាត្រីជាដើម។
យោងតាមព៌តមាន TTR Weekly បានឲ្យដឹងទៀតថា គំរោងនេះត្រូវបានគូប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម មានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ និងសាងសង់ដោយក្រុមហ៊ុន Nath Land Development ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Grand Lion Group និងវិនិយោគដោយក្រុមហ៊ុន Courtyard By Marriott Siem Reap Resort។
ការសាងសង់សណ្ឋាគារនេះ ដើម្បីឆ្លើយតបនឹងកំនើនអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលបានទៅទស្សនាខេត្តនេះ កើនឡើងជាលំដាប់ ខណៈខេត្តនេះបច្ចុប្បន្នមានសណ្ឋាគារ និងផ្ទះសំណាក់សរុបជិត១ម៉ឺនបន្ទប់រួចទៅហើយ។
លោកតាំង សុចិត្រគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុបានថ្លែងថា ខេត្តព្រះសីហនុកំពុងខ្វះបន្ទប់គេង ពិសសថ្ងៃចុងសប្តាហ៍ ដោយសារការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិន ប៉ុន្តែនៅដំណាច់ឆ្នាំនេះមានសណ្ឋាគារលំដាប់ផ្កាយប្រមាណ១០ទៀត និងមានបន្ទប់ប្រមាណ១០០០ទៀតនឹងដាក់ដំនើរការ។លោកបន្តថា លើសពីនេះនៅឆ្នាំ២០១៩ សណ្ឋាគារផ្កាយប្រាំប្រមាណ៥ទៀត ក៏នឹងបើកដំណើរការនៅខេត្តនេះផងដែរ។
លោកបន្តថា “យើងស្វាគមន៍ការវិនិយោគថ្មីៗ សម្រាប់ទឹកដីនេះ ដើម្បីបង្កើនការអភិវឌ្ឍន៍ ទាក់ទាញអ្នកវិនិយោគ និងអ្នកភ្ញៀវទេសចរណ៍អន្តរជាតិនានា”៕










