ដោយ វុត្ថា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីព៌តមាន និងគំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលតភ្ជាប់រវាងខេត្តកណ្តាល និងរាជធានីភ្នំពេញ។
អភិបាលរងខេត្តកណ្តាល លោកគង់ សោភ័ណ្ឌបានមានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំទាក់ទងនឹងគំរោងសាងសង់ផ្លូវនេះថា គម្រោងនេះមានផ្លូវប្រវែង៤៧.៦០៨គឺឡូម៉ែត្រ ដែលវាជាគម្រោងមួយ ក្នុងចំណោមគម្រោងអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា តាមរយៈការសិក្សាពីសមិទ្ធិផលលទ្ធផល បានបង្ហាញឲ្យដឹងថា បើគម្រោងនេះត្រូវបានសាងសង់ នឹងធ្វើឲ្យប្រសើរឡើងបណ្តាញផ្លូវជាតិនៅកម្ពុជា ពង្រឹង និងពន្លឿនការអភិវឌ្ឍន៏ក្រុង និងចូលរួមសំរេចផែនការរួមរបស់រាជធានីភ្នំពេញ ក្នុងការកែលំអរបណ្តាញផ្លូវក្រវ៉ាត់ក្រុង កាត់បន្ថយការកកស្ទះចររាចរណ៏នៅតំបន់ទីប្រជុំជន និងចូលរួមក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ។
-->

ទាក់ទងនឹងទីតាំងភូមិសាស្រ្ត មន្រ្តីជានខ្ពស់ខេត្តកណ្តាលបានឲ្យដឹងថាគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ (ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិ២១) លាតសន្ធឹងលើឃុំ-សង្កាត់ចំនួន១៧ នៃស្រុកចំនួន៣ ក្នុងខេត្តកណ្តាល និងខ័ណ្ឌចំនួន២របស់រាជធានីភ្នំពេញ។ គម្រោងនេះ ចាប់ផ្តើមពីPK១៦+៨០០ ផ្លូវកប់ស្រូវ សង្កាត់ចោមចៅ ខ័ណ្ឌពោសែនជ័យ រាជធានីភ្នំពេញ និងបញ្ជប់គឺចំនុចប្រសព្វPK៦៤+៤០៨ និងផ្លូវជាតិលេខ១ នៅភូមិកណ្តាលលើឃុំបន្ទាយដែក ដីឥដ្ឋ កំពង់ស្វាយ និងឃុំឈើទាល ស្រុកកៀនស្វាយ។
គំរោងនេះក៏ឆ្លងកាត់ស្រុកស្អាងងដែរ រួមមានមាន ឃុំកោះអន្លង់ចិន សិត្បូ រកាខ្ពស់ ស្រុកកណ្តាលស្ទឹងមានឃុំកណ្តោក ជើងកើប និងឃុំព្រះពុទ្ធ។
នៅរាជធានីគម្រោងនេះ ផ្លូវឆ្លងកាត់ខ័ណ្ឌដង្កោ រួមមាន សង្កាត់គងនយ សាក់សំពៅ ពងទឹក ប្រទះឡាង។ ខ័ណ្ឌពោសែនជ័យ មានសង្កាត់ភ្លើងឆេះរទះ កន្ទោក និងចោមចៅ។
គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ក៏មានការសាងសង់ស្ពានអាកាសកាត់ផ្លូវជាតិលេខ៤ លេខ៣ និងលេខ២១ និងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចំនួន១០ នៅស្រុកស្អាង និងស្រុកកៀនស្វាយ ដែលមានទទឹង២៥ម៉ែត្រ និងក្រាលកៅស៊ូអ៊ុត (ASphaltconcrete) និងមានលូ១០១កន្លែង ដែលមានលូ២ប្រភេទគឺប្រភេទលូមូលចំនួន២៨កន្លែង មុខកាត់ជាមធ្យម១,៦០m ប្រភេទលូជ្រុងចំនួន៧៣កន្លែងមុខកាត់ជាមធ្យម៣ម៉ែត្រផងដែរ៕










