ដោយ ហ្សូលី
សៀមរាបៈ ផ្លូវសម្រាប់ជិះកង់ស្ថិតនៅក្នុងតំបន់ប្រាសាទអង្គរវត្ត បានស្ថាបនាក្នុងលទ្ធផលប្រមាណ៦០ភាគរយហើយ បើទោះបីជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺCovid-19 ក៏ដោយ។ នេះបើតាមឱ្យដឹងពីមន្ត្រីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ មេសា ឆ្នាំ ២០២០នេះ។
មន្រ្តីអាជ្ញាធរជាតិអប្សរាបានអោយដឹងថា ផ្លូវជិះកង់នេះ ជាសមិទ្ទផលថ្មីសំរាប់ភ្ញៀវទេសចរជិះកង់កំសាន្ត និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ សិស្សានុសិស្សធ្វើដំនើរ ពិសេសលើកកម្ពស់សោភ័ណ្ឌភាពរមណីដ្ឋានអង្គរ។ ផ្លូវនេះមានប្រវែងសរុប២៣,២គីឡូម៉ែត្រ គឺនៅជុំវិញតំបន់អង្គរជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រដោយអាចធ្វើដំណើរប ញ្ជ្រាស់គ្នាបាន និងមានចង្អូររំដោះទឹកសងខាង។
អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានមានប្រសាសន៍ឲ្យដឹងថា ការស្ថាបនាផ្លូវកង់នេះ អាជ្ញាធរជាតិអប្សរាបានគិតគូរជាចម្បង លើការអភិរក្សបុរាណដ្ឋាន ដោយគ្មានការជីកកាយដីជ្រៅ និងប្រើជើងតាងអំពីបេតុង ត្រង់កន្លែងមានស្ពានឡើយ ដោយគិតដល់បរិស្ថាន និងទេសភាពវប្បធម៌ ពិសេសបញ្ចៀសផលប៉ះពាល់ដល់ព្រៃឈើដែលមានស្រាប់។
លោកបន្តថា “អាជ្ញាធរជាតិអប្សរា បានគិតដល់សុវត្ថិភាពត្រង់ចំណុចឆ្លងកាត់ និងផ្លូវបំបែក ដោយបានរៀបចំរបាំងផ្លូវបំបែក និងដាក់ស្លាកសញ្ញាហាមឃាត់ម៉ូតូឆ្លងកាត់”។ លោកបន្តថា “មកដល់ពេលនេះអាជ្ញាធរជាតិអប្សរា កំពុងតែពន្លឿននៅការសាងសងផ្លូវកង់នេះ ដោយបានចាក់ដី និងឈូសឆាយដីសំរេចបានជិត៦០ភាគរយហើយ ដើម្បីធ្វើយ៉ាងណាសម្រួលចរាចរណ៍ដល់ទេសចរជិះកង់ ជាពិសេសកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវធំផងដែរ”។
ដូចនេះកិច្ចការងារនៅក្នុងពេលបច្ចុប្បន្ន គឺត្រូវសម្រុកក្នុងការបង្ហាប់ដី ផ្ទៃខាងលើនៃផ្លូវកង់ អោយមានសុវត្តិភាពល្អប្រសើរក្នុងការជិះ។
ផ្លូវជិះកង់នេះ មានភាពបត់បែនតាមធម្មជាតិ និងបត់បែនតាមដើមឈើតូចធំ ចាប់ពីចំណុចផ្លូវលំក្បែរកន្លែងត្រួតពិនិត្យសំបុត្រចាស់ លើផ្លូវហ្សាលដឺហ្គោល កាត់តាមក្រោយអង្គរវត្ត កាត់តាមប្រាសាទក្រវ៉ាត់ ឆ្ពោះទៅខាងកើតប្រាសាទបន្ទាយក្ដី កាត់តាមប្រាសាទតាព្រហ្ម រហូតដល់ស្ពានប្រាសាទតាកែវ។
ចំណែកផ្លូវកង់វង់ធំវិញផ្តើមពីស្រះស្រង់ កាត់តាមប្រាសាទប្រែរូប រហូតដល់ខ្លោងទ្វារដីឆ្នាំង ដោយភាគច្រើននៅក្នុងព្រៃ។ ហើយផ្លូវកង់នេះគឺមិនអនុញ្ញាតអោយឡាន ឬម៉ូតូ ឆ្លងកាត់បានឡើយ៕